រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក ដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បាននាំយក សម្ភារ និងថវិកា មួយចំនួនចូលរួមរំលែកទុក្ខ គ្រួសារសពឈ្មោះ ស៊ុំ សារ អាយុ៥០ឆ្នាំ

សាខា កក្រក ខេត្តកោះកុង ៖នៅថ្ងៃច័ន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានចាត់លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក ដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បាននាំយក សម្ភារ និងថវិកា មួយចំនួនចូលរួមរំលែកទុក្ខ គ្រួសារសពឈ្មោះ ស៊ុំ សារ អាយុ៥០ឆ្នាំ មានជីវភាពលំបាក នៅភូមិនាង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្នុងឱកាសនោះ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងក្រុមការងារ បានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពីលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើក្តីអាណិតអាសូរ និងការសោកស្តាយយ៉ាងក្រៃលែង ដែលកើតឡើងចំពោះគ្រួសារសព ដែលបានបាត់បង់មនុស្ស ជាទីស្រឡាញ់ ។ ក្រុមការងារទាំងអស់សូមបួងសួងដល់ដួងវិញ្ញាណក័ន្ធ
លោក បានទៅកាន់ដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ ក្រុមការងារ បានផ្តាំផ្ញើដល់ក្រុមគ្រួសារសព និងលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ត្រូវខិតខំតស៊ូ ដើម្បីប្រកបរបរចិញ្ចឹម ជីវិតរស់នៅបន្តទៅមុខទៀត ។

ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

សម្ភារដែលអនុសាខាចូលរួមរំលែកទុក្ខដល់គ្រួសារសពមាន៖ អង្ករ ១៥គីឡូក្រាម​ មី០១កេស ត្រីខ១ឡូ គ្រឿងឧបភោគបរិភោគ០១កញ្ចប់ និងថវិកា១០០.០០០រៀល ។ដោយឡែកថវិកា ឃុំប៉ាក់ខ្លងចំនួន៥០,០០០ រៀលផងដែរ ។

អត្ថបទទាក់ទង