រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

យុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យស្រែអំបិល ចុះអប់រំផ្សព្វផ្សាយផ្ទាល់ដល់អ្នកដំណើរពីសុវត្ថិភាពចរាចរណ៍តាមដងផ្លូវសាធារណៈ នៅស្រុកស្រែអំបិល

សាខា កក្រក ខេត្តកោះកុង៖ នៅព្រឹកថ្ងៃព្រហស្បត្តិ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានការគិតគូរខ្ពស់ពីសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវ ជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឲ្យលោក ឡុច ភិរ័ក្ស នាយករងសាខា ក្រុមប្រតិបត្តិសាខាសហការជាមួយលោកស្រី អ៊ុន មករា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកស្រែអំបិល មន្ត្រីនគរបាលចររចរណ៍ ទីប្រឹក្សាយុវជន ដឹកនាំកម្លាំងយុវជន ចំនួន២៥នាក់ ចុះអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវបំបែកជាពីរ ស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។

ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ គឺក្នុងគោលបំណងជួយក្រើនរម្លឹកដល់សាធារណជនទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈ ត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា៖ ,ស្លាកសញ្ញា ,គំនូសសញ្ញាបញ្ជាចរាចរណ៍ ,កុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ ,កុំបើកបរជែងគ្នា ,បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយថាហេតុ ។ នៅក្នុងពេលជាមួយគ្នានេះ យុវជនកាកបាទក្រហមកម្ពុជា ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធទៅនឹងវិធានការការពារខ្លួនពីជម្ងឺឆ្លងនានា ដល់សាធារណជនទូទៅដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈផងដែរ ។

លទ្ធផលសម្រេចបានដូចខាងក្រោម ៖

-អ្នកចូលរួមអនុវត្តសរុប ៖ ៣៥នាក់ ស្រី ១៨នាក់ ,ប្រុស ២០នាក់ ក្នុងនោះ មន្ត្រីសាខា ៣នាក់ អនុសាខា៤នាក់ ,ទីប្រឹក្សាយុវជន ,យុវជនកាកបាទក្រហមកម្ពុជា ២៥នាក់ និងកម្លាំងនគរបាលចរាចរណ៍ស្រុក ៦នាក់ ។

-អ្នកទទទួលផលសរុប ៖ ៤១៨នាក់ ក្នុងនោះ ស្រី ៩៨នាក់ ។

-សម្ភារបានចែកជូនប្រជាពលរដ្ឋមាន៖ ខិត្តប័ណ្ណស្តីពីចរាចរណ៍ផ្លូវគោក ៣៥០សន្លឹក , ,បិទស្ទិកឃ័រចំណាំងផ្លាតលើយានយន្តចំនួន ៧១សន្លឹក ខិត្តប័ណ្ណផ្សព្វផ្សាយស្តីពីវិធានការការពារជំងឺកូវីដ ចំនួន ១០០សន្លឹក និង ខិត្តប័ណ្ណស្តីពីវិធានការការពារខ្លួនពីរន្ទះបាញ់ ១០០សន្លឹកផងដែរ៕

អត្ថបទទាក់ទង