រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តកោះកុង ប្រជុំបន្តនីតិវិធីសម្រុះសម្រួល និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ (នៅកម្រិតថ្នាក់ខេត្ត)

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបន្តនីតិវិធីសម្រុះសម្រួល និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (នៅកម្រិតថ្នាក់ខេត្ត) លើករណីទំនាស់ដីធ្លី ចំនួន ០១ករណី ជាលើកទី០២ រវាងឈ្មោះ ធៀន ហាន, សេង ប៊ុនតេង, ជា ឆាង ជាមួយឈ្មោះ សុខ ឈួន ដែលមានកម្មវត្ថុជាដីទំនាស់ ផ្ទៃទំហំ ៤ហិកតា ៥៧អា ៤១សង់ទីអា ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ជាលទ្ធផល ភាគីទំនាស់យល់ព្រមទទួលយកការសម្រុះសម្រួលរបស់អង្គប្រជុំ។ ដោយឡែកកម្មវត្ថុជាដីទំនាស់ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នឹងប្រជុំពិនិត្យជាក់ស្តែងលើលទ្ធភាព នៃការធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលជាក់ស្តែង តាមខ្លឹមសារអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្តីពីការធ្វើអនុប្បយោគផ្ទៃដីទំហំ ២៣ ០៩២ហិកតា ក្នុងតំបន់ដីគម្របព្រៃឈើឆ្នាំ២០០២ និងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនហ្រ្គីនរិច គ្រុប ក្នុងភូមិសាស្រ្តខេត្តកោះកុង ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែករក្សាជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង៕
ថ្ងៃពុធ ១៥ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី July 13, 2022

អត្ថបទទាក់ទង