រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អបអរសាទរ សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី៥ (២០១៩-២០២៥)

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការតំណាងកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង អាណត្តិទី៥ (២០១៩-២០២៥) ដែលពិធីនេះធ្វើឡើងក្នុងបរិវេណសាលមហោស្រពខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន ២៩០នាក់។
ក្នុងអង្គសន្និបាតអាណត្តិទី៥នេះដែរកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំងលោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខា សរុបចំនួន ២២ នាក់។ សមាជិក សមាជិកាពេញសិទ្ធិ បាន បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី ៥ ដែលមានសមាសភាព ១៥ នាក់ ស្រី៣នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើស លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា ឯកឧត្តម លី សារ៉េត ជាអនុប្រធាន លោក ទេព វិស្កុល ហិរញ្ញិក និងលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ជាលេខាធិការគណៈកម្មាធិការសាខា រួមជាមួយសមាជិក ៩ នាក់ និងសមាជិកបម្រុង ២ នាក់ទៀត។
គោលបំណងសំខាន់ នៃសន្និបាតនេះគឺ៖
១-ពិនិត្យ និងអនុម័ត របាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
២-ពិនិត្យ និងអនុម័ត របាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី ៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
៣-បោះឆ្នោតជ្រើសរើសគណៈកម្មា ធិការសាខាអាណត្តិទី៥
៤-ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខាអាណត្តិទី៥។
ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី៥ បានធ្វើការប្តេជ្ញា ចិត្តយ៉ាងមុតមាំដូចខាងក្រោម ៖
១-ពង្រឹងអភិបាលកិច្ចល្អ
២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព
៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
៤-ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន យុវជន និងអ្នកស្ម័គ្រចិត្តកក្រក ឱ្យកាន់តែសកម្មថែមទៀត។
៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត។
៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ។
សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃដដែលនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការដឹកនាំ និងគ្រប់គ្រងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា និងអនុសាខាទាំង ៧ស្រុក ក្រុង សរុបចំនួន ៤១ នាក់ផងដែរ។

អត្ថបទទាក់ទង