រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាររំលែកទុក្ខជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

សាររំលែកទុក្ខជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

ជាបឋម ក្នុងនាមរដ្ឋបាលខេត្តកោះកុង និងក្នុងនាមនាងខ្ញុំ ជា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកោះកុង, នាងខ្ញុំ សូមសំដែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយជនរងគ្រោះ ក្រុមគ្រួសារ និងសាច់ញាតិទាំងឡាយ ដែលបានរងគ្រោះក្នុងពេលធ្វើចរាចរណ៍កន្លងមកក្នុងភូមិសាស្រ្តខេត្តកោះកុង។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធទាំងអស់ សូមបានជួបសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមសំដែងនូវការសួរសុខទុក្ខ ដល់ជនរងរបួសទាំងឡាយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងសូមប្រសិទ្ធពរដល់អស់លោក លោកស្រី ឆាប់បានជាសះស្បើយ និងបានវិលត្រឡប់មករកជីវភាពរស់នៅធម្មតាវិញនាពេលឆាប់ៗខាងមុខនេះ។

ជាការក្រើនរំលឹក នាងខ្ញុំ សូមផ្ញើជាសាធារណៈ ជូនដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យ បង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរធ្វេសប្រហែសមិនគោរពច្បាប់ ជាអាទិ៍៖ ការបើកបរល្បើនលើសកំណត់ ការបើកបរមិនគោរពសិទ្ធិអាទិភាព ការបើកបរបត់ឬជែងទាំងប្រថុយប្រថាន ការបើកបរមិនប្រកាន់ស្តាំ ការបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង ឬសារធាតុញៀន ការបើកបរមិនពាក់មួកសុវត្ថិភាព ឬខ្សែក្រវ៉ាត់សុវត្ថិភាព ការបើកបរយានយន្តដែលមិនមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវជាដើម។

មុននឹងបញ្ចប់ នាងខ្ញុំ សូមអំពាវនាវដល់សាធារណជន ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា “ថ្ងៃនេះថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍!”។ សូមអរគុណ!

អត្ថបទទាក់ទង