រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ចុះពិនិត្យ និងស្រាវជ្រាវករណីបណ្តឹងដែលប្រព្រឹត្ត និង/ឬ ពាក់ព័ន្ធនឹងជនបរទេស ក្នុងទីតាំងក្រុមហ៊ុនវិនិយោគ ក្នុងភូមិសាស្រ្តខេត្ត

បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារត្រួតពិនិត្យជនបរទេស នៃក្រុមការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៃរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ក្រោមកិច្ចសហការសម្របម្រួលពី លោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះពិនិត្យ និងស្រាវជ្រាវបណ្តឹងដែលប្រព្រឹត្ត និង/ឬ ពាក់ព័ន្ធនឹងជនបរទេស ចំនួន ០២ករណី ក្នុងទីតាំងក្រុមហ៊ុនវិនិយោគក្នុងភូមិសាស្រ្តខេត្ត រួមមាន :

១- បណ្តឹងរបស់ ឈ្មោះ យី បាវលីន(Yi Bao Lin) ដែលកំពុងស្នាក់នៅក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុន ឡុង បេយ៍ (Long Bay) ស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ស្នើសូមកិច្ចអន្តរាគមន៍ដើម្បីបានវិលត្រឡប់ទៅប្រទេសកំណើត។
*ជាលទ្ធផល ក្រុមការងារបានស្រាវជ្រាវរកឃើញថា៖
-  ឈ្មោះ យី បាវលីន(Yi Bao Lin)  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន បាននិងកំពុងស្នាក់ ក្នុងបន្ទប់លេខ៥០៨ ជាន់ទី៥ នៃអាគារលេខ៣ របស់ក្រុមហ៊ុន ឡុង បេយ៍ (Long Bay) ស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
-  តាមការបំភ្លឺរបស់សាមីជន គឺខ្លួនកំពុងបម្រើការក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុន (Long Bay) គ្មានការគម្រាមគំហែង បង្ខិតបង្ខំ ឬបង្ខាំង ឬធ្វើទារុណកម្ម អ្វីឡើយ ហើយទទួលបានប្រាក់ខែ ចំនួន ១ ៥០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។ មូលហេតុដែលខ្លួនប្តឹងនេះ គឹដោយសារមានការភ័យខ្លាចចំពោះសុវត្ថិភាពទៅថ្ងៃក្រោយ និងចង់ធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ។

២-បណ្តឹងរបស់ឈ្មោះ ឃីម ស្រីមុំ ស្នើសូមកិច្ចអន្តរាគមន៍ស្រាវជ្រាវរកបុគ្គលជនជាតិចិន ឈ្មោះ ជីង ជែលឺទូ (Qing Gelletu) ដែលជាប្តីរបស់ខ្លួន ដោយសង្ស័យថា ត្រូវបានបង្ខាំង និងធ្វើទារុណកម្ម នៅក្នុងបន្ទប់ លេខ ៣០៩ ជាន់ទី៤ នៃអាគារការិយាល័យ G១ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
*  ជាលទ្ធផល ក្រុមការងារបានស្រាវជ្រាវរកឃើញថា៖
-  ជនជាតិចិន ដែលមានឈ្មោះ និងអត្តសញ្ញាណ ដូចក្នុងបណ្តឹងខាងលើ ពុំបានស្នាក់នៅ ក្នុងអាសយដ្ឋាន ដូចដែលបានរៀបរាប់ដូចក្នុងបណ្តឹងខាងលើឡើយ។ (មានលិខិតបញ្ជាក់អំពីការស្នាក់ពីរដ្ឋបាលគ្រប់គ្រងអាគារ និងបញ្ជីឈ្មោះអ្នកស្នាក់)

ក្នុងកិច្ចប្រតិបត្តិការ បណ្ឌិតអភិបាលរងខេត្ត និងជាប្រធានដឹកនាំកម្លាំង បានជម្រាបឲ្យដឹងថា វិធានការចុះពិនិត្យ និងស្រាវជ្រាវករណីបណ្តឹងដែលប្រព្រឹត្ត និង/ឬ ពាក់ព័ន្ធនឹងជនបរទេស ក្នុងទីតាំងក្រុមហ៊ុនវិនិយោគក្នុងភូមិសាស្រ្តខេត្ត ខាងលើនេះ គឺដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តនីតិវិធី សំដៅបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា នៃព្រះរាជាណាចក្រកម្ពុជា៕
ថ្ងៃសុក្រ ៦ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ September 16, 2022

អត្ថបទទាក់ទង