រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ក្រសួងមហាផ្ទៃ បានណែនាំដល់ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ស្ដីពីវិធានការ គ្រប់គ្រងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ដោយ រស់ ជីវិនចំនួនទស្សនា (152)

ក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីពង្រឹងការគ្រប់គ្រង ការសម្របសម្រួល និងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនគោកកម្ពុជា-ថៃ ឱ្យបានហ្មត់ចត់សំដៅចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្រសួងមហាផ្ទៃបានស្នើដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ចាត់ចែងអនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម៖

ក-សម្រាប់រដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ
ត្រូវបង្កើតក្រុមការងារមួយ ដើម្បីទទួលខុសត្រូវសម្របសម្រួល និងដឹកនាំការងារទទួលប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ និងធ្វើការទំនាក់ទំនង សម្របសម្រួលជាមួយអាជ្ញាធរខេត្ត និងកងកម្លាំងមានសមត្ថកិច្ចនៅប្រទេសថៃ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលបានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ហើយត្រូវសហការជាមួយសមត្ថកិច្ចប្រចាំច្រកព្រំដែន ដើម្បីអនុវត្តវិធានការចត្តាឡឺស័ក ក្នុងការត្រួតពិនិត្យសុខភាព និងគ្រប់គ្រងប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនចូលមកប្រទេសកម្ពុជាផងដែរ និងត្រូវរៀបចំ កន្លែងស្នាក់នៅបណ្ដោះអាសន្ន ស្បៀង គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងបុគ្គលិកពេទ្យ ដើម្បីជួយឧបត្ថម្ភគាំទ្រ និងថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលដែលពួកគាត់ស្នាក់នៅបណ្ដោះអាសន្ននៅតំបន់ព្រំដែន ដើម្បីរង់ចាំត្រឡប់ ទៅលំនៅឋានរៀងខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ ទារក ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺ ព្រមជាមួយគ្នានោះត្រូវចាត់ចែងកម្លាំងធានាការពារសុវត្ថិភាពនិងទ្រព្យសម្បត្តិ របស់ពួកគាត់ផងដែរ ហើយត្រូវស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកវិញ និងផ្ដល់ព័ត៌មានជូនដល់រដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ដើម្បីចូលរួមសហការចាត់ចែងទទួលដឹកជញ្ជូនគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនប្រកបដោយសុវត្ថិភាព។

ខ-សម្រាប់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្កើតក្រុមការងារមួយ ដើម្បីទទួលខុសត្រូវ និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ និងត្រូវទាក់ទងចូលរួមសហការ ជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ដើម្បីជួយឧបត្ថម្ភដោះស្រាយ ដល់ការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលមានលំនៅដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាសុវត្ថិភាព សុខភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់ព្រមទាំងរក្សាបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយផងដែរ ព្រមជាមួយគ្នានោះ អាជ្ញាធរភូមិ ឃុំ សង្កាត់ ទាំងអស់ត្រូវណែនាំ និងផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងការអនុវត្តន៍វិធានការដាក់ខ្លួនឱ្យដាច់ដោយលែករយៈពេល ១៤ថ្ងៃ ឱ្យស្របតាមនីតិវិធីបានកំណត់ដោយក្រសួង សុខាភិបាល ហើយអាជ្ញាធរមូលដ្ឋានទាំងអស់ ក៏ត្រូវសហការគ្នាបង្កើនសកម្មភាពផ្សព្វផ្សាយតាមគ្រប់រូបភាព ឲ្យបានទៅដល់ប្រជាពលរដ្ឋទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បង្ការជំងឺគូវីត-១៩នៅមូលដ្ឋានរៀងៗខ្លួនផងដែរ៕

ប្រភពទិន្នន័យ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន