រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បើកបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមមាន់ស្រុក នឹងបង្ហាញអំពីការធ្វើវ៉ាក់សាំង

ថ្ងៃច័ន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រុមការងារបច្ចេកទេសអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង  បានចុះបើកបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមមាន់ស្រុក នឹងបង្ហាញអំពីការធ្វើវ៉ាក់សាំង បីមុខ ចែកជូនថ្នាំទម្លាក់ព្រូន ថ្នាំសម្លាប់មេរោគ ដល់កសិករជាសមាជិកបណ្ដុំជាជីវកម្ម នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា  ចំនួន ៤៣ នាក់ ស្រី ៣១ នាក់  និងបានផ្ដល់ថវិការធ្វើទ្រុង ទិញចំណី កូនមាន់ ពូជ ស្នូកទឹកស្នូកចំណី ដល់កសិករគំរូ ០១រូប នៅក្នុងបណ្ដុំចញ្ចឹមមាន់។

ជាលទ្ធផលកសិករសមាជិកបណ្តុំទាំងអស់បានចូលរួមយ៉ាងផុសផុលក្នុងការពិភាក្សា និងស្វែងយល់ពីអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល ហើយប្រធានបទសំខាន់ៗត្រូវបានលើកយកមកបង្ហាញ និងអនុវត្តផ្ទាល់ ដែលរួមមាន៖ ១. ការជ្រើសរើសពូជ, ២. ការរៀបចំទ្រុង, ៣. ការគ្រប់គ្រងការចិញ្ចឹម និងអនាម័យ ៤. ការលាយនិងផ្តល់ចំណី, ៥. ការធ្វើវ៉ាក់សាំង, ៦. ការគ្រប់គ្រងទូភ្ញាស់,៧. ការថែទាំកូន និង ៨. ការកត់ត្រាចំណូលចំណាយ និងធ្វើវិភាគសេដ្ឋកិច្ច។

ដើម្បីជាគំរូក្នុងការអនុវត្តន៍ និងងាយស្រួលកសិករសមាជិកបណ្តុំផ្សេងទៀត បានរៀនសូត្រ ក្រុមការងារបានជ្រើសរើសគ្រួសារធ្វើបង្ហាញមួយគ្រួសារ ក្នុងមួយបណ្តុំ ព្រមទាំងបានផ្តល់នូវធាតុចូលសំខាន់ៗ ក្នុងការអនុវត្តរួមមានដូចជា ទុន ទ្រុង ចំណី កូនមាន់ពូជ សស្នូកទឹក និងស្នូកចំណីជាដើម។ បន្ថែមពីនេះទៀត សមាជិកបណ្តុំដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះក៏ទទួលបាននូវ ថ្នាំទម្លាក់ព្រូន និងថ្នាំសម្លាប់មេរោគ សំរាប់យកទៅប្រើប្រាស់ក្នុងការចិញ្ចឹមមាន់តាមគ្រួសារនីមួយៗផងដែរ។

ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលសមាជិកបណ្តុំអាជីវកម្មទាំងអស់មានសេចក្តីសប្បាយរីករាយដែលបានទទួលនូវចំណេះដឹងបច្ចេកទេសថ្មីក្នុងការចិញ្ចឹមមាន់ស្រុក ដែលមានលក្ខណៈធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយបានប្តេជ្ញាចិត្តខ្ពស់ក្នុងការយកបច្ចេកទេសទាំងនេះទៅប្រើប្រាស់ក្នុងការពង្រឹង និងពង្រីកផលិតកម្មមាន់របស់ខ្លួន ដើម្បីផ្គត់ផ្គង់តាមកិច្ចសន្យាដែលបានព្រមព្រៀងជាមួយអ្នកប្រមូលទិញ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង