រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៣ ក្នុងសិក្ខាសាលាប្រវត្តិសាស្ត្រយោធា យោធភូមិភាគទី៣ ស្ដីពីការរៀបចំពិនិត្យខ្លឹមសារអនុវត្តនយោបាយឈ្នះ ឈ្នះ ក្នុងទិសយោធភូមិភាគទី៣ “ចូលរួម ចែករំលែក ដើម្បីសន្តិភាព និងសុខដុមភាព”

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៣ ក្នុងសិក្ខាសាលាប្រវត្តិសាស្ត្រយោធា យោធភូមិភាគទី៣ ស្ដីពីការរៀបចំពិនិត្យខ្លឹមសារអនុវត្តនយោបាយឈ្នះ ឈ្នះ ក្នុងទិសយោធភូមិភាគទី៣ "ចូលរួម ចែករំលែក ដើម្បីសន្តិភាព និងសុខដុមភាព"

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ តាងនាមក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត សូមគោរពស្វាគមន៍ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ ដែលបានឆ្លៀតឱកាស អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ប្រវត្តិសាស្ត្រយោធា យោធភូមិភាគទី៣ ស្ដីពីការរៀបចំពិនិត្យខ្លឹមសារ អនុវត្តនយោបាយឈ្នះ ឈ្នះ ក្នុងទិសយោធភូមិភាគទី៣។ នាងខ្ញុំក៏សូមស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី និង អង្គសិក្ខាសាលាទាំងអស់ ដែលបានអញ្ជើញចូលរួមនាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ តាងនាមរដ្ឋបាលខេត្តកោះកុង និងអនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង នាងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមការងារដើម្បីកំណត់តំបន់ប្រវត្តិសាស្ត្រយោធា ដែលបានសហការជាមួយនឹងរដ្ឋបាលខេត្ត និងបញ្ហាការដ្ឋានយោធភូមិភាគទី៣ រៀបចំសិក្ខាសាលានេះឡើង។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញសេចក្តីជូនដំណឹងស្តីពីផែនការរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដែលនៅក្នុងជំហានដំបូងនេះ គឺការរៀបចំប្រមូលធាតុចូលពីកម្រិតយោធភូមិភាគ និងបន្តទៅកាន់កងយោធពលខេមរភូមិន្ទ នាខែវិច្ឆិកាខាងមុខនេះ។ ដើម្បីធានាអនុវត្តបាននូវផែនការរៀបចំសិក្ខាសាលា ថ្នាក់ជាតិខាងលើ តម្រូវឲ្យយើងទាំងអស់គ្នា រួមគ្នាប្រមូលគំនិត ធាតុចូលសំខាន់ៗ និងបំពេញបន្ថែមនូវ ខ្លឹមសារដែលនៅសេសសល់ ហើយទាមទារឱ្យយើងទាំងអស់គ្នា ចែករំលែកនូវរឿងរ៉ាវប្រវត្តិកាលនៃការ កកើតកម្លាំងនិងបទពិសោធន៍ល្អៗ ហើយចងក្រងជាខ្លឹមសារសម្រាប់យកទៅចារដាក់លើសំណង់វិមានស្តូប នយោបាយឈ្នះ ឈ្នះ ដើម្បីឲ្យសំណង់វិមានស្តូបនេះ មានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ។ ជាការពិតណាស់ ខ្លឹមសារនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ គឺផ្សារភ្ជាប់ជាមួយជីវិត និងការបំពេញ ភារកិច្ចរបស់ប្រតិបត្តិករនីមួយៗ ដែលកន្លងមកនេះ ឥស្សរជនឆ្នើមៗ និងប្រតិបត្តិករសំខាន់ៗរបស់យើង បានទទួលមរណភាព ដែលជាហេតុនាំឱ្យមានការលំបាកក្នុងការបំពេញបន្ថែម និងផ្ទៀងផ្ទាត់លើខ្លឹមសារ។ ប្រការនេះ ទាមទារនូវការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ និងគ្រប់ជ្រុងជ្រោយ មិនអាចខ្វះនូវធាតុណាមួយបានឡើយ សំដៅសម្រេចបានខ្លឹមសារពេញលេញឈរលើសច្ចភាពប្រវត្តិសាស្ត្រ ដែលសិក្ខាសាលានាថ្ងៃនេះ នឹងផ្តល់ឱកាសឲ្យអ្នកពាក់ព័ន្ធធ្វើបទបង្ហាញ ជាពិសេស គឺក្រុមការងារខ្លឹមសារតែម្ដង។
គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ ! ថ្ងៃទី២១ ខែកញ្ញា កន្លងទៅថ្មីៗនេះ គឺជាថ្ងៃប្រារព្ធ "ទិវាសន្តិភាពអន្តរជាតិ” ដែលទិវានេះ បានរៀបចំឡើងក្នុងគោលបំណង “ជម្រុញឱ្យមានបរិយាកាសសន្តិភាពជុំវិញពិភពលោក តាមរយៈការ អំពាវនាវឱ្យផ្អាកការប្រឈមដោយអាវុធ ឬអំពើហិង្សា ក្នុងរយៈពេល ២៤ ម៉ោង រៀងរាល់ ថ្ងៃទី២១ ខែកញ្ញា”។ សេចក្តីអំពាវនាវនេះ ចាប់ផ្តើមតាំងពីឆ្នាំ១៩៨១ ដែលមកដល់បច្ចុប្បន្ននេះ គឺបានរយៈពេល ៤១ ឆ្នាំ មកហើយ។ ទោះជាយ៉ាងណា ក៏នៅលើពិភពលោកនៅតែកើតមានជម្លោះផ្ទៃក្នុងជាបន្តបន្ទាប់ផងដេរ ។ ដោយឡែកសម្រាប់កម្ពុជាយើង មានភ័ព្វសំណាងណាស់ ដោយមានការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យភ្លើងសង្គ្រាមរលត់ និងបានបញ្ចប់ជាស្ថាពរ នៅទូទាំងប្រទេស និងបានផ្ដល់ឱកាសឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ។
សន្តិភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺជាកត្តាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការការពារ និង ថែរក្សាឱ្យបានគង់វង្សយូរអង្វែងជាដ៏រាប។ នាងខ្ញុំ ពិតជាមានសេចក្ដីពេញចិត្តក្នុងការចូលរួមក្នុង សិក្ខាសាលាថ្ងៃនេះ ដែលជាវេទិកាមួយផ្តល់ជូនអង្គសិក្ខាសាលា រួមមាន វាគ្មិនជាប្រតិបត្តិករ ថ្នាក់ បញ្ជាការ និងអ្នកបន្តវេន ដើម្បីស្វែងយល់អំពីគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ និងបន្តចូលរួមលើកកម្ពស់ឱ្យត្រដែតខ្លាំងក្លាទាំងអស់គ្នា។
ជាថ្មីម្ដងទៀត ក្នុងនាមរដ្ឋបាលខេត្ត អនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ សមាជិក អនុគណៈកម្មការ ក្រុមការងារ និងនាយទាហានពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នារៀបចំ សិក្ខាសាលានេះ និងសូមស្នើឲ្យអង្គសិក្ខាសាលាទាំងមូល ខិតខំយកចិត្តទុកដាក់ ចូលរួមផ្តល់យោបល់ ស្វែងយល់ និងទទួលយកនូវចំណេះដឹង បទពិសោធន៍ ពីគ្នាទៅវិញទៅមក។

ជាទីបញ្ចប់នេះ នាងខ្ញុំសូមគោរពជូនពរបវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន គណៈអធិបតី និង អង្គសិក្ខាសាលាទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមជួបតែនឹងពុទ្ធពរទាំងឡាយ ៤ប្រការ៕
ថ្ងៃសុក្រ ១៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ September 23, 2022

អត្ថបទទាក់ទង