រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ដើម្បីពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាព នៃការអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនខេម៉ាហ្រ្គា អិនវេមេនគ្រុប នៅស្រុកស្រែអំបិល ខេត្តកោះកុង។

ដោយ ហេង គីមឆនចំនួនទស្សនា (306)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ដើម្បីពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាព នៃការអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនខេម៉ាហ្រ្គា អិនវេមេនគ្រុប នៅស្រុកស្រែអំបិល ខេត្តកោះកុង។

ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានជម្រុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ ធ្វើការដាំដុះដើមឈើឡើងវិញ សម្រាប់បង្កើនគម្របព្រៃឈើ ការពារនូវការហូរច្រោះនូវគុណភាពដី និងដើម្បីបម្រើឱ្យវិស័យឧស្សាហកម្មឈើកែច្នៃ វិស័យសំណង់ និងគ្រឿងសង្ហារឹម ដែលកំពុងមានតម្រូវការខ្ពស់។

លោក សឹម ស៊ីនួន នាយកបច្ចេកទេស បានរាយបាយការណ៍ ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថាក្រុម ហ៊ុនខេម៉ាហ្រ្គា អិនវេមេនគ្រុប បានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍឧស្សាហកម្មឈើដាំលើដី សម្បទានសេដ្ឋកិច្ចចំនួន ៨,០០០ ហិកតា ក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពត។ បច្ចុប្បន្នដាំបាន ៥,០០០ហិកតា ជាឈើអាកាស្យាដោយប្រើពលកម្មចំនួន ៤៥០នាក់។ ការបង្កាត់បន្តពូជតាមរយ:ការកាត់ត្រួយបណ្តុះដាំ ដោយក្នុង ១ខែអាចបណ្តុះកូនបាន ៤៥០ ពាន់កូន។ ក្រុមហ៊ុនក៏មានរោងសិប្បកម្មកែច្នៃក្តាបន្ទះសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។ ក្រៅពីការដាំដុះឈើ ក្រុមហ៊ុនសហការជាមួយគម្រោងកម្មវិធី ផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកសកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផលិតផ្ទះសំណាញ់ផ្តល់ឱ្យសហគមន៍ដាំបន្លែនៅទូទាំងប្រទេស។ បន្ទាប់ពីបានអញ្ជើញពិនិត្យខ្សែច្រវាក់ផលិតកម្មបណ្តុះកូនឈើ និងរោងសិប្បកម្មច្រៀកឈើជាបន្ទះៗ និងផ្ទះសំណាញ់រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន និងជាពិសេសបាននាំយកបច្ចេកវិទ្យាដាំបន្លែក្នុងផ្ទះសំណាញ់ ការប្រើប្រព័ន្ធដំណក់ទឹក។ល។ មកផ្សព្វផ្សាយជូនកសិករ ដែលបច្ចេកវិទ្យានេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យផលិតកម្មបន្លែសុវត្ថិភាពនាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសហការជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ដើម្បីពន្លឿនសកម្មភាពលើការងារដាំដុះឲ្យគ្រប់តាមផែនការដែលបានគ្រោងទុក។ គួរសិក្សាពីការប្តូរ ឬសាកពិសោធន៍ពូជអាកាស្យាថ្មី ដែលមានទិន្នផលខ្ពស់ ប្រើពេលតិច និងលូតលាស់លឿន ក្នុងទិសដៅធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់ផលិតផលឈើដាំឧស្សាហកម្មលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួតប្រជែង ជំរុញការប្រើប្រាស់ផលិត ផលឈើដាំ កាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ និងជាពិសេសបង្កើត និងរក្សាបាននូវគម្របព្រៃឈើ បង្កើតការងារ បង្កើនចំណូល រក្សាបរិស្ថានក្នុងតំបន់នេះ និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។

រដ្ឋបាលព្រៃឈើគួររៀបចំកិច្ចប្រជុំ ជាមួយក្រុមហ៊ុនឧស្សាហកម្មឈើដាំទូទាំងប្រទេស ដើម្បីស្វែង រកចំណុចខ្លាំង ចំណុចខ្វះខាត ធ្វើការកែលម្អ សិក្សា និងដកស្រង់បទពិសោធន៍នៃការប្រើប្រាស់ ដី ពូជ បច្ចេកទេសកែច្នៃ ធ្វើយ៉ាងណាប្រើប្រាស់ធនធានដីព្រៃរបស់រដ្ឋនេះឱ្យអស់សក្តានុពល មានប្រសិទ្ធភាពទាំងសង្គម សេដ្ឋកិច្ច និងបរិស្ថាន ប្រើប្រាស់វត្ថុធាតុដើមឈើឱ្យអស់លទ្ធភាព បង្កើនការផ្គត់ផ្គង់បរិមាណឈើដាំដល់វិស័យសំណង់ និងវិស័យកែច្នៃគ្រឿងសង្ហារឹមដែលបាននិងកំពុងមានការកើនឡើង។ ចូលរួមទប់ស្កាត់បទល្មើសការកាប់ទន្រ្ទានដីព្រៃកាន់កាប់ និងការកាប់ឈើខុសច្បាប់នៅក្នុងតំបន់នេះ៕
ថ្ងៃសៅរ៍ ២ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ May 23, 2020

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 6 ម៉ោងមុន