រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានចូលរួមជាមួយប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការ ដើម្បីចុះពិនិត្យទីតាំងស្នើសូមធ្វើប្រព័ន្ធផ្លូវមេ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចូលពីចំណុចផ្លូវជាតិលេខ៤៨ ចូលទីតាំងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច

លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានចូលរួមជាមួយប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការ ដើម្បីចុះពិនិត្យទីតាំងស្នើសូមធ្វើប្រព័ន្ធផ្លូវមេ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចូលពីចំណុចផ្លូវជាតិលេខ៤៨ ចូលទីតាំងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចរបស់ក្រុមហ៊ុន ប្រវែងសរុប ៤,៧១៣ម៉ែត្រ (ប្រវែង ២,៦១៧ម៉ែត្រ ទទឹង ១២ម៉ែត្រ និងប្រវែង ២,០៩៦ម៉ែត្រ ទទឹង១០ម៉ែត្រ) ដែលមានទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្រ្តភូមិអន្លង់វាក់ ឃុំតាតៃក្រោម ស្រុកកោះកុង នៃខេត្តកោះកុង។
ការចុះពិនិត្យទីតាំងដីស្នើសុំធ្វើផ្លូវនេះក៏មានការចូលរួមពីលោកអភិបាលរងស្រុក លោកមេឃុំតាតៃក្រោម និងតំណាងក្រុមហ៊ុន។ ក្រោយពីការចុះពិនិត្យទីតាំងជាក់ស្តែង ក្រុមការងារបានពិនិត្យឃើញថាទីតាំងនេះជាព្រៃឫស្សី មានដើមឈើតូចៗ និងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរលើបរិស្ថាន នៅពេលស្ថាបនាផ្លូវនោះទេ ក្នុងនោះក្រុមការងារបានសាទរ និងគាំទ្រការអនុវត្តគម្រោងផ្លូវក្រួសក្រហមមួយខ្សែនេះ និងបានដាក់ចេញនូវចំណុចមួយចំនួនជូនក្រុមហ៊ុន ដូចខាងក្រោម៖
១-សូមឱ្យក្រុមហ៊ុនស្ថាបនាផ្លូវចូលចាប់ពីចំណុចផ្លូវជាតិលេខ៤៨ តាមព្រំដីគម្រោងវិនិយោគ (ជួលដីរដ្ឋ) រហូតដល់ទីតាំងភូមិកោះអណ្តែត ដែលមានប្រវែងសរុបជាង ៦គីឡូម៉ែត្រ និងត្រូវដាក់គម្រោងផ្លូវនេះជាសម្បត្តិសាធារណៈ ដែលប្រជាជនប្រើប្រាស់បានជាទូទៅ។ ២-គម្រោងផ្លូវត្រូវតែមានគុណភាពស្របតាមបច្ចេកទេស មានប្រឡាយដោះទឹក និងត្រូវដាំដើមឈើអមសងខាងផ្លូវឡើងវិញ។ ៣-សូមដោះស្រាយផលប៉ះពាល់នានា ប្រសិនបើការអនុវត្តគម្រោងនេះបានប៉ះពាល់ដល់ការអាស្រ័យផល រឺកម្មសិទ្ធិឯកជន
៤-សូមចូលរួមថែរក្សាបរិស្ថាន ការពារគម្របព្រៃឈើ និងត្រូវសហការជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ការកាប់ព្រៃឈើ រឺទន្ទ្រានយកដីព្រៃខុសច្បាប់។
៥-នៅពេលបានគោលការណ៍អនុញ្ញាតពីក្រសួង លើការស្ថាបនាផ្លូវនេះ ក្រុមហ៊ុនត្រូវស្នើសូមកិច្ចសហការជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានជាប្រចាំមុនពេលអនុវត្ត។ សូមបញ្ជាក់ថា៖ ភូមិកោះអណ្តែត នៃឃុំតាតៃក្រោម ស្រុកកោះកុង មានប្រជាជនរស់នៅប្រមាណ ១៧០គ្រួសារ ដែលបច្ចុប្បន្នមិនមានផ្លូវគោកនោះទេ ប្រជាជនធ្វើដំណើរតាមទូក ដែលមានការលំបាកខ្លាំង ទាំងសិស្សានុសិស្ស គ្រូបង្រៀន ព្រះសង្ឃ និងប្រជាជន ក្នុងការមកទទួលសេវាសុខាភិបាល ការអប់រំ ពិធីសាសនា មុខរបររកស៊ី និងសេវាសាធារណៈផ្សេងៗទៀតក៏មានការលំបាកខ្លាំង ដូច្នេះការស្ថាបនាផ្លូវមួយខ្សែនេះប្រៀបដូចជាសរសៃឈាម ជាចរន្តសេដ្ឋកិច្ច និងសេវាសង្គមបានយ៉ាងល្អប្រសើរដល់ប្រជាជនក្នុងភូមិកោះអណ្តែត៕

អត្ថបទទាក់ទង