រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត សំឃិត វៀន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងឱកាសបើកវេទិកាស្តីពី «ភស្តុតាងសម្រាប់កម្មវិធី លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ»

ហេង គីមឆន ៣៩:
បណ្ឌិត សំឃិត វៀន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងឱកាសបើកវេទិកាស្តីពី «ភស្តុតាងសម្រាប់កម្មវិធី លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ»

បណ្ឌិត សំឃិត វៀន បានលើកឡើងថា អង្គការ Save the Children ដែលបាននឹងកំពុងអនុវត្តគម្រោងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២៤ ក្នុងគោលដៅ លើកកម្ពស់សេដ្ឋកិច្ច សុខមាលភាព និងភាពធន់របស់សហគមន៍ដោយមានកិច្ចសហការណ៍យ៉ាងល្អពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង អង្គការ iDE មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងកសិករអ្នកផលិតក្នុងស្រុកគោលដៅទាំងបី (ស្រែអំបិល បូទុមសាគរ និងថ្មបាំង)។ នៅក្នុងឱកាសនេះ ជាការបង្ហាញនូវ ភស្តុតាងបទពិសោធន៍ និងសមិទ្ធិផល លើការអភិវឌ្ឍជីវភាពរបស់ប្រជាកសិករ និងតួអង្គទីផ្សារពាក់ព័ន្ធក្នុងចង្វាក់ផលិតកម្មកសិកម្មក្នុងខេត្តកោះកុង របស់គម្រោងស្ទៀរ ក្នុងរយៈពេលបីឆ្នាំកន្លងមក ចាប់ពីខែឧសភា ឆ្នាំ២០១៩ រហូតមកដល់ខែមេសា ឆ្នាំ២០២២។
ថ្ងៃនេះជាទិវាដ៏មានសារៈសំខាន់បំផុតសម្រាប់ខេត្តកោះកុង ដោយអង្គការ Save the Children បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងអង្គការ iDE រៀបចំវេទិកានេះឡើង។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងអបអរសាទរ ចំពោះសមិទ្ធិផលជាផ្កាផ្លែ ចេញពីការអនុវត្តរបស់គម្រោងស្ទៀរក្នុងរយៈពេលបីឆ្នាំកន្លះកន្លងមក និងកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រីជាដៃគូរអភិវឌ្ឍ ថ្នាក់ដឹកនាំមន្ទីរ មន្រ្តីជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងបងប្អូនប្រជាកសិករទាំងអស់ដែលបានចូលរួមយ៉ាងសកម្មកន្លងមកក្នុងការរួមចំណែកឆ្លើយតបទៅនឹងគោលនយោបាយជាតិដើម្បីកាត់បន្ថយភាពក្រីក្រ នៅក្នុងខេត្តកោះកុងរបស់យើង។ ខ្ញុំសូមអនុញ្ញាតជម្រាបជូនសង្ខេបអំពីខេត្តកោះកុង ៖ កោះកុងជាខេត្តមួយ ស្ថិតនៅទិសនីរតី នៃព្រះរាជាណាចក្រកម្ពុជា មានទីតាំងភូមិសាស្រ្តជាប់នឹងសមុទ្រ ជាមួយជួរភ្នំដ៏ច្រើន ចំនួនប្រជាជនតិច និងរស់នៅរាយប៉ាយ មានស្រុកចំនួន០៦ ក្រុង០១ ហើយមុខរបរសំខាន់ៗរួមមាន នេសាទ ធ្វើស្រែ ចម្ការ និងកម្មកររោងចក្រ…។ល។ និយាយជារួម បើប្រៀបធៀបជាមួយបណ្តាខេត្តផ្សេងទៀត ខេត្តកោះកុងរបស់យើង គឺពុំសូវមានអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនច្រើន ចូលមកអភិវឌ្ឍខេត្តទេ ជាពិសេសលើវិស័យសំខាន់ៗដូចជា៖ កសិកម្ម អប់រំ និងសុខាភិបាល។ ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ Save the Children ដែលបានផ្តល់ការគាំទ្រលើវិស័យអប់រំតាំងពីឆ្នាំ២០០៨ ដើម្បីពង្រឹងគុណភាពអប់រំ លើកកម្ពស់ការចូលរៀន និងការឆ្លើយតបគ្រោះមហន្តរាយ។ ហើយបច្ចុប្បន្ន បាននឹងកំពុងបន្តការគាំទ្រ កម្មវិធីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ តាមរយៈការអន្តរាគមន៍លើវិស័យកសិកម្ម និងប្រព័ន្ធទីផ្សារ រហូតទទួលបានលទ្ធផលជាផ្កាផ្លែ គួជាទីមោទនៈនាឱកាសនេះ។
កន្លងមកតំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងអាជ្ញាធរដែនដី បានចុះពិនិត្យសមិទ្ធិផលជាក់ស្តែង នៅក្នុងស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកថ្មបាំង។ ជាលទ្ធផល នៃការអន្តរាគមន៍របស់គម្រោងស្ទៀរ យើងសង្កេតឃើញថាកសិករពិតជាទទួលបានព័ត៌មានទីផ្សារ ពីការទិញលក់ផលិតផល និងសម្ភារកសិកម្ម ការទទួលបានចំណេះដឹង និងជំនាញក្នុងការផលិតបន្លែ ផ្លែឈើ និងចេក ជាមួយចំណូលគ្រួសារកើនឡើង ដែលជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត គួរជាទីមោទកភាព ដូចឃើញព្រឹត្តការណ៍ក្នុងថ្ងៃនេះ ជាភស្តុតាងស្រាប់។ ជាការពិត ការអភិវឌ្ឍន៍ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ព្រោះជាចលករក្នុងការកសាងធនធានមនុស្សនៅកម្រិតមូលដ្ឋាន លើចំណេះដឹង និងជំនាញបច្ចេកទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ ក្នុងបរិបទអាស៊ានបច្ចុប្បន្ន។ រាជរដ្ឋាភិបាលតែម្នាក់ឯង ពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងតម្រូវរបស់ប្រជាជន បានទាំងស្រុងនៅឡើយ។
ដូចដែលលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថារាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងបរិបទកូវីដ-១៩។ ហេតុនេះយើងត្រូវការជាចាំបាច់នូវដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន និងអាជ្ញធរដែនដីសហការគ្នា និងរួមគ្នាដោះស្រាយ ដើម្បីឲ្យវិស័យកសិកម្មក្នុងខេត្តរបស់យើងកាន់តែប្រសើរឡើង។
វត្តមានរបស់អង្គការ Save the Children រួមជាមួយដៃគូរអភិវឌ្ឍទាំងអស់ក្នុងខេត្តកោះកុង នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត ព្រោះយើងបាននៅជិតគ្នា ងាយស្រួសសហការគ្នា ធ្វើការជាមួយគ្នា ក្នុងការឆ្លើយតបបានទាន់សភាពការណ៍ ទាំងលើវិស័យកសិកម្ម អប់រំ សុខភាព សិទ្ធិកុមារ និងគ្រោះមហន្តរាយ។ ខ្ញុំជឿជាក់ថា អង្គការ Save the Children ក៏កំពុងផ្តោតការយកចិត្តទុកដាក់លើការងារទាំងនេះ ពិសេសវិស័យកសិកម្ម និងការអភិវឌ្ឍប្រព័ន្ធទីផ្សារ សម្រាប់គ្រួសារកសិករនៅក្នុងស្រុកគោលដៅរបស់ខ្លួន។ ការធ្វើការងារក្នុងភាពជាដៃគូ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចសម្រាប់ខេត្តកោះកុងរបស់យើង ព្រោះវាបង្ហាញពីភាពជាម្ចាស់ការ ការទទួលខុសត្រូវ និងតម្លាភាព។ ខ្ញុំសូមលើកទឹកចិត្តដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គការសង្គមស៊ីវិលនៅក្នុងខេត្ត សូមបន្តពង្រីក និងគាំទ្រការងារក្នុងភាពជាដៃគូ ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់កុមារទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតដ៏យូរអង្វែងនៅក្នុងខេត្តកោះកុងរបស់យើង។ ផ្តើមចេញពីលទ្ធផលដ៏ធំធេងលើការអនុវត្តគម្រោងស្ទៀរកន្លងមកនេះ ជំនួសមុខឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងអាជ្ញាធរដែនដី ខ្ញុំស្នើដល់អង្គការ Save the Children សូមបន្តកិច្ចខិតខំប្រឹងប្រែង និងពង្រីកវិសាលភាពការងាររបស់ខ្លួនលើវិស័យផ្សេងៗរួមមាន កសិកម្ម អប់រំ បរិស្ថាន និងកិច្ចការពារកុមារដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍ក្នុងខេត្តដាច់ស្រយាលមួយនេះ៕
ថ្ងៃអង្គារ ១៥ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី June 14, 2022

អត្ថបទទាក់ទង