រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាផ្ទៀងផ្ទាត់ទិន្នន័យវិវាទដីធ្លី

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាតាមរយៈកម្មវិធី ZOOM ស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យវិវាទដីធ្លី រវាងអង្គការសង្គមស៊ីវិល និងតំណាងរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ នៃខេត្តកោះកុង ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី។ សមាសភាពរដ្ឋបាលខេត្តកោះកុង ដែលបានចូលរួមកិច្ចប្រជុំនេះរួមមាន លោកអភិបាលរងខេត្តកោះកុង លោកប្រធានមន្ទីរបរិស្ថាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកប្រធានមន្ទីរព័ត៌មាន និងលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង។
គោលបំណង នៃកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីបង្កើនកិច្ចសហការល្អ ក្នុងការផ្ទៀងផ្ទាត់ទិន្នន័យវិវាទដីធ្លី ពិភាក្សាស្វែងរកវិធីសាស្ត្រ និងផែនការបន្តក្នុងការដោះស្រាយវិវាទដីធ្លី សំដៅចូលរួមចំណែក ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអនុវត្តគោលនយោបាយជាតិឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងឈានទៅសម្រេចតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងកិច្ចប្រជុំពិភាក្សានេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានបញ្ជាក់ជូនអង្គប្រជុំជ្រាបថា បញ្ហាទំនាស់ដីធ្លីមួយចំនួន ដែលអង្គការសង្គមស៊ីវិលបានលើកឡើងនោះ ត្រូវបានរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ដោះស្រាយបញ្ចប់ហើយ និងនៅសេសសល់មួយចំនួនទៀត ដែលកំពុងដោះស្រាយ។ ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានសំណូមពរ ដល់អង្គការដៃគូអភិវឌ្ឍទាំងអស់ សូមបំពេញការងារដោយស្មោះត្រង់ ច្បាស់លាស់ ត្រឹមត្រូវ បម្រើផលប្រយោជន៍រួម ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិទាំងអស់គ្នា៕

អត្ថបទទាក់ទង