រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះពិនិត្យដំណើរការអនុវត្តការដាំដុះបន្លែរបស់កសិករ និងជួយគាំទ្របច្ចេកទេសបន្ថែមជូនកសិករសមាជិកបណ្តុំ

ថ្ងៃអង្គារ ០៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១

ក្រុមការងារអនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដឹកនាំដោយលោក អ៊ី ម៉េងលាង ប្រធានមន្ទីរ និងជាប្រធានអនុកម្មវិធី ASPIRE ខេត្តកោះកុង និងមានការចូលរួមពី លោក សុខ សំអាត អនុប្រធានមន្ទីរ នឹងជាអនុប្រធានអនុកម្មវិធី ASPIRE ខេត្តកោះកុង ព្រមទាំងមន្ត្រីជំនាញ និងក្រុមទីប្រឹក្សា បានចុះពិនិត្យដំណើរការអនុវត្តការដាំដុះបន្លែរបស់កសិករ ម៉ៅ សុខន និងជួយគាំទ្របច្ចេកទេសបន្ថែមជូនកសិករសមាជិកបណ្តុំ នៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

តាមការបង្ហាញរបស់កសិករ ម៉ៅ សុខន បច្ចុប្បន្នគាត់បាននឹងកំពុងដាំត្រសក់ទ្រើងលើទំហំដី ១ ០០០ម៉ែត្រការេ ហើយ មកដល់ពេលនេះកំពុងប្រមូលផលបានរយៈពេល ១សប្តាហ៍ហើយ ក្នុងមួយថ្ងៃបាន ៥០គីឡូក្រាម ហើយកើនឡើងជាបណ្តើរៗ។ ចំពោះតម្លៃវិញគឺលក់រាយបាន ៤០០០រៀល និងបោះដុំបាន ២៥០០រៀល ក្នុងមួយគីឡូក្រាម។ ក្រៅពីនេះគាត់ក៏មានដាំល្ពៅយកត្រួយ ត្រកួន ពោតបារាំង និង ននោង ក្នុងដីចំការក្បែរគ្នាមួយកន្លែងទៀត ហើយបញ្ហាដែលគាត់ជួបប្រទះមួយចំនួនដែរដូចជា ខ្យល់ខ្លាំងពេកនាំអោយត្រសក់ពិបាកតោងសំណាញ់ទ្រើង ដង្កូវមូស្លឹក ចៃ ដែលធ្វើអោយត្រសក់គាត់រួមដៃ។

កសិករបញ្ជាក់ថា ដោយត្រសក់កំពុងប្រមូលផល គាត់មិនបានប្រើថ្នាំអ្វីឡើយ គឺព្យាយាមចាប់ដង្កូវដោយដៃជាប្រចាំថ្ងៃរហូត ចំពោះបញ្ហាខ្យល់ គាត់ប្រើសំណាញ់បាំង និងធ្វើបង្គងពីបន្ទះឬស្សីបន្ថែមតាមរងនីមួយៗ។ ទោះមានបញ្ហាប្រឈមខ្លះក៏ដោយ ក៏កសិកររូបនេះនៅតែមើលឃើញថា ការអនុវត្តបច្ចេកទេសថ្មីនេះ មានភាពងាយស្រួល ប្រើពលកម្មតិច សន្សំសំចៃទឹក និងទទួលបានផលច្រើនជាមុន ហើយគាត់មានផែនការពង្រីកការដាំដុះតាមបច្ចេកទេសនេះ លើផ្ទៃដី ៩០០ម៉ែត្រការេបន្ថែមទៀត។

ក្នុងដំណើរចុះពិនិត្យនេះថ្នាក់ដឹកនាំមន្ទីរ និងក្រុមការងារបច្ចេកទេស បានធ្វើការណែនាំបច្ចេកទេសបន្ថែមដល់កសិករដែលដាំត្រសក់ ពីវិធីសាស្ត្រក្នុងការគ្រប់គ្រងសត្វល្អិត/ដង្កូវបំផ្លាញ ការគ្រប់គ្រងទឹក ការកាត់សំអាតស្លឹកចាស់ និងបានចូលរួមពិភាក្សាផងដែរដល់ការធ្វើទីផ្សារសំរាប់លក់កសិផលរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង