រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលសម្រាប់អ្នកស្ម័គ្រចិត្តស្តីពីសុខភាពផ្លូវចិត្ត ការគាំទ្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍

សាខា កក្រក ខេត្តកោះកុង៖ នៅព្រហស្បត្តិ ១២រោច ខែទុតិយាសាឍឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្ត កោះកុង បាន
បើកវគ្គបណ្តុះបណ្តាលសម្រាប់អ្នកស្ម័គ្រចិត្តស្តីពី សុខភាពផ្លូវចិត្ត ការគាំទ្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្រោមការឧបត្ថម្ភពីគម្រោងត្រៀមបង្ការ និងឆ្លើយតបកូវីដ-១៩ គាំទ្រដោយសហពន្ធ័អន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម(IFRC) ។

ពិធីនេះបានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា លោក ឡុច ភិរ័ក្ស នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ព្រមទាំង លោក លោកស្រី ជាអ្នកស្មគ្រ័ចិត្ត មកពីឃុំប៉ាក់ខ្លង ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងសង្កាត់ស្ទឹងវែង ដងទង់ ស្មាច់មានជ័យ ក្នុងក្រុងខេមរភូមិន្ទ សរុបចំនួន ២០ នាក់ ស្ត្រី ១២នាក់ ដែលពិធីនេះធ្វើនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ក្រោមការសម្របសម្រួលពីមន្ត្រីសាខាដែលបានបណ្តុះបណ្តាលរួច ។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២១ ដោយប្រើ ប្រាស់មេរៀនដែលរៀបចំដោយក្រុមការងារទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។

ក្នុងគោលបំណង ដើម្បីលើកកម្ពស់ចំណេះដឹង សមត្ថភាព និងជំនាញនៃអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ទៅលើជំងឺកូវីដ-១៩ សុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ដឹងពីជំនាញទំនាក់ទំនង ការផ្សព្វផ្សាយ និងយន្តការផ្តល់ព័ត៌មានត្រលប់ប្រកបដោយប្រសិទ្ធិភាព ក្នុងសហគមន៍ ទាក់ទងនឹងកូវីដ-១៩ ។

អត្ថបទទាក់ទង