រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងដីនៅខាងក្រៅទំបន់ការពារទឹកប្រៃ ដែលប្រជាពលរដ្ឋទន្រ្ទានកាប់ឆ្ការយកជាកម្មសិទ្ធិ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត អាជ្ញាធរស្រុកបូទុមសាគរ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីនៅក្រៅទំបន់ការពារទឹកប្រៃ ដែលប្រជាពលរដ្ឋ ទន្រ្ទានកាប់ឆ្ការយកជាកម្មសិទ្ធិ ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ។

ជាលទ្ធផល បន្ទាប់ពីកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងជាក់ស្តែងរួចមក លោកអភិបាលរងខេត្ត និងជាប្រធានដឹកនាំក្រុមការងារ បានណែនាំ ដូចខាងក្រោម៖

១-ដីក្នុងទំបន់ការពារទឹកប្រៃ ទំហំ ៨២.១០ហិកតា តាមសំណើរបស់រដ្ឋបាលស្រុក ស្នើសុំជាសម្បទានដីសង្គមកិច្ច សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ២៨៣គ្រួសារ ដែលបានកាន់កាប់អាស្រ័យតាំងពីឆ្នាំ២០១២មក ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល គឺរដ្ឋបាលបានពិនិត្យលទ្ធភាពផ្តល់ជូន ទើបមានក្រុមការងារចុះមកពិនិត្យក្នុងឱកាសនេះ

២-ចំពោះដីទាំងឡាយណាស្ថិតនៅខាងក្រៅទំបន់ការពារទឹកប្រៃ ដែលមានបុគ្គលខិលខូចញុះញ៉ង់ប្រជាពលរដ្ឋឲ្យទន្រ្ទានកាប់ឆ្ការយកក្នុងពេលថ្មីៗនេះ គឺ រដ្ឋបាលខេត្ត បានណែនាំយ៉ាងម៉ឺងម៉ាត់យកកដល់រដ្ឋបាលស្រុក និងឃុំពាក់ព័ន្ធ ធ្វើការចុចយកចំណុចនិយាមកាឲ្យបានច្បាស់លាស់ ដើម្បីធ្វើសេចក្តីប្រកាសបដិសេធជាសាធារណ: និងម៉្យាងទៀតកំពុងស្រាវជ្រាវរ់កបុគ្គលខិលខូចដែលជាអ្នកញុះញ៉ង់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

ក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត បានប្រសាសន៍ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តការងារ និងទប់ស្កាត់សកម្មភាពទន្រ្ទានយកដីសាធារណ:កន្លងមក ទន្ទឹមនឹងវិបត្តិភ័យជំងឺកូវីដ-១៩ ដូចបច្ចុប្បន្ន និងលោកអភិបាលរងខេត្ត បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចកងកម្លាំង និងអ្នកពាក់ព័ន្ធ បន្តកិច្ចសហការចូលរួមអនុវត្តបន្ថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ចនីមួយៗ ដោយឈរលើស្មារតីទទួលត្រូវខុសខ្ពស់៕

អត្ថបទទាក់ទង