រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ ចុះពិនិត្យស្ថានភាព នៃការធ្វើផលិតកម្មកសិកម្មរបស់កសិករសមាជិកបណ្តុំ និងជួបពិភាក្សាជាមួយឈ្មួញអ្នកប្រមូលទិញបន្លែ និងទឹកឃ្មុំ ក្នុងគោលបំណងភ្ជាប់កសិផលរបស់កសិករបណ្តុំជាមួយឈ្មួញអ្នកប្រមូលទិញ ដោយមានចុះកិច្ចសន្យាកសិកម្មជាមួយគ្នា

ថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ 

ទីប្រឹក្សាផ្នែកសម្របសម្រួលទីផ្សារ អនុកម្មវិធី ASPIRE ខេត្ត សហការជាមួយមន្ត្រីអនុកម្មវិធី (ASPIRE) ប្រចាំស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ភ្នាក់ងារផ្សព្វផ្សាយឃុំ និងតំណាងបណ្តុំអាជីវកម្ម បានចុះពិនិត្យស្ថានភាពនៃការធ្វើផលិតកម្មកសិកម្មរបស់កសិករសមាជិកបណ្តុំ និងជួបពិភាក្សាជាមួយឈ្មួញអ្នកប្រមូលទិញបន្លែ និងទឹកឃ្មុំ ក្នុងគោលបំណងភ្ជាប់កសិផលរបស់កសិករបណ្តុំជាមួយឈ្មួញអ្នកប្រមូលទិញ ដោយមានចុះកិច្ចសន្យាកសិកម្មជាមួយគ្នា។

១.បានជួបជាមួយឈ្មួញ អ្នកប្រមូលទិញបន្លែដើម្បីលក់ចែកចាយនៅផ្សារស្រែអំបិល ដែលគាត់មានលទ្ធភាពទទួលទិញប្រមាណ ៧០០គីឡូក្រាមសម្រាប់ ត្រសក់ សណ្តែកគួរ ត្រឡាច ននោង និងបន្លែស្លឹកមួយចំនួន ហើយគាត់ក៏ពេញចិត្តការក្នុងចុះកិច្ចព្រមព្រៀងទទួលទិញពីកសិករ កម្មវិធី ASPIRE ផងដែរ

២.បានជួបជាមួយអ្នកទទួលទិញទឹកឃ្មុំ ពីកសិករបណ្តុំអាជីវកម្មឃ្មុំ ព្រៃសហគមន៍សាមគ្គីព្រែកជីក ដែលក្នុង ០១លើត្រៗ គាត់អាចទទួលទិញប្រមាណ ៣០លីត្រ ហើយគាត់រីករាយក្នុងការចុះកិច្ចព្រមព្រៀងទទួលទិញពីកសិករក្នុងតម្លៃ សមរម្យមួយ ដោយមានការសម្របសម្រួលពីកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង

៣.បានជួបជាមួយអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទី នៅឃុំជីខក្រោម ស្រុកស្រែអំបិល ដែលគាត់មានលទ្ធភាពប្រមូលទិញក្នុងបរិមាណច្រើនទៅតាមបរិមាណផលិតកម្មរបស់កសិករបណ្តុំ ក្នុងនោះគាត់បានបង្ហាញនូវចំណាប់អារម្មណ៍ល្អក្នុងការចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទី ពីកសិករបណ្តុំ ក្រោមកិច្ចសម្របសម្រួលរបស់ កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង។ 

ក្នុងជំនួបនោះក្រុមការងារកម្មវិធី ASPIRE តំណាងបណ្តុំអាជីវកម្ម និងឈ្មួញបានមើលឃើញពីសក្តានុពលគ្នាទៅវិញទៅមក ហើយបានធ្វើការណាត់ជួបគ្នានៅពេលក្រោយម្តងទៀត ដើម្បីចុះកិច្ចព្រមព្រៀងគ្នាជាផ្លូវការដោយមានការចុះហត្ថលេខាជាលាយលក្ខណ៍អក្សរ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង