រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលខេត្តស្តីទី បានអញ្ជើញទទួលស្វាគមន៍ បណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកម្មវិធីសិក្ខាសាលាស្តីពីពន្ធលើប្រាក់បៀវត្ស ការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ និងការអនុវត្តកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល

លោកស្រី ឈី វ៉ា អភិបាលខេត្តស្តីទី បានអញ្ជើញទទួលស្វាគមន៍ បណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកម្មវិធីសិក្ខាសាលាស្តីពីពន្ធលើប្រាក់បៀវត្ស ការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ និងការអនុវត្តកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល។

លោកស្រីអភិបាលខេត្តស្តីទី ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាមួយ លោក លោកស្រី នាងកញ្ញា ក្នុងកម្មវិធីសិក្ខាសាលាស្ដីពី “ពន្ធលើប្រាក់បៀវត្ស ការដោះស្រាយបណ្ដឹងតវ៉ាពន្ធដារ និងការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំ ពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ដ៍មានសារៈសំខាន់នាឱកាសនេះ។ ក្នុងនាមគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងការវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី នាងកញ្ញា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹករបស់ខ្លួន អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលាដ៏មានសារៈប្រយោជន៍នេះ ។
លោក លោកស្រី នាងកញ្ញា! សិក្ខាសាលានាព្រឹកនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លោក លោកស្រី នាងកញ្ញា ជាប្រធានអង្គភាព និងជាម្ចាស់សហគ្រាស បានយល់បន្ថែមនូវបទប្បញ្ញត្តិ ពាក់ព័ន្ធនិងពន្ធលើប្រាក់បៀវត្ស ការដោះស្រាយបណ្ដឹងតវ៉ាពន្ធដារ និងការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ដែលនឹងត្រូវធ្វើបទបង្ហាញដោយមន្ត្រីជំនាញ របស់អគ្គនាយកដ្ឋានពន្ធដារនាពេលបន្តិចទៀតនេះ។ តាមរយៈអង្គសិក្ខាសាលានេះ ខ្ញុំសង្ឃឹមជឿជាក់ថានឹងផ្តល់នូវការយល់ដឹងថ្មីៗបន្ថែមទៀត សម្រាប់ លោក លោកស្រី នាងកញ្ញា ទទួលយកទៅអនុវត្តបន្តប្រកបដោយប្រសិទ្ធភាព ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធជូនរដ្ឋ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សាខាពន្ធដារខេត្ត ដែលជាប្រតិបត្តិករក្នុងការប្រមូលពន្ធគ្រប់ប្រភេទ ព្រមទាំងសូមថ្លែងអំណរគុណចំពោះលោក លោកស្រី នាងកញ្ញា ដែលជាម្ចាស់សហគ្រាសទាំងអស់នៅក្នុងខេត្ត ដែលបានចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធ ជូនរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក ដែលក្នុងរយៈពេលបីឆ្នាំចុងក្រោយ (២០១៩-២០២១) និង ៨ខែឆ្នាំ២០២២នេះ ទទួលបានប្រាក់ពន្ធ មានជាអាទិ៍ ៖ ឆ្នាំ២០១៩ ទទួលបាន ១៩. ៦៣៧ លានរៀល ឆ្នាំ២០២០ ទទួលបាន ១៤.៣៤៣ លានរៀល និងឆ្នាំ២០២១ ទទួលបាន ១៣.៨៦១ លានរៀល សម្រាប់រយៈពេល ៨ខែឆ្នាំ២០២២ ទទួលបាន ១២.៧៧៨ លានរៀល។
ក្នុងឱកាសនេះដែរ ខ្ញុំស្នើដល់អាជ្ញាធរដែនដី ជាពិសេស ក្រុង ស្រុក ឃុំ សង្កាត់ មេត្តាយកចិត្តទុកដាក់ខ្ពស់ បន្តពង្រឹងកិច្ចសហការ ជាមួយសាខាពន្ធដារខេត្តកោះកុង ដើម្បីជួយជំរុញម្ចាស់ សហគ្រាស ដែលប្រកបអាជីវកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួន ទៅចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ច បង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ជៀសវាងការទទួលរងនូវទោសទ័ណ្ឌ ដែលមានចែង ក្នុងច្បាប់ស្តីពីសារពើពន្ធ នៃព្រះរាជាណាចក្រកម្ពុជា។

លោក លោកស្រី នាងកញ្ញា! ដើម្បីឱ្យសិក្ខាសាលាដែលប្រព្រឹត្តទៅពេញមួយព្រឹកនេះ សម្រេចបានលទ្ធផលជាផ្លែផ្កា និងជោគជ័យតាមការគ្រោងទុក ខ្ញុំស្នើដល់សិក្ខាកាមទាំងអស់ ដែលមានវត្តមានក្នុងអង្គសិក្ខាសាលានេះ យកចិត្តទុកដាក់ និងចូលរួមឱ្យបានសកម្ម លើកជាសំណួរ ចម្លើយដើម្បីប្រមូលផ្តុំពុទ្ធិថ្មីៗ សម្រាប់ជាវិភាគទានដល់ការអនុវត្តការប្រកាសបង់ពន្ធជូនរដ្ឋបានទាន់ពេលវេលា ត្រឹមត្រូវស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលបានកំណត់។
ជាទីបញ្ចប់ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានរៀបចំឱ្យមានសិក្ខាសាលានេះឡើង និងសូមថ្លែងអំណរគុណ លោក លោកស្រី នាងកញ្ញា ដែលបានអញ្ជើញចូលរួម ក្នុងអង្គសិក្ខាសាលាដ៏មានអត្ថន័យវិសេសវិសាលនេះ និងសូមប្រសិទ្ធិពរ បវរមហាប្រសើរជូនចំពោះ លោក លោកស្រី នាងកញ្ញា សូមសម្រេចបានជោគជ័យលើគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមជូនពរឱ្យអង្គ សិក្ខាសាលានាព្រឹកនេះ ប្រព្រឹត្តទៅប្រកបដោយលទ្ធផល ជាផ្លែផ្កាគួរជាទីគាប់ចិត្ត៕
ថ្ងៃព្រហស្បតិ៍ ៤ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ September 29, 2022

អត្ថបទទាក់ទង