រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពីចម្ងាយ(តាមZOOM) ពិភាក្សាលើការងារប្រឡងសញ្ញាបត្រមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

វេលាម៉ោង ១៤ និង៣០នាទីរសៀលថ្ងៃនេះ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំក្រុមការងារការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង ចូលរួមប្រជុំពីចម្ងាយតាមប្រព័ន្ធកម្មវិធីZoom ស្ដីពីកិច្ចពិភាក្សាការងារប្រឡងសញ្ញាបត្រមធ្យមសិក្សា ឆ្នាំសិក្សា២០២០២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោក លោកស្រីថ្នាក់ដឹកនាំនាយកដ្ឋានកិច្ចការប្រឡង លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រី ថ្នាក់ដឹកនាំការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងទាំង២៤រាជធានី ខេត្តផ្សេងទៀត សរុបសមាសភាពចូលរួមប្រជុំប្រមាណ ១១៥នាក់។ ជាលទ្ធផលសំខានៗនៃកិច្ចប្រជុំ៖
១/សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ៖ ១៥ វិច្ឆិកា ២០២១ ដដែលដោយមិនមានការលើកពេល ឬប្ដូរកាលបរិច្ឆេទឡើយ
២/សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបានលើកកាលបរិច្ឆេទពី (០៦ ធ្នូ ២០២១) ទៅថ្ងៃទី(២៧ ធ្នូ ២០២១) វិញ
៣/ត្រូវបង្កើតអនុគណៈកម្មការសុខភាពសិក្សាក្នុងយន្តការនៃកិច្ចដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
៤/ត្រូវត្រៀមបន្ទប់សង្គ្រោះបឋមតាមមណ្ឌលប្រឡង
៥/រក្សាមណ្ឌលប្រឡងទូទាំងប្រទេសចំនួនសរុប ២០៥ដដែល
៦/គណៈកម្មការកំណែសូមឱ្យមានជ្រើសរើសដោយប្រុងប្រយ័ត្នពិនិត្យលក្ខខណ្ឌអាយុ៥០ឆ្នាំចុះ សុខភាពសាមីខ្លួន(ត្រូវធ្វើស្វ័យប្រកាសចំពោះសុខភាពខ្លួនប្រាកដថាគ្មានជំងឺ ពិសេសកូវីដ គ្មានគ៌ភជិតគ្រប់ខែសម្រាល ឆ្លងកាត់ការធ្វើRapid Test ជាដើម) ទើបត្រូវបានជ្រើសរើសជាគណៈកម្មការកំណែ ហើយត្រូវរៀបចំជាក្រុមកំណែតូចៗ
៧/ការកំណត់យកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ជាកាលបរិច្ឆេទបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ។ គួររំឭកផងដែរ សម្រាប់ខេត្តកោះកុង បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)សរុប ១៥២០នាក់ ស្រី៧៧៥នាក់ មណ្ឌលប្រឡងទូទាំង៣១គ្រឹះស្ថានសរុប ៧០មណ្ឌល ចំណែកបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ថ្នាក់វិទ្យាសាស្រ្តសរុប ៥០០នាក់ ស្រី២៩៥នាក់ ថ្នាក់វិទ្យាសាស្រ្តសង្គមសរុប៤៩៧នាក់ ស្រី២១៦នាក់) មណ្ឌលប្រឡងចំនួនពីរគឺ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុងមានចំនួន២០បន្ទប់ ជាបេក្ខជនថ្នាក់វិទ្យាសាស្ត្រ និងអនុវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ មានចំនួន២០បន្ទប់ ជាបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម។ (អត្ថបទដោយ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង