អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុងខេមរភូមិន្ទ
សូមជម្រាបជូនដំណឹងជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ក្នុងក្រុងខេមរភូមិន្ទ មេត្តាជ្រាបថា ៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្ដែត ប្រទីប និងសំពះព្រះខែ អកអំបុក និងខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋបាលក្រុងខេមរភូមិន្ទ ស្នើសូមឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ចូលរួម អនុវត្តតាមវិធានការមួយចំនួន ដូចខាងក្រោម ៖
១-ត្រូវរៀបចំធ្វើ អនាម័យ បរិស្ថាន នៅតាមមន្ទីរ អង្គភាព សាលារៀន គេហដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងគ្រឹះស្ថានអាជីវកម្មរៀងៗខ្លួន ដើម្បីរួមចំណែកកែលម្អ និងលើក សោភ័ណភាព ទីប្រជុំជនក្រុង គួរជាទីទាក់ទាញភ្ញៀវទេសចរណ៍។
២-ត្រូវលើកទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាឯករាជ្យជាតិ ៩វិច្ឆិកា ត្រូវបានបញ្ចប់។
៣- ម្ចាស់អាជីវកម្មលក់គ្រឿងសំណង់ និងអាជីវករលក់ទំនិញគ្រប់ប្រភេទ ដែលតាំងលក់លើចំណីផ្លូវ សាធារណៈត្រូវលើកសម្ភារៈ និងទំនិញទាំងនោះ ចេញឲ្យផុតពីចំណីផ្លូវ ចំពោះទីតាំងនៅជុំវិញ ផ្សារដងទង់ ត្រូវដកឆ័ត្រចេញពីលើចិញ្ចើមផ្លូវ និងរៀបចំសណ្តាប់ធ្នាប់ ចំណតរថយន្ត យានជំនិះ ម៉ូតូ កង់ គ្រប់ប្រភេទ ដើម្បីបង្ការការកកស្ទះចរាចរណ៍ និងការបាត់បង់សោភ័ណភាពក្រុង។
៤-ម្ចាស់អាជីកម្មដឹក ដី ខ្សាច់ ថ្ម ត្រូវណែនាំបុគ្គលិកកម្មកររបស់ខ្លួន ឲ្យប្រុងប្រយ័ត្នកុំឲ្យមានជ្រុះដី ខ្សាច់ និងថ្ម នៅលើផ្លូវសាធារណៈ ព្រោះវាអាចបង្កគ្រោះថ្នាក់ជាយថាហេតុផ្សេងៗបាន។
៥- ហាមលក់ដូរ ម្ហូបអាហារចល័ត តាមរថយន្ត ម៉ូតូ រទេះផ្សេងៗ នៅតាមសួនច្បារសាធារណៈ ចាប់ពីមុខធនាគារកាណាឌីយ៉ា ដល់សួនច្បារខាងមុខសាលាខេត្ត។
អាជ្ញាធរក្រុងសង្ឃឹមជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា បងប្អូន ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ នឹងចូលរួមសហការអនុវត្តទៅតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ក្នុងស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។ សូមអរគុណ!
#ប្រភពពរដ្ឋបាលក្រុងខេមរភូមិន្ទ#


