រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលជួបពិភាក្សាការងារមួយចំនួន ជាមួយ លោក ម៉ូរី ណូប៊ីអុ លេខាទី១ និងជាប្រធានផ្នែកនយោបាយ នៃស្ថានទូតជប៉ុន ប្រចាំនៅប្រទេសកម្ពុជា លោកស្រី ហ្វីជីម៉ុតុ ស្យូកុ លេខាទី១ និងជាប្រធានផ្នែកសេដ្ឋកិច្ច និងជំនួយអភិវឌ្ឍន៍ផ្លូវការ និងសហការ នៃស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលជួបពិភាក្សាការងារមួយចំនួន ជាមួយ លោក ម៉ូរី ណូប៊ីអុ លេខាទី១ និងជាប្រធានផ្នែកនយោបាយ នៃស្ថានទូតជប៉ុន ប្រចាំនៅប្រទេសកម្ពុជា លោកស្រី ហ្វីជីម៉ុតុ ស្យូកុ លេខាទី១ និងជាប្រធានផ្នែកសេដ្ឋកិច្ច និងជំនួយអភិវឌ្ឍន៍ផ្លូវការ និងសហការ នៃស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ នាងខ្ញុំ និងសហការី មានសេចក្តីសោមនស្សរីករាយណាស់ ដោយបានជួបជុំពិសារអាហារពេលល្ងាច និងពិភាក្សាការងារមួយចំនួន ស្តីពីបញ្ហាផលប៉ះពាល់ជំងឺកូវីដ-១៩ លើសេដ្ឋកិច្ចខេត្តកោះកុង និងគម្រោងផែនការនៃការអភិវឌ្ឍ ជាមួយគណៈប្រតិភូស្ថានទូត ជប៉ុនប្រចាំកម្ពុជា ដឹកនាំដោយ លោក ម៉ូរី ណូប៊ីអុលេខាទី១ និងជាប្រធានផ្នែកនយោបាយ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោកស្រី ហ្វីជីម៉ុតុ សូកុ លេខាទី១ និង ជាប្រធានផ្នែកសេដ្ឋកិច្ចនិងជំនួយអភិវឌ្ឍន៍ផ្លូវការ និងសហការី។
នាងខ្ញុំសូមជម្រាបជូន ឯកឧត្តម និងសហការី បានជ្រាបខ្លះៗ អំពីលក្ខណៈ ភូមិសាស្ត ប្រជាសាស្ត្រ នៅក្នុងខេត្តកោះកុង។ ខេត្តកោះកុង មានទីតាំងនៅភាគនិរតី នៃប្រទេសកម្ពុជា មានចម្ងាយ២៩០គីឡូម៉ែត ពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ ខាងលិចជាប់នឹង ប្រទេសថៃ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ និងខាងត្បូងជាប់នឹងខេត្តព្រះសីហនុនិងសមុទ្រ។ ខេត្តកោះកុង មានផ្ទៃដីសរុប១០,០៤៥គីឡូម៉ែត្រការ៉េ (ដប់ពាន់ សូន្យរយ សែសិប ប្រាំគីឡូម៉ែត្រការ៉េ)។ ដែនដីរដ្ឋបាលខេត្ត ត្រូវបានចែកជាក្រុង១មាន៣សង្កាត់ ស្រុក ៦ មាន ២៦ឃុំ និង មានភូមិសរុបចំនួន ១១៩ភូមិ នៅទូទាំងខេត្ត មានគ្រួសារសរុបចំនួន ២៩,១៩៩គ្រួសារ (ម្ភៃប្រាំបួនពាន់ មួយរយ កៅសិបប្រាំបួន គ្រួសារ) មានមនុស្សសរុប ១៣៣,៣៨៦នាក់ (មួយរយសាមសិបបីពាន់ បីរយប៉ែតសិបប្រាំមួយនាក់) ស្តី្រ ៦៦,៤៧១នាក់ (ហុកសិប ប្រាំមួយពាន់បួនរយចិតសិបមួយនាក់) និងមានដង់ស៊ីតេប្រជាជន ១២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ មុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋ គឺពឹងផ្អែកលើវិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យសេវាកម្ម ការធ្វើនេសាទ ជំនួញជួញដូរ រកអនុផលព្រៃឈើ វារីវប្បកម្ម និងធ្វើកម្មករ រោងចក្រ។ ខេត្តកោះកុង ជាខេត្តមួយនៅជាប់ព្រំដែននៃប្រទេស ព្រមទាំងមានសក្តានុពល មួយចំនួនដែលអាចបម្រើឲ្យវិស័យទេសចរណ៍ វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម ដែល រួមមាន៖ ផ្លូវជាតិលេខ៤៨ ដែលមានប្រវែង ១៥០គីឡូម៉ែត្រ និងស្ពានឆ្លងដៃព្រែកធំៗចំនួន ០៥កន្លែង ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតសម្រាប់ខេត្តកោះកុង។ ផ្លូវជាតិនេះ បានបើកការដ្ឋានសាងសង់ជាលើកដំបូងដោយក្រាលគ្រួសក្រហមនៅឆ្នាំ២០០២ ដោយកង វិស្វកម្មភូមិន្ទ ហើយមានប្រភពកម្ចីថវិកាពីព្រះរាជាណាចក្រថៃ បន្ទាប់មកផ្លូវជាតិនេះ

ត្រូវបានបើកការដ្ឋានសាងសង់ជាកំរាលកៅស៊ូពីរស្រទាប់(DBST)នៅឆ្នាំ២០០៥ និងបញ្ចប់ នៅឆ្នាំ២០០៧ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០០៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ។ បច្ចុប្បន្ន ផ្លូវនេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញ ដែលនឹងត្រូវចំណាយពេលវេលា៣២ខែ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤។ ផ្លូវជាតិដ៏មានសារៈសំខាន់នេះ នឹងត្រូវលើកគុណភាពដោយត្រូវស្ថាបនា ផ្លូវមានពីរគន្លងប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ និងផ្លូវមានបួនគន្លង មានប្រវែង ២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី១៨,៥ ដល់ ២១,៥ម៉ែត្រ ដែលមានចំនួន០៤ទីតាំង គឺ ទីតាំងទី១ ស្ថិតនៅក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ទីតាំងទី២ ស្ថិតនៅក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ទីតាំងទី៣ ស្ថិតនៅក្នុងឃុំតាតៃក្រោម ស្រុកកោះកុង និងទីតាំងំទី៤ ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ចំពោះផ្លូវជាតិដ៏មានសារៈសំខាន់បន្ទាប់ គឺ ផ្លូវជាតិលេខ១០ ដែលត្រូវសាងសង់រយៈ ពេល៤៨ខែ ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។ ផ្លូវជាតិនេះមានប្រវែង ១៩៨,៧១គីឡូម៉ែត្រ ចាប់ពីសំឡូត(ខេត្តបាត់ដំបង) វាលវែង(ខេត្តពោធិ៍សាត់) ដល់ក្រុងខេមរភូមិន្ទ(ខេត្តកោះកុង)។ បច្ចុប្បន្នផ្លូវជាតិនេះ បាន សាងសង់សម្រេចបានប្រមាណជា៧០ភាគរយ។
-មាត់ច្រកអន្តរជាតិចាំយាម
-មានសណ្ឋាគារលំដាប់ផ្កាយប្រាំនៅជាប់មាត់សមុទ្រ និងជាប់ព្រំដែន តំបន់សេដ្ឋកិច្ចពិសេសនាងកុក ទំហំ ៣៣៦ហិកតា ស្ថិតនៅស្រុកមណ្ឌលសីមា ដែលមានក្រុមហ៊ុនចំនួន០៥ គឺ Hyundai(ហ៊ីយ៉ាន់ដាយ) KKN(ខេខេអិន) HANNA (ហាន់ណា) MIKAZA(មីហ្គាហ្សា) និង YAZAKI(យ៉ាហ្សាគិ) ដែលមានកម្មករ កម្មការនី ប្រមាណ ១២,០០០នាក់ កំពុងបម្រើការនៅទីនោះ។
-តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរ ខេត្តកោះកុង ទំហំ២,២០០ហិកតា និង៦៥អា ស្ថិតនៅស្រុកគិរីសាគរ។
ខេត្តកោះកុងមានកោះតូចធំចំនួន ២៣កោះ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន០៥ ក្នុងនោះមានកោះចំនួន០៩ដែលមានផ្កាថ្ម និងមានកោះចំនួន១៧ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនឯកជន ធ្វើការវិនិយោគ។ តំបន់វិស្សមកាលតារាសាគរកោះស្តេចមានទីលានវាយកូនហ្គោលខ្នាតអន្តរជាតិ សណ្ឋាគារ បឹងហ្គាឡូ ព្រលានយន្តហោះខ្នាតអន្តរជាតិ គម្រោងឈូងសមុទ្រឡងបេយ៍ កំពង់ផែសមុទ្រទឹក ស្ថិតនៅស្រុកគិរីសាគរ និងស្រុកបូទុមសាគរ របស់ក្រុមហ៊ុនយូញៀន ឌីវីឡុបមេន គ្រុប ខូអិលធីឌី (Union Development Group Co., Ltd)។ កំពង់ផែទំហំ ៤០០ម៉ែត្រ គុណនឹង ១៦០០ម៉ែត្រ ជម្រៅទឹកប្រមាណជា១៣ម៉ែត្រ អភិវឌ្ឍដោយក្រុមហ៊ុនអិល វាយ ភី គ្រុប ស្ថិតនៅក្នុងឃុំ ព្រែកខ្សាច់ ស្រុកគិរីសាគរ
-តំបន់ឆ្នេរប្រវែង ២១៧គ.ម លាតសន្ធឹងពីចំណុចជ្រោយស្វាយ ស្រុកស្រែអំបិល ដល់ ចំណុចចាំយាម ត្រូវបានជាប់ជាសមាជិកក្លឹបឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតលើសកលលោក និងត្រូវបានប្រសិទ្ធនាមថាឆ្នេរសមុទ្រកម្ពុជា“តានាទិសនិរតី”។ -តំបន់អេកូទេសចរណ៍ធម្មជាតិព្រៃកោងកាង មានទំហំ ១២,០០០ហិកតា

  • វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម អនុភាព៣៣៨មេហ្គាវ៉ាត់ វារីអគ្គិសនីស្ទឹងតាតៃក្រោម អនុភាព ២៤៦ មេហ្គាវ៉ាត់ និងវារីអគ្គិសនីគិរីរម្យ៣ អនុភាព១៨ មេហ្គាវ៉ាត់ តំបន់កសិកម្មចម្រុះ តំបន់ទឹកជ្រោះជ្រលងដងអូរ តំបន់ព្រៃភ្នំ ធម្មជាតិ និងតំបន់ឆ្នេរដ៏ស្រស់ស្អាត ជាច្រើនកន្លែង ដែលអាចបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងតំបន់អេកូទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ។ល។
    ទាំងនេះគឺជាលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពល និងសមិទ្ធផលដោយសង្ខេប នៃខេត្តកោះកុង។ នាងខ្ញុំសូមជម្រាបជូន គណៈប្រតិភូ បានជ្រាបអំពី ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងខេត្តកោះកុង ដោយបច្ចុប្បន្ននេះ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព បាន រួមគ្នាខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវបេតុងអាមេ ផ្លូវកៅស៊ូអាសេ(AC) ផ្លូវគ្រួស ក្រហម លូកាត់ផ្លូវ លូដោះទឹក ភ្លើងអគ្គិសនីបំភ្លឺសាធារណៈ អគារច្រកចេញចូលតែមួយ អគាររដ្ឋបាលខេត្តថ្មី អគារមន្ទីរ អង្គភាព សួនច្បារ ជួសជុលសាលមហោស្រពជីកស្រះ ស្តារប្រឡាយ និងបានសាងសង់កំពង់ផែ។ល។ ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរប្រកបមុខរបរផ្សេងៗ និងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូន ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។
    ចំពោះវិស័យទេសចរណ៍វិញ ៖ បច្ចុប្បន្ននេះខេត្តកោះកុង មានគោលដៅអភិវឌ្ឍន៍លើ វិស័យទេសចរណ៍ ដោយបានបែងចែកជា ៤ គោលដៅ៖
    ១.តំបន់ជុំវិញក្រុងខេមរភូមិន្ទ (រួមមាន៖ តំបន់ជាប់ព្រំដែន ឆ្នេរប៉ាក់ខ្លង ឆ្នេរចាំយាម ព្រះអង្គគោកធ្លោក ចេតិយ៍ឃុនឆាង វត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង តំបន់ទឹកជ្រោះ កោះប៉ោ សហគមន៍តំបន់ការពារពាមក្រសោប សហគមន៍អេកូ-ទេសចរណ៍តាតៃក្រោម។

២.តំបន់ព្រៃត្រូពិចដ៏អស្ចារ្យ (រួមមាន៖ សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង សហគមន៍អេកូទេសចរណ៍ជីផាត)
៣.តំបន់ប្រជុំកោះ និងឆ្នេរ (រួមមាន៖ តំបន់ប្រជុំកោះស្តេច ដូចជា កោះអំពិល កោះស្មាច់ កោះទទឹង កោះខ្មោច តំបន់វិសមកាលតារាសាគរ)។
៤.តំបន់កំសាន្តស្រុកស្រែអំបិល (រួមមាន៖ សហគមន៍ដងពែង មានដូចជា ស្ទឹងពពក ទឹកជ្រោះអណ្តាតពង្រូល វត្តអង្គរភ្នំខ្លុង និងរម្មណីដ្ឋានតាមបណ្ដោយឆ្នេរនេសាទ។ ក្នុងវិស័យទេសចរណ៍នេះ យើងមានទិសដៅដូចខាងក្រោម ៖ ខិតខំស្តារនិងពង្រឹងលើសេវាកម្ម អាជីវកម្ម និងសហគមន៍ដែលបម្រើដល់វិស័យ ទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីជំរុញកំនើនភ្ញៀវទេសចរតាមរយៈ ការបើកវគ្គ បណ្តុះបណ្តាលស្តីពីបដិសណ្ឋារកិច្ច សុវត្ថិភាពចំណីអារហារ គ្រប់គ្រងសំណល់រឹងរាវ ទប់ស្កាត់ការជួញដូរផ្លូវភេទស្រ្តីនិងកុមារក្នុងវិស័យទេសចរណ៍ មគ្គុទ្ទេសក៏សហគមន៍។ រៀបចំផលិតជាវីដេអូខ្លី អំពីសក្តានុពលទេសចរណ៍តាមតំបន់រម្មណីដ្ឋាននានា។ ផ្សព្វផ្សាយ អំពីសក្តានុពលទេសចរណ៍តាមរយៈបណ្ដាញសង្គម (ហ្វេសបុក វេបសាយ របស់មន្ទីរទេសចរណ៍ យូធូប) និងរៀបចំបោះពុម្ភប័ណ្ណព័ត៌មានទេសចរណ៍ និងសៀវភៅសក្ដានុពលទេសចរណ៍។
ក្នុងឆ្នាំ២០២០ -២០២១ កន្លងទៅនេះជំងឺកូវីដ-១៩ បានរាតត្បាតទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ ដោយផ្ដល់នូវផលប៉ះពាល់ជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាពិសេសប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក។ ចំពោះ ប្រទេសកម្ពុជាវិញ ស្ថិតក្នុងអំឡុងពេលនៃវិបត្តិឆ្លងរាលដាលជំងឺកូវីដ-១៩នៅទូទាំងពិភពលោក ប្រជាជនកម្ពុជា មានភ័ព្វសំណាង ដោយមានប្រមុខរាជរដ្ឋាភិបាល ដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិត បានខិតខំស្វះស្វែងរកថ្នាំបង្ការ ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ហើយជាលទ្ធផលប្រជាជនកម្ពុជាត្រូវបានចាក់ថ្នាំបង្ការជំងឺកូវីដ-១៩បានយ៉ាងច្រើនលើសលុប និងជាប្រទេស លំដាប់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ី ដែលបានចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរួមទាំងជនបរទេសដែលកំពុងរស់នៅ និងស្នាក់នៅក្នុងប្រទេសកម្ពុជាផងដែរ។ ដោយឡែកនៅខេត្តកោះកុងវិញ ក៏មានភ័ព្វសំណាងយ៉ាងខ្លាំង ដោយមានការយកចិត្ត ទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែង គិតគូរ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកោះកុង រួមជាមួយនឹងក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋនៅទូទាំងខេត្តកោះកុង ប្រមាណ៩៣.៧៣% ត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានដោយជោគជ័យ ហើយប្រជាពលរដ្ឋនៅទូទាំងខេត្ត ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ សូមគោរពថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ គិតគូរដល់សុខុមាលភាព ប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងសម្តេចពិជ័យសេនា។

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហការដ៏ល្អប្រសើរ និងការផ្តល់ជំនួយជាច្រើនលើសលប់ដល់ប្រទេសកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាពិសេស គឺស្ពាន និងផ្លូវថ្នល់ ក៏ដូចជាវិស័យអប់រំសិក្សាធិការ ដល់ខេត្តកោះកុង។
ជាថ្មីម្តងទៀត នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ម៉ូរី ណូប៊ីអុ លេខាទី១ និងជាប្រធានផ្នែកនយោបាយ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោកស្រី ហ្វីជីម៉ុតុ ស្ដូកុ លេខាទី១ និងជាប្រធានផ្នែកសេដ្ឋកិច្ច និងជំនួយអភិវឌ្ឍន៍ផ្លូវការ និងសហការី ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង និងសូមគោរពជូនពរ គណៈប្រតិភូ សូមមានសុខភាពល្អបរិបូរណ៍ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច៕
ថ្ងៃព្រហស្បតិ៍ ១២ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ May 12, 2022

អត្ថបទទាក់ទង