រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំចេក ដល់សមាជិកបណ្តុំអាជីវកម្មចេក

ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០

ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកោះកុង ដឹកនាំដោយកញ្ញា ផាន់ សម្ផស្ស អនុប្រធានការិយាល័យទទួលបន្ទុករួម សហការជាមួយក្រុមការងារថ្នាក់ស្រុក បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំចេក ដល់សមាជិកបណ្តុំអាជីវកម្មចេក ក្នុងក្របខណ្ឌ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅក្រោមអធិបតីលោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានអនុកម្មវិធី ASPIRE ខេត្តកោះកុង។ វគ្គបណ្តុះបណ្តាល​បណ្តុំអាជីវកម្មចេក ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង មានសមាជិកចូលរួមចំនួន ៣៧ នាក់ ស្រី ១៧ នាក់។ ជាលទ្ធផលកសិករសមាជិកបណ្តុំទាំងអស់បានចូលរួមយ៉ាងផុសផុលក្នុងការពិភាក្សា និងស្វែងយល់ពីអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល ហើយប្រធានបទសំខាន់ៗ ត្រូវបានលើកយកមកបង្ហាញ និងអនុវត្តផ្ទាល់រួមមាន៖

១. បច្ចេកទេសដាំដុះ៖ ការជ្រើសរើសកូនចេកសម្រាប់ដាំ ការរៀបចំដី និងការរៀបចំដាំកូន, ២. ការថែទាំ៖ ការស្រោចស្រព ការសម្អាតស្មៅ ការពូនគល់ ការដាក់ជី, ៣. ការគ្រប់គ្រងជំងឺ និងសត្វល្អិតចង្រៃ និង ៤. ការប្រមូលផល និងការផែនការដាំដុំ។

មានសំនួរជាច្រើនបានលើកឡើងដោយផ្តោតសំខាន់ទៅលើ របៀបនៃការរៀបចំដី ការប្រើប្រាស់ជីទៅតាមដំណាក់កាលនីមួយៗ របៀបនៃការការពារជំងឺលើដំណាំ និងសត្វល្អិតចង្រៃ និងការភ្ជាប់ផលិតផលជាមួយនឹងទីផ្សារ។ អ្នកសម្របសម្រួលវគ្គបានឆ្លើយតបទៅតាមសំនួរដោយមានលើកជាឧទាហរណ៍មកបញ្ជាក់ ដែលក្នុងនោះក៏មានការចុះទៅពិនិត្យផ្ទាល់នៅក្នុងកសិដ្ឋាន ព្រមទាំងអនុវត្តបង្ហាញអោយមើលផងដែរ។

ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលសមាជិកបណ្តុំអាជីវកម្មទាំងអស់មានសេចក្តីសប្បាយរីករាយដែលបានទទួលនូវចំណេះដឹងបច្ចេកទេសថ្មីក្នុងការដាំដំណាំចេក ដែលមានលក្ខណៈធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយបានប្តេជ្ញាចិត្តខ្ពស់ក្នុងការយកបច្ចេកទេសទាំងនេះទៅប្រើប្រាស់ក្នុងការពង្រឹង និងពង្រីកផលិតកម្មចេករបស់ខ្លួន ដើម្បីផ្គត់ផ្គង់តាមកិច្ចសន្យាដែលបានព្រមព្រៀងជាមួយអ្នកប្រមូលទិញ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង