រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុនៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ ដល់គណនេយ្យករ និងបេឡាករ នៃរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុនៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ ដល់គណនេយ្យករ និងបេឡាករ នៃរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។

លោកអភិបាលរង បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បីធ្វើឱ្យគណនេយ្យករ និងបេឡាករនៃរដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ បានយល់ដឹង និងមានសមត្ថភាពក្នុងការអនុវត្ត និងគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុរបស់មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ ប្រកបដោយប្រសិទ្ធភាព។ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់អាហារូបត្ថម្ភ សុខភាព មាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍មូលធនមនុស្សសម្រាប់ភាពប្រកួតប្រជែង របស់កម្ពុជា នាពេលអនាគត។ ផ្អែកលើទស្សនៈវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគម្រោង អាហារូបត្ថម្ភនៅកម្ពុជា (Cambodia Nutrition Project) ។ គម្រោងនេះ សហការឧបត្ថម្ភដោយ ក្រុមធនាគារពិភពលោក (World Bank Group) មូលនិធិសកល សម្រាប់គាំទ្រគ្រប់ស្ត្រី និងគ្រប់ (Global Financing Facilities in Support of Every Woman and Every Children) ជំនួយអូស្ត្រាលី (Australia Aids) ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ (German Development Bank KFW និងមូលនិធិម្ចាស់ជំនួយពហុភាគី នៃគម្រោងលើកកម្ពស់សមធម៌ និងការកែលម្អគុណភាព សុខាភិបាល (H-EQIP MDTF) ដែលមានរយៈពេល៥ឆ្នាំ(២០១៩-២០២៤) នឹងត្រូវចំណាយ ថវិកាសរុបចំនួន ៥៣លានដុល្លាសហរដ្ឋអាមេរិក។ គោលបំណងនៃគម្រោងនេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ និងគុណភាពនៃសេវាអាហារូបត្ថម្ភជាអាទិភាពសម្រាប់សុខភាពមាតា និងកុមារប្រកបដោយ ប្រសិទ្ធភាព សំដៅធានានិរន្តរភាព និងស័ក្ដិសិទ្ធិភាពនៃការផ្តល់ហិរញ្ញប្បទាន សម្រាប់សេវាសុខភាពបន្តពូជ អាហារូបត្ថម្ភសម្រាប់មាតា និងកុមារ ព្រមទាំងចូលរួមកាត់បន្ថយ អត្រាភាពក្រិនរបស់កុមារ នៅក្នុងខេត្តគោលដៅចំនួន០៧ ក្រុង-ស្រុកចំនួន៤៩ និងឃុំ សង្កាត់ចំនួន ៣០២ និងភូមិចំនួន ១.៦៤១ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះមានសមាសភាគ ចំនួន ០៣ រួមមាន : សមាសភាគ ១). ការពង្រឹងការផ្តល់សេវាសុខភាពជាអាទិភាព សមាសភាគ ២). ជំរុញឱ្យមានតម្រូវការ និងគណនេយ្យភាពនៅកម្រិតសហគមន៍ សមាសភាគ៣). ធានានូវប្រសិទ្ធភាព និងការឆ្លើយតបប្រកបដោយចីរភាព សូមបញ្ជាក់ថា ក្រសួងសុខាភិបាលជាភ្នាក់ងារប្រតិបត្តិនូវសមាសភាគ១ និងសមាសភាគ៣។ ដោយឡែក សម្រាប់លេខាធិការដ្ឋាន គ.ជ.អ.ប ទទួលបន្ទុកអនុវត្ត សមាសភាគ២ នៃគម្រោងនេះ។ ហើយវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារ គម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៃលេខាធិការដ្ឋាន គ.ជ.អ.ប នឹងលើកយកផ្នែកសំខាន់ៗ រួមមាន៖
១).រចនាសម្ព័ន្ធ ២).លំហូរថវិកា ៣).ប្រព័ន្ធគណនេយ្យ និងការកត់ត្រា ៤).នីតិវិធីនៃការចំណាយ ៥).ការរក្សាទុកឯកសារ ៦).របាយការណ៍ហិរញ្ញវត្ថុ ៧).សវនកម្ម និងទម្រង់ឧបសម្ព័ន្ធ។
បន្តិចទៀតនេះ អ្នកសម្របសម្រួល នៃក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នឹងធ្វើការ សម្របសម្រួល ធ្វើបទបង្ហាញ និងពន្យល់លម្អិតបន្ថែម ជូនអស់លោក លោកស្រី អ្នកនាងកញ្ញា ដើម្បីបានយល់ដឹង និងជ្រាបនូវខ្លឹមសារ នៃផ្នែកសំខាន់ៗទាំងនោះ ដូច្នេះ ដើម្បីឱ្យវគ្គបណ្តុះ បណ្តាលនេះ ប្រព្រឹត្តទៅប្រកបដោយភាពរលូន មានប្រសិទ្ធភាព និងទទួលបានជោគជ័យ តាមការ គ្រោងទុក ខ្ញុំសូមស្នើ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាសិក្ខាកាមចូលរួមឱ្យបានសកម្ម និង យកចិត្តទុកដាក់ស្តាប់នូវការពន្យល់ បទបង្ហាញ ចូលរួមសាកសួរ ចូលរួមអនុវត្តលំហាត់ជាក់ស្តែង ព្រមទាំងបញ្ចេញមតិយោបល់ឱ្យបានផុលផុសនៅក្នុងវគ្គនេះផងដែរ៕

អត្ថបទទាក់ទង