រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កាកបាទក្រហមកម្ពុជា ប្រគល់សម្ភារសម្រាប់ប្រើប្រាស់ដើម្បីទប់ស្កាត់ និងឆ្លើយតបជំងឺកូវីដ-១៩ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ចំនួន៧ខេត្ដ

កាកបាទក្រហមកម្ពុជា ប្រគល់សម្ភារសម្រាប់ប្រើប្រាស់ដើម្បីទប់ស្កាត់ និងឆ្លើយតបជំងឺកូវីដ-១៩ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ចំនួន៧ខេត្ដ

សាខា កក្រក កោះកុង ៖ នាព្រឹកថ្ងៃព្រហស្បត្តិ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឲ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា ចូលរួមពិធីប្រគល់ ទទួល អាកុល និងជែលដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនសាខាកាកបាទក្រហមកម្ពុជា ចំនួន៧ខេត្ដ រួមមាន ខេត្ដបន្ទាយមានជ័យ, ត្បូងឃ្មុំ, សៀមរាប, បាត់ដំបង, បៃលិន, កោះកុង, កំពង់ឆ្នាំង។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹក ជាពិសេសគឺ ការថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្ដ្រីសាខាទាំងអស់ ដែលបានពុះពារជម្នះគ្រប់ភារកិច្ចការងារ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ដើម្បីទប់ស្កាត់បានការចម្លងមេរោគកូវីដ-១៩។

ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការ ក៏បានជូនពរដល់មន្ដ្រីសាខាកាកបាទក្រហមកម្ពុជាទូទាំងប្រទេស សូមមានសុខភាពល្អរឹងមាំ មានសុវត្ថិភាព និងចៀសឆ្ងាយពីជំងឺនានា ដើម្បីបន្តបេសកកម្មការងារមនុស្សធម៌ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

ជាមួយគ្នានោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា ក៏ដូចជាតំណាងមន្ដ្រីសាខាកាកបាទក្រហមកម្ពុជាទាំង ៧សាខា ដែលអញ្ជើញមកទទួលអាកុល និងជែល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់សម្ភារដ៏មានសារសំខាន់នេះជាបន្ដបន្ទាប់ ដើម្បីប្រើប្រាស់ក្នុងការងារ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ និងតម្រូវការចាំបាច់ផ្សេងៗទៀត។

សាខាកក្រក ខេត្តកោះកុងទទួលបាន ៖ អាល់កុលចំនួន ៦០លីត្រ, ជែលដបចំនួន ៤០០កេស (ក្នុងមួយកេសមាន១២ដប) និងជែលថង់ចំនួន ១០កេស (ក្នុងមួយកេសមាន៦ថង់) អាវយឺតគម្រោងកូវីដ១៩ ចំនួន៣០ មួក៣០ ព្រមទាំងខិតបណ្ណផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ១៩ ការលើកកម្ពស់សុខភាពផ្លូវចិត្តមួយចំនួនផងដែរ។

អត្ថបទទាក់ទង