រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្រ្ដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីសេចក្ដីណែនាំ ស្ដីពីការវាយតម្លៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់

បណ្ឌិត អ៊ុក ភ័ក្រ្ដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីសេចក្ដីណែនាំ ស្ដីពីការវាយតម្លៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់

បណ្ឌិត អភិបាលរងខេត្ត បានមានប្រសាសន៍ថា ខ្ញុំសូមថ្លែងនូវការអបអរស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់ក្រុមការងារ លោកគ្រូ អ្នកគ្រូរបស់ថ្នាក់ជាតិ ព្រមទាំងលោក លោកស្រីសិក្ខាកាម ដែលបានអញ្ជើញមកពីខេត្តរតនគិរី ខេត្តកំពង់ឆ្នាំង និងខេត្តស្ទឹងត្រែង ដើម្បីចូលរួមវគ្គដ៏មានសារប្រយោជន៍ក្នុងវេលានេះ និងសូមជូនពរលោក លោកស្រីក្នុងអំឡុងពេល នៃការស្នាក់នៅលើទឹកដី នៃខេត្តកោះកុងរបស់យើងខ្ញុំ និងពេលវិលត្រឡប់វិញ សូមបានជួបប្រកបតែសេចក្ដីសុខ សប្បាយ រីករាយ សុវត្ថិភាព និងសុភមង្គលកុំបីខាន។
លោក លោកស្រី ! យុទ្ធសាស្រ្តចតុកោណ ដែលជារបៀបវារៈ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាកម្ពុជា មានប្រព័ន្ធអភិបាលកិច្ចល្អ គឺជាស្នូល ។ កំណែទម្រង់អភិបាលកិច្ច គឺសំដៅទៅលើការកែលំអគុណភាព ប្រសិទ្ធភាព ក្នុងវិស័យសំខាន់ៗមួយចំនួនរួមមាន ការប្រយុទ្ធប្រឆាំងអំពើពុករលួយ កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា នឹងបន្តអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយផ្តោតចម្បងទៅលើ ការកែទម្រង់និងលើកម្ពស់សមត្ថភាពស្ថាប័ន ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និងការពង្រឹងអភិបាលកិច្ចវិស័យ ឯកជន តាមរយៈការពង្រឹងភាពជាអ្នកដឹកនាំ ការសម្រួចយុទ្ធសាស្រ្តអប់រំ បង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើពុករលួយ ការធ្វើប្រតិភូកម្មអំណាច ការផ្ទេរមុខងារ ការផ្ទេរធនធាន ការចែករំលែកបច្ចេកទេស និងការរៀបចំគោលនយោបាយលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យឯកជន ព្រមទាំងការងារ និងវិស័យផ្សេងៗជាច្រើនទៀត។ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាយន្តការបង្ខិតសេវាសាធារណៈឲ្យទៅនៅជិតប្រជាពលរដ្ឋ និងលើកកម្ពស់ប្រសិទ្ធភាពការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ឈរលើគោលការណ៍ នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ រដ្ឋបាលថ្នាក់ក្រោមជាតិមានតួនាទី និងការទទួលខុសត្រូវយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការផ្តល់សេវាសាធារណៈឆ្លើយតបតម្រូវការចាំបាច់នានា នៅតាមមូលដ្ឋាន ដែលកត្តាទាំងនេះបានចូលរួមចំណែកដ៏មានប្រសិទ្ធភាពដល់ការលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ រដ្ឋបាលនៅថ្នាក់ក្រោមជាតិក៏នឹងត្រូវបង្កើនការទទួលខុសត្រូវបន្ថែមទៀតនៅក្នុងការងារគ្រប់គ្រង់ ចាត់ចែង និងការអនុវត្តមុខងារ ដែលនឹងត្រូវផ្ទេរមកថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ទៀតឲ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ស្របតាមគោលនយោបាយ លិខិតបទដ្ឋាន គោលការណ៍ នីតិវិធី ដែលបានកំណត់។
ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ នៃរាជរដ្ឋាភិបាលកម្ពុជា មានគោលដៅជាយុទ្ធសាស្ដ្រច្បាស់លាស់ គឺសំដៅលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមដោយចីរភាព តាមរយៈផ្ដោតអាទិភាពទៅលើសកម្មភាពនានា ជាច្រើន ក្នុងនោះមានដូចជា ៖ ការដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ នៃគ្រួសារក្រីក្រ ការរៀបចំកិច្ចអន្ដរាគមន៍ផ្សេងៗ សំដៅលើកកម្ពស់អាហារូបត្ថម្ភ និងរៀបចំឲ្យមានយន្ដការពហុវិស័យ ដោយមានការចូលរួមពីសហគមន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃតំបន់រងនូវកង្វះអាហារូបត្ថម្ភកម្រិតខ្ពស់,ការលើកស្ទួយសុខភាពបន្តពូជ កាត់បន្ថយមរណភាពមាតា ទារក កុមារ និងកែលម្អកង្វះអាហារូបត្ថម្ភ ក្នុងចំណោមស្រ្ដី និងកុមារតូច។ល។ គម្រោងអាហារូបត្ថម្ភនៅកម្ពុជា មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ និងគុណភាពសេវាសុខភាពមាតា កុមារ និងអាហារូបត្ថម្ភជាអាទិភាពនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងគោលដៅធ្វើឲ្យប្រសើរឡើងនូវការទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថាប័នផ្ដល់សេវាសុខភាពសាធារណៈ និងប្រជាពលរដ្ឋ បង្កើតតម្រូវការ និងបង្កើនលទ្ធភាពទទួលបានសេវាសុខភាពជាអាទិភាព និងអាហារូបត្ថម្ភ ពង្រឹងការប្តេជ្ញាចិត្ត និងគណនេយ្យភាពរបស់វិស័យសាធារណៈក្នុងការកែលម្អភាពទទួលបានគុណភាពសេវាសុខភាពជាទិភាព និងអាហារូបត្ថម្ភ និងប្រើប្រាស់មូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ផ្អែកលើលទ្ធផលបំពេញការងារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្ដល់សេវារបស់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងផ្ដល់ហិរញ្ញប្បទានប្រកបដោយនិរន្ដរភាព ចំពោះសកម្មភាពសេវាសង្គមនានា ដែលពាក់ព័ន្ធនឹងសេវាអាទិភាពរបស់គម្រោង តាមរយៈការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់អនុវត្តនូវសកម្មភាពកម្មវិធីឃុំ សង្កាត់សម្រាប់ស្រ្ដី និងកុមារ ដើម្បីលើកកម្ពស់សុខភាព និងសុខមាលភាពរបស់ប្រជាជនស្របតាមតម្រូវការ ជាពិសេសសម្រាប់ស្រ្ដី និងកុមារ។ អង្គពិធី ជាទីមេត្រី!

ការវាយតម្លៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ គឺជាដំណើរការវាស់វែង និងការដាក់ពិន្ទុលើលទ្ធផលនៃការបំពេញការងាររបស់រដ្ឋបាលឃុំ សង្កាត់ អំពីការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ និងកញ្ចប់សកម្មភាពកម្មវិធីឃុំ សង្កាត់សម្រាប់ស្ត្រី និងកុមារ។ការវាយតម្លៃ និងការដាក់ពិន្ទុលើលទ្ធផលនៃការបំពេញការងាររបស់រដ្ឋបាលឃុំ សង្កាត់ផ្អែកលើបរិមាណ និងគុណភាព នៃលទ្ធផលសម្រេចបានសំខាន់ៗ ដែលទាក់ទងនឹងការរៀបចំ និងការអនុវត្តកម្មវិធីឃុំ សង្កាត់សម្រាប់ស្ត្រី និងកុមារ និងមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់។ដូច្នេះវគ្គរំលឹកឡើងវិញអំពីសេចក្ដីណែនាំស្ដីពីការវាយតម្លៃមូលនិធិគាំទ្រការផ្ដល់សេវារដ្ឋបាលឃុំ សង្កាត់ ដែលកំពុងត្រូវបានរៀបចំធ្វើឡើងក្នុងឱកាសនេះ គឺពិតជាមានភាពចាំបាច់ និងសារប្រយោជន៍ខ្លាំងណាស់ ចំពោះលោក លោកស្រី ដែលជាក្រុមអ្នកវាយតម្លៃ នៃរដ្ឋបាលគោលដៅអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា។
វគ្គនេះ នឹងបង្ហាញជូនលោក លោកស្រី ដែលជាសិក្ខាកាមបានយល់ ដឹងកាន់តែច្បាស់ ស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀតអំពី ៖ ទិដ្ឋភាពទូទៅនៃការវាយតម្លៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ ការវាយតម្លៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ មានប៉ុន្មានប្រភេទ? ដំណើរការវាយតម្លៃត្រូវធ្វើឡើងនៅពេលណា មានតម្រូវប្រើប្រាស់ឧបករណ៍ សូចនាករ និងលក្ខណវិនិច្ឆ័យដូចម្ដេចខ្លះ? អ្វីជាការផ្ទៀងផ្ទាត់ឯករាជ្យ? ការផ្ទៀងផ្ទាត់ឯករាជ្យធ្វើឡើងក្នុងគោលបំណងអ្វី? អ្វីជាការហ្វឹកហ្វឺន? ការហ្វឹកហ្វឺនសម្រាប់មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ធ្វើឡើងក្នុងគោលបំណងអ្វី? ដំណើរការធ្វើដូចម្ដេចខ្លះ? និងចំណេះពាក់ព័ន្ធមួយចំនួនទៀត។
សេចក្ដីណែនាំប្រតិបត្តិស្ដីពីមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ចែងថា ក្នុងក្របខ័ណ្ឌគម្រោងអាហារូបត្ថម្ភ នៅកម្ពុជា “មូលនិធិគាំទ្រការផ្ដល់សេវាផ្អែកលើលទ្ធផលបំពេញការងារ” គឺជាការផ្ដល់ថវិកាបន្ថែមទៅលើមូលនិធិឃុំ សង្កាត់ និងមូលនិធិក្រុង ស្រុក ដែលផ្អែកលើពិន្ទុវាយតម្លៃ។ការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់របស់រដ្ឋបាលឃុំ សង្កាត់ នឹងត្រូវវាយតម្លៃជាប្រព័ន្ធតាមរយៈការវាយតម្លៃប្រចាំឆមាស ដោយក្រុមអ្នកវាយតម្លៃមកពីរដ្ឋបាលថ្នាក់ក្រុង ស្រុក និង/ឬ រដ្ឋបាលថ្នាក់ខេត្ត។ ការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់របស់រដ្ឋបាលក្រុង ស្រុក គឺអនុវត្តការវាយតម្លៃអំពីការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ របស់រដ្ឋបាលឃុំ សង្កាត់រៀងរាល់៦ខែម្ដង ផ្ដល់ការបណ្ដុះបណ្ដាល និងហ្វឹកហ្វឺន ដើម្បីបង្កើនសមត្ថភាព គណនេយ្យភាព និងប្រសិទ្ធភាព របស់រដ្ឋឃុំ សង្កាត់ ក្នុងការអនុវត្តកម្មវិធីឃុំ សង្កាត់សម្រាប់ស្រ្ដី និងកុមារ និងការផ្តល់សេវានឹងត្រូវវាយតម្លៃដោយ ក្រុមអ្នកវាយតម្លៃរបស់រដ្ឋបាលថ្នាក់ខេត្ត។ ដូច្នេះដើម្បីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់គោលដៅអនុវត្តគម្រោង អាហារូបត្ថម្ភនៅកម្ពុជាទទួលបានថវិកាបន្ថែម (មូលនិធិគាំទ្រការផ្ដល់សេវាផ្អែកលើលទ្ធផលបំពេញការងារ)សម្រាប់ជំរុញការឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ប្រកបដោយប្រសិទ្ធភាព ក្រុមអ្នកវាយតម្លៃទាំងរបស់ថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ចាំបាច់ត្រូវមានសមត្ថភាពធ្វើការវាយតម្លៃដោយពិតប្រាកដ ច្បាស់លាស់ ដើម្បីធានាគុណភាពនៃការវាយតម្លៃ និងការហ្វឹកហ្វឺនពង្រឹងសមត្ថភាពបំពេញការងាររបស់រដ្ឋបាលគោលដៅនីមួយៗ បានឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន និងការតម្រូវរបស់គម្រោង ដើម្បីទទួលបានពិន្ទុវាយតម្លៃខ្ពស់ និងទទួល បានមូលនិធិអតិបរមា។
ក្នុងមូលបទនេះ ខ្ញុំសូមសំណូមពរ លោក លោកស្រីសិក្ខាកាមទាំងអស់ មេត្តាយកចិត្តទុកដាក់ចូលរួមត្រងត្រាប់ ស្ដាប់ ឆ្ងល់ សួរ កត់ត្រា ដោយសកម្ម និងឆន្ទៈខ្ពស់ ព្រោះពេលខ្លីខាងមុខនេះ លោកគ្រូ អ្នកគ្រូសម្របសម្រួលមេរៀន លោកនឹងបង្ហាត់បង្ហាញ ចែករំលែកនូវចំណេះដឹង បទពិសោធន៍នានា ពាក់ព័ន្ធកិច្ចការងារវាយតម្លៃនេះ ជូនលោក លោកស្រីដោយទូលំទូលាយ មនសិការវិជ្ជាជីវៈបំផុត។ មុននឹងបញ្ចប់ ខ្ញុំសូមជូនពរលោក លោកស្រី និងអង្គពិធីទាំងមូលបានជួបប្រកបនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាត និងសូមប្រកាសបើកដំណើរការវគ្គបណ្ដុះបណ្ដាលរំលឹឡើងវិញអំពីសេចក្ដីណែនាំស្ដីពីការវាយតម្លៃមូលនិធិគាំទ្រការផ្ដល់សេវារដ្ឋបាលឃុំ សង្កាត់ ចាប់ពីពេលនេះតទៅ៕
ថ្ងៃអង្គារ ១៥ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី June 14, 2022

អត្ថបទទាក់ទង