រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អភិបាលខេត្តកោះកុង ស្វាគមន៍ភ្ញៀវទេសចរជាតិមកកម្សាន្តតាមរមណីយដ្ឋានធម្មជាតិល្បីៗ នៅខេត្តកោះកុង ក្នុងឱកាសឆ្លងឆ្នាំសកលនាពេលខាងមុខ និង ទទួលយកភាពរីករាយក្នុង កម្មវិធីប្រគុំតន្រ្តីឆ្លងឆ្នាំសកល ឆ្នាំ២០២០

អភិបាលខេត្តកោះកុង ស្វាគមន៍ភ្ញៀវទេសចរជាតិមកកម្សាន្តតាមរមណីយដ្ឋានធម្មជាតិល្បីៗ នៅខេត្តកោះកុង ក្នុងឱកាសឆ្លងឆ្នាំសកលនាពេលខាងមុខ និង ទទួលយកភាពរីករាយក្នុង កម្មវិធីប្រគុំតន្រ្តីឆ្លងឆ្នាំសកល ឆ្នាំ២០២០

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រកាសទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ ដែលមានគម្រោងទៅទស្សនកិច្ចតំបន់ទេសចរណ៍នានាក្នុងអំឡុងពេលឆ្លងឆ្នាំខាងមុខ អោយមក
ទស្សនាកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិល្បីៗជាច្រើនកន្លែងក្នុងខេត្តកោះកុង ដែលរួមមាន រមណីយដ្ឋានព្រៃកោងកាង បាងកាយ៉ាក ឃុំពាមក្រសោប ទឹកជ្រោះតាតៃ ទឹកជ្រោះតាប៉ន តារាសាគរ​​ ស្រុកគីរីសាគរ និងតំបន់ច្រកទ្វារអន្តរជាតិកម្ពុជាថៃ ចាំយាមជាដើម។

ដោយលោកជំទាវ បានរម្លឹកផងដែរថាចំនួនបន្ទប់ស្នាក់នៅសម្រាប់ភ្ញៀវទេសចរក្នុងខេត្តកោះកុងទាំងមូល យើងមានរហូតដល់ ១,៥១៣ បន្ទប់ ឯណោះ ដូច្នេះការស្នាក់នៅមិនមានអ្វីជាកង្វល់សោះឡើយ ហើយតម្លៃក៏លោកជំទាវក៏បានស្នើដល់ម្ចាស់សណ្ឋាគារ និង រមណីយដ្ឋាននីមួយៗ អោយរក្សានៅដដែរ មិនមានការឡើងថ្លៃហួសកម្រិតពេកនោះឡើយ។

ដោយឡែកសុវត្តិភាពនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង លោកជំទាវ ជាមួយស្នងការនគរបាលខេត្ត បានរៀបចំអោយមានការយាមប្រចាំការនៅតាមតំបន់នីមួយៗ ដើម្បីរក្សាសុវត្ថិភាពដល់ ភ្ញៀវទេសចរយ៉ាងម៉ត់ចត់ជាទីបំផុត។

ក្រៅពីមានរមណីយដ្ឋានធម្មជាតិស្អាតៗទាំងនេះ ក្រុមការងារសាលាខេត្ត ក៏បាន សហការ ជាមួយក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដើម្បីរៀបចំកម្មវិធីប្រគុំតន្ត្រីឆ្លងឆ្នាំ ដោយមាន ចូលរួមសម្តែងដោយតារាចម្រៀងល្បីៗដូចជាលោក ហ្សូណូ កញ្ញា យូរី និង ឌីជេល្បីមកពី ប្រទេសថៃគឺកញ្ញា JINNICHA រយៈពេល ២ថ្ងៃ ៣០-៣១ ធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ៦ ល្ងាចតទៅ នៅមាត់សមុទ្រ​ ទល់មុខសាលាខេត្តកោះកុង សម្រាប់ជាការកម្សាន្តសប្បាយរីករាយដល់ជូនដល់ប្រជាពលរដ្ឋក្នុងទីរួមខេត្ត និងជាការអបអរសាទឆ្នាំចាស់​ ឆ្លងចូលឆ្នាំថ្មីសម្រាប់ពលរដ្ឋខេត្តកោះកុងទំាងមូល និង សមិទ្ធិផលដែលក្រុមការងារខេត្តសម្រេចបានពេញមួយឆ្នាំកន្លងទៅ។

ជាចុងក្រោយលោកជំទាវអភិបាលក៏សូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូលសូមទទួលបានសិរីសួស្តីក្នុងឆ្នាំថ្មីឆ្នាំសកល ទទួលបានសេចក្តីសុខគ្រប់ៗគ្រួសារ និងចូលរួមទទួលអំណរឆ្នាំថ្មី២០២០ ទាំងអស់គ្នា។

អត្ថបទទាក់ទង