រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុគណ:កម្មការចំណុះគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្តកោះកុង ចុះពិនិត្យទីតាំងរៀបចំឈាបនដ្ឋានបូជាសពអ្នកជំងឺកូវីដ-១៩

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណ:កម្មការសាងសង់ និងជួសជុស និងលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងជាអនុប្រធានអនុគណ:កម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩ បានដឹកនាំសមាជិក សមាជិកា ក្រុមការងារចម្រុះថ្នាក់ខេត្ត អាជ្ញាធរស្រុកបូទុមសាគរ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងរៀបចំឈាបនដ្ឋានបូជាសពអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។

ជាលទ្ធផល ក្រោមការសម្របសម្រួលរបស់ក្រុមការងារ ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ សម្រាប់តភ្ជាប់ទៅដល់ឈាបនដ្ឋាន នឹងត្រូវបានសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយមានការចូលរួមបច្ចេកទេស និងគ្រឿងចក្រ ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមានការចូលរួមបរិច្ចាកដីគ្រួសក្រហម ពីលោក សាញ់ មុន្នីរ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដែលលោកមានដីកម្មសិទ្ធិឯកជន នៅមិនឆ្ងាយប៉ុន្មានពីទីតាំងរៀបចំឈាបនដ្ឋានបូជាសពអ្នកជំងឺកូវីដ-១៩នេះ។ ចំពោះការជីកគូទឹក(ប្រឡាយ)ព័ទ្ធជុំវិញ ក្រុមការងារ ទទួលពិនិត្យលទ្ធភាព និងបានណែនាំឲ្យអាជ្ញាធរស្រុក និងឃុំពាក់ព័ន្ធ ធ្វើការសម្របសម្រួលបញ្ចប់ជាមួយប្រជាពលរដ្ឋ ដែលមានដីចំការ និងទីបញ្ចុះសពបុព្វការីជន ប៉ះពាល់នឹងគម្រោងសាងសង់នេះជាមុនសិន។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យ មន្ទីរជំនាញ អាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព ឈរលើស្មារតីទទួលខុសត្រូវ និងប្រកាន់ភ្ជាប់នូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺបំលែងថ្មីផងដែរ៕

អត្ថបទទាក់ទង