រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការដោះស្រាយវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ១៥ គ្រួសារ ដែលរស់នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

ស្រុកស្រែអំបិល ខេត្តកោះកុង៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយវិវាទដីធ្លីជាមួយប្រជាពលរដ្ឋចំនួន ១៥ គ្រួសារ ស្មើនឹង ១៧ ប័ណ្ណ ដែលរស់នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នៅសាលាស្រុកស្រែអំបិល។

កន្លងមក រដ្ឋបាលមូលដ្ឋានបានរៀបចំចេញប័ណ្ណកម្មសិទ្ធិចំនួន ១២ ក្បាលដី រួចមកហើយ ប៉ុន្តែប្រជាពលរដ្ឋបានទទួលយកចំនួន ៦ ប័ណ្ណ ប៉ុណ្ណោះ។ ដោយឡែក ប្រជាពលរដ្ឋដែលពុំទាន់ទទួលយកប័ណ្ណ និងពុំព្រមផ្តិតមេដៃរៀបចំឯកសារស្នើសុំប័ណ្ណកម្មសិទ្ធិនោះ បានអះអាងថា ប័ណ្ណទាំងនេះខុសទីតាំងភូមិសាស្ត្រដែលពួកគាត់កំពុងរស់នៅអចិន្ត្រៃយ៍ (ផែនទីភូមិសាស្ត្រ ទីតាំងដីស្ថិតនៅភូមិឈូក ឃុំជីខលើ ប៉ុន្តែប្រជាពលរដ្ឋរស់នៅភូមិព្រែកជីក ឃុំជីខក្រោម)។ ម្យ៉ាងទៀត ក្នុងចំណោម ៥ ប័ណ្ណ ដែលពុំទាន់បានរៀបចំ មាន ៣ ប័ណ្ណ ដែលកំពុងស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង។

ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរឱ្យប្រជាពលរដ្ឋទទួលយកប័ណ្ណកម្មសិទ្ធិ ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដីស្ថិតនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង) និងតម្រូវឱ្យកែសម្រួលសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណឱ្យត្រឹមត្រូវតាមផែនទីភូមិសាស្ត្រ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានដីស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នឹងរងចាំនីតិវិធីសិក្សាបែងចែកតំបន់គ្រប់គ្រង នៃតំបន់ការពារធម្មជាតិ ដោយក្រសួងបរិស្ថាន៕


អត្ថបទទាក់ទង