រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តការងារ គណនេយ្យសង្គម សម្រាប់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (67)

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តការងារ គណនេយ្យសង្គម សម្រាប់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។

លោកអភិបាលរងខេត្ត បានជម្រាបជូន លោក លោកស្រី ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្តដោយសង្ខេប អំពី ទិដ្ឋភាពរួមគណនេយ្យភាពសង្គមថា គណនេយ្យភាពសង្គម គឺជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន។ ដោយយល់ឃើញពីសារៈសំខាន់នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានអនុម័តកាលពី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវដល់តួអង្គអនុវត្តទាំងអស់(ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ) ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ បន្ទាប់ពីបានអនុម័តផែនការយុទ្ធសាស្រ្តរួចមក គ.ជ.អ.ប បានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលបានរៀបចំជាឯកសារផែនការអនុវត្តគណនេយ្យភាពសង្គម (ផ.អ.គ.ស) ដំណាក់កាលទី១ សម្រាប់អនុវត្តរយៈពេល០៣ឆ្នាំ (២០១៦-២០១៨) បានផ្តោតទៅលើសមាសភាគសំខាន់ៗចំនួន៤រួមមាន៖
ទី១). ការទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា
ទី២). ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ
ទី៣). ការសម្របសម្រួល និងការពង្រឹងសមត្ថភាព
និង ទី៤). ការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។
យន្តការនៃការអនុវត្ត ផែនការអនុវត្តគណនេយ្យភាពសង្គម គឺយើងមានពីរផ្នែក គឺ ផ្នែកទី១ យើងហៅថា ផ្នែកផ្គត់ផ្គង់ (ដែលផ្នែកនេះគឺសំដៅទៅលើ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជាមួយគឺជាតួអង្គផ្នែករដ្ឋ) ផ្នែកទី២យើងហៅថា ផ្នែកតម្រូវការ (ដែលផ្នែកនេះ គឺសំដៅទៅលើប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល និយាយឱ្យស្រួលយល់គឺ ជាតួអង្គមិនមែនរដ្ឋ)។
គណនេយ្យសង្គម គឺ ជាដំណើការនៃការផ្សារភ្ជាប់ទំនាក់ទំនងល្អប្រសើរ រវាងប្រជាពលរដ្ឋជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏ជាមធ្យោបាយមួយដែលបន្ស៊ីរវាងគោលការណ៍ទាំងឡាយ នៃអភិបាលកិច្ចដែលក្នុងនោះរាល់ការធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្តសកម្មភាពជាសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ កិច្ចសហការ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ (អ្នកផ្តល់សេវា) និងប្រជាពលរដ្ឋ (អ្នកប្រើប្រាស់សេវា) គឺ សំដៅគាំទ្រដល់ អ្នកផ្តល់សេវាសាធារណៈឱ្យបំពេញការងាររបស់ខ្លួនបានល្អប្រសើរជាងមុន។ ជាពិសោធន៍កន្លងមក ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី១ បានបង្ហាញថា ឧបករណ៍គណនេយ្យភាពសង្គមនានា ដូចជាប័ណ្ណដាក់ពិន្ទុ ដោយសហគមន៍ បានជួយជម្រុញឱ្យមានការគោរពគ្នា និងការចូលរួមរវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិសំដៅការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យមានភាពល្អប្រសើរ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 10 ម៉ោងមុន