រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វិធានការទប់ស្កាត់យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកថ្ម ខ្សាច់ និងដី លើសទម្ងន់កម្រិតកំណត់ចេញពីការដ្ឋានថ្ម ខ្សាច់ និងដី នៅទូទាំងប្រទេស

សូមជម្រាបជូនលោក លោកស្រី ម្ចាស់ការដា្ឋនអាជីវកម្មថ្ម ខ្សាច់ និងដី នៅទូទាំងប្រទេស ស្ដីពីការទប់ស្កាត់យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកថ្ម ខ្សាច់ និងដី លើសទម្ងន់កម្រិតកំណត់ចេញពីការដ្ឋានថ្ម ខ្សាច់ និងដី នៅទូទាំងប្រទេស ជ្រាបថា៖ ក្រោយពីគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានដាក់ចេញ នូវវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ កន្លងមកឃើញថារថយន្តដឹកជញ្ជូនធុនធ្ងន់មានការថយចុះគួរឲ្យកត់សម្គាល់។ ជាមួយនឹងការថយចុះបទល្មើសលើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នេះ ក៏សង្កេតឃើញនៅមានរថយន្តដឹកថ្ម ខ្សាច់ និងដីមួយចំនួននៅតែបន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលផ្ទុយនឹងច្បាប់ដដែល។

ក្នុងន័យនេះ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សូមស្នើសុំ លោក លោកស្រី ម្ចាស់ការដ្ឋានទាំងអស់ ជួយផ្តល់កិច្ចសហការចូលរួមទប់ស្កាត់ការដឹកជញ្ជូនថ្ម ខ្សាច់ និងដីលើសទម្ងន់កម្រិតកំណត់ចេញពីការដ្ឋានរបស់អស់លោក លោកស្រី ដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ឲ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់ ព្រមទាំងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថវិកាជាតិក្នុងការជួសជុលថែទាំផ្លូវថ្នល់ នៅទូទាំងប្រទេស។ ក្នុងករណីពិនិត្យឃើញថា មានរថយន្តដឹកថ្ម ខ្សាច់ និងដីផ្ទុកលើសទម្ងន់កម្រិតកំណត់ ស្ថិតក្នុងទីតាំងការដ្ឋានណាមួយជាក់ស្ដែង នោះគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងចាត់វិធានការតាមផ្លូវច្បាប់ ឬឈានដល់ការបិទទីតាំងអាជីវកម្មនោះតែម្តង។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ម្ចាស់ការដ្ឋានអាជីវកម្មទាំងអស់ជ្រាប និងចូលរួមសហការអនុវត្តដោយការទទួលខុសត្រូវ៕

អត្ថបទទាក់ទង