រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងឱកាសប្រារព្ធទិវាបរិស្ថានជាតិ និងអន្តរជាតិ ៥ មិថុនា ២០២២ ក្រោមប្រធានបទ ថែទាំភពផនដី ដើម្បីសុខភាពយើង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងឱកាសប្រារព្ធទិវាបរិស្ថានជាតិ និងអន្តរជាតិ ៥ មិថុនា ២០២២ ក្រោមប្រធានបទ ថែទាំភពផនដី ដើម្បីសុខភាពយើង

លោកអភិបាលរងខេត្ត បានលើកឡើងថា ការប្រារព្ធទិវាបរិស្ថានជាតិ និងអន្តរជាតិ ៥ មិថុនា ២០២២ នាពេលនេះ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងពីបរិស្ថាន ដល់សាធារណៈជន លើកទឹកចិត្តប្រជាសហគមន៍ និងសាធារណៈជនទូទៅឱ្យចូលរួមចំណែកក្នុងការអភិវឌ្ឍអេកូទេសចរណ៍ និងការអភិវឌ្ឍដោយចីរ ភាព។ កន្លងមកនេះ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្លាំងក្នុងកិច្ចគាំពារបរិស្ថាន ដើម្បីលើក កម្ពស់វិស័យបរិស្ថាន ដោយបានរួមសហការជាមួយមន្ទីរអង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិនានា ក៏ដូចបងប្អូនប្រជាពលរដ្ឋ និងវិស័យឯកជនក្នុងខេត្ត ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុ ការពារគុណភាពបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ក្នុងខេត្តរបស់យើងឱ្យប្រើប្រាស់បានយូរ អង្វែងសម្រាប់អ្នកជំនាន់ក្រោយ។ ជាក់ស្ដែងរដ្ឋបាលខេត្តបានសហការជាមួយបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត សាលារៀន វត្តអារ៉ាម និងវិស័យឯកជនឱ្យចូលរួមដាំកូនឈើបានរាប់ម៉ឺនដើម នៅតាមដងផ្លូវ ទីសាធារណៈ និងក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកោះកុង។ ក្នុងសកម្មភាពនេះដែរ មន្ទីរបរិស្ថានខេត្តក៏បានរួមចំណែកខិតខំ បំផុសចលនាមហាជន និងធ្វើការសហការជាមួយនឹងអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក្នុងគោលបំណងឱ្យមានការចូលរួមថែរក្សាបរិស្ថាន ទីក្រុង និងជនបទមានភាពបៃតងតាមរយៈសកម្មភាពការអប់រំផ្សព្វផ្សាយលើកទឹកចិត្តចូលរួមចំណែក អភិរក្សធនធានធម្មជាតិ ដើម្បីការពារបរិស្ថានក្នុងន័យការពារជីវិតនៅលើផែនដីអាចរស់នៅបានដោយសុខសុវត្ថិភាព និងយូរអង្វែង។ ថ្វីត្បិតតែខេត្តកោះកុង មិនទាន់មានបញ្ហាប៉ះពាល់ធំដុំពីការប្រែប្រួលអាកាសធាតុនៅឡើយ ប៉ុន្តែយើងត្រូវចូលរួមគិតគូរ និងកែលំអការអភិវឌ្ឍទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកទីក្រុង និងការអភិវឌ្ឍវិស័យកសិកម្មឱ្យបានទាន់ពេលវេលា ដែលចូលរួមចំណែកដ៏សំខាន់សម្រាប់ធ្វើឲ្យខេត្ត កោះកុងក្លាយជាទីក្រុងទេសចរណ៍បៃតង បរិស្ថាន បៃតង កសិកម្មបៃតង និងឆ្នេរសមុទ្រស្រស់ស្អាត ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រសិទ្ធនាមខេត្តជាប់មាត់សមុទ្រជាតារារះនាទិសនិរតី។ លើសពីនេះការគ្រប់គ្រងសំរាម និងអនាម័យបរិស្ថាននៅខេត្តកោះកុង បច្ចុប្បន្នថ្នាក់ដឹកនាំខេត្តបានណែនាំដល់មន្ទីរជំនាញជុំវិញខេត្តយកចិត្តទុកដាក់ខ្លាំង។ ជាក់ស្ដែងការប្រារព្ធទិវាបរិស្ថាន ជាតិ និងអន្តរជាតិ ៥ មិថុនា ២០២២ នាថ្ងៃនេះ ជាចលនាមួយគាំពារបរិស្ថានអភិរក្សជីវៈចម្រុះ និង ការរស់នៅប្រកបដោយចីរភាព ព្រមទាំងបំផុសឱ្យប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ដ្រី រាជការគ្រប់លំដាប់ថ្នាក់ សិស្ស និសិត្សគ្រប់ភូមិសិក្សាឱ្យចូលរួមធ្វើអនាម័យកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចនានា សំដៅរួមចំណែកកសាងសង្គមកម្ពុជាមានបរិស្ថានល្អស្អាត និង ភាពស្រស់បំព្រង។ ការប្រារព្ធទិវាបរិស្ថានជាតិ និងអន្តរជាតិ ៥-មិថុនា-២០២២ នាពេលនេះជាមោទនៈភាព មួយរបស់ខេត្តកោះកុង ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងប្រវត្តិសាស្ត្រក៏ដូចជាក្នុងការជួយ ផ្សព្វផ្សាយនូវសក្តានុពលលើវិស័យទេសចរណ៍ ក្នុងន័យការពារគុណភាពបរិស្ថាន និងការអភិរក្ស ធនធានធម្មជាតិ៕
ថ្ងៃចន្ទ ១៤ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ June 13, 2022

អត្ថបទទាក់ទង