រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង សមាសភាព ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ក្រុមកាកបាទក្រហមកម្ពុជា ប្រចាំមន្ទីរ-អង្គភាព របស់ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង សមាសភាព ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ក្រុមកាកបាទក្រហមកម្ពុជា ប្រចាំមន្ទីរ-អង្គភាព
របស់ខេត្តកោះកុង

លោកជំទាវប្រធាន បានលើកឡើងថា បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធើ្វអោយប្រទេសជាតិមានសុខសន្តិភាព និងអ្វីៗបាននឹងកំពុងរីកចម្រើន លើគ្រប់វិស័យ ដូចជាហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ផ្លូវគមនាគមន៍ សាលារៀន វត្តអារ៉ាម មន្ទីរពេទ្យ ។ល។ និង ។ល។ បានធ្វើអោយការរស់នៅ របស់ប្រជាពលរដ្ឋមួយចំនួនធំ មានភាពល្អប្រសើរឡើង និងមានមុខមានមាត់នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ប៉ុន្តែទោះបីជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យ៉ាងណាក៏ដោយ ក៏យើងនៅតែជួបប្រទះទៅនឹង បញ្ហាប្រឈមមួយចំនួនជាយថាហេតុដូចជា៖ គ្រោះមហន្តរាយដែលបង្ករឡើងដោយធម្មជាតិគឺ ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ភាពរាំងស្ងួត និងបញ្ហាមួយចំនួនទៀត រួមមាន ជម្ងឺឆ្លងនានា អគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះដោយសារមេរោគអេដស៍ ជនចាស់ជរាគ្មានទីពឹង ជនក្រីក្រ ជនពិការ កុមារកំព្រា ដែលតម្រូវអោយយើងទាំងអស់គ្នា ចូលរួមជួយអន្តរាគមន៍ជួយសង្គ្រោះ នៅពេលដែលអ្នកទាំងនោះត្រូវការអោយយើងជួយ។ បញ្ហាដូចមានរាបរាប់ខាងលើ គឺជាបញ្ហារួមដែលយើងទាំងអស់គ្នា ត្រូវតែចូលរួម និងដោះស្រាយ ហើយមិនមែនជាភារកិច្ចរបស់ផ្នែកណា ឬក្រុមណាមួយនោះឡើយ ដែលជាអ្នកធ្វើអោយ សម្រេចបានទេ គឺសុទ្ធសឹងតែជាបញ្ហារួម តម្រូវអោយមានការចូលរួម គ្រប់ផ្នែកពាក់ព័ន្ធ តាំងថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។ ជាក់ស្តែងនាថ្ងៃនេះ កាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហម កម្ពុជាខេត្តកោះកុង គឺជាជំនួយការអោយអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ ហើយបាននិងកំពុងចូលរួមចំណែក ធ្វើអោយសម្រេចបាននូវ យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និង ទិសដៅវិមជ្ឈការ និង វិសហមជ្ឈការ ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ក្នុងការធ្វើប្រតិភូកម្ម រំលែកការងារ ការចូលរួម និងការទទួលខុសត្រូវជាបណ្តើរៗ ទៅដល់ថ្នាក់មូលដ្ឋាន។ ជាក់ស្តែងនាថ្ងៃនេះ ជាសកម្មភាពថ្មីមួយទៀត ក្នុងការងារដឹកនាំនិងគ្រប់គ្រង របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានឯកឧត្តម ប៊ុន លើត ជាប្រធានកិត្តិយស និងរូបខ្ញុំជាប្រធានគណៈកម្មាធិការសាខា រួមនិងឯកឧត្តម លោក ជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈ កម្មាធិការ បានខិតខំអោយសម្រេចបាន នូវការរៀបចំរចនាសម្ព័ន្ធ ស្របតាមផែនការអភិវឌ្ឍសាខារយៈពេល៥ឆ្នាំ នៃអាណត្តិទី៥ (២០១៩-២០២៤) គឺការងារអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន ដែលបានរៀបចំអោយមាន ជាក្រុមកាកបាទក្រហមកម្ពុជា ប្រចាំមន្ទីរ-អង្គភាព ដែលមានវត្តមាន ឯកឧត្តម លោក លោកស្រី នាពេលនេះ ដើម្បីរួមចំណែកជាមួយសាខា លើសកម្មភាពមនុស្សធម៌ ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះក្នុងសហគមន៍។ ជាថ្មីម្តងទៀត ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងនាមគណៈកិត្តិយស គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកោះកុង និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមផ្តល់អនុសាសន៍ជូន ឯកឧត្តម លោក លោកស្រី ដែលទើបទទួលបានការតែងតាំងនាពេលនេះ មួយចំនួនដូចខាងក្រោម៖
១- ខិតខំបំពេញភារកិច្ច ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម អន្តរជាតិរួមមាន៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិត្យភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព
២- ជួយបញ្ជ្រាប អំពីប្រវត្តិ កំណើត សកម្មភាព គោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងសកម្មភាពរបស់កាកបាទក្រហម ដល់មន្ត្រីបុគ្គលិកនៃមន្ទីរអង្គភាព របស់ខ្លួន តាមលទ្ធភាពដែលអាចធ្វើទៅបាន
៣- សម្របសម្រួលចលនានៃការ បង់សមាជិកភាព បន្តសុពលភាពប្រចាំឆ្នាំ និង បំផុសអោយមានការចូលជា សមាជិកភាពថ្មី នៃមន្ត្រីបុគ្គលិក របស់មន្ទីរអង្គភាពខ្លួនអោយបានជាអតិបរិមា
៤-សម្របសម្រួល និងជួយចែកចាយបន្តនូវ លិខិតអំពាវនាវរកមូលនិធិ និងលិខិតផ្សេងៗរបស់សាខា ទៅកាន់មន្ត្រីបុគ្គលិកក្រោមឱវាទ ក្នុងឱកាសនៃការរកមូលនិធិរបស់សាខា
៥-សម្របសម្រួល និង ចូលរួមរៀបចំពិធីផ្សព្វផ្សាយផ្សេងៗ ដែលរៀបចំឡើងរវាងសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង នៅក្នុងមន្ទីរអង្គភាពរបស់ខ្លួន
៦-ចូលរួមវគ្គផ្សព្វផ្សាយផ្សេងៗ ដែលធ្វើឡើងដោយ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ឬសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង
៧-ផ្តល់ព័ត៌មាន អំពីជនក្រីក្រ អ្នកមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ដែលមានជីភាពខ្វះខាត ជនរងគ្រោះថ្នាក់ចរាចរណ៍ ដល់សាខាដើម្បីចូលរួមចុះសួរសុខទុក្ខ
៨-សម្របសម្រួល និងចូលរួមសកម្មភាពមួយចំនួនទៀត ដែលសាខាកាកបាទក្រហម កម្ពុជា ខេត្តកោះកុង មានតម្រូវការអោយជួយ៕

អត្ថបទទាក់ទង