រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ចើញចូលរួមពិធីចាប់ឆ្នោតប្រគល់ដីឡូត៍ជូនប្រជាពលរដ្ឋប្រភេទទី៣ ដែលរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីចាប់ឆ្នោតប្រគល់ដីឡូត៍ ជូនប្រជាពលរដ្ឋប្រភេទទី៣ ដែលរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ដែលការចាប់ឆ្នោតនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
ប្រជាពលរដ្ឋប្រភេទទី៣ គឺជាប្រជាពលរដ្ឋស្នើសុំសំណងគោលនយោបាយបន្ថែម មានសរុបចំនួន ៨៣១គ្រួសារ ហើយត្រូវបានរាជរដ្ឋាភិបាលដោះស្រាយគោលនយោបាយជូនក្នុងមួយគ្រួសារ ដីចម្ការទំហំ ១ហិកតា។
ការចាប់ឆ្នោតយកដីឡូត៍នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់ប្រជាពលរដ្ឋប្រភេទទី៣នេះ គឺជាការចាប់ឆ្នោតរបស់ប្រជាពលរដ្ឋប្រភេទទី៣ នៃឃុំភ្ញីមាស និងឃុំកោះស្តេច ដែលមានចំនួន ៣៦០គ្រួសារ។ ក្នុងចំណោមប្រជាពលរដ្ឋទាំង៣៦០គ្រួសារនេះ មកចាប់ឆ្នោតយកដីឡូត៍ បានចំនួន ៣២៧គ្រួសារ និងនៅសល់ចំនួន ៣៣គ្រួសារ មិនទាន់បានមកចាប់ឆ្នោត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា ការចាប់ឆ្នោតយកដីឡូត៍សម្រាប់ប្រជាពលរដ្ឋប្រភេទទី៣ នៃឃុំតានូន នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨:៣០នាទីព្រឹក នៅទីតាំងដីឡូត៍ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។

អត្ថបទទាក់ទង