រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡា ឡៃ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាទីប្រឹក្សាគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក្នុងពិធីប្រកាសតែងតាំងគណៈអ៉ីម៉ាំខេត្តកោះកុង

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡា ឡៃ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាទីប្រឹក្សាគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក្នុងពិធីប្រកាសតែងតាំងគណៈអ៉ីម៉ាំខេត្តកោះកុង

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត នាងខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនាគោរពអរគុណ ចំពោះ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ។ ឆ្លៀតឱកាសនេះផងដែរ នាងខ្ញុំសូមសម្តែងនូវអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះគណៈអ៉ីម៉ាំ ខេត្ត ក្រុង ស្រុក គណៈអ៉ីម៉ាំម៉ាស្ជិត គណៈចលនាឥស្លាម គណៈចលនាយុវជនមូលស្លីមខេត្តកោះកុងទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ សំដៅរួមចំណែកសម្រួលដល់ជីវភាពគ្រួសារ ទាំងបងប្អូនឥស្លាម ក៏ដូចបងប្អូនជាពុទ្ធបរិស័ទ ដែលមានជីវភាពខ្វះខាត។ តាមរយៈសកម្មភាពមនុស្សធម៌ទាំងនេះ គឺបានជួយរំលែកបន្ទុករបស់អាជ្ញាធរ និងរាជរដ្ឋាភិបាលផង និងជាពិសេសបានបញ្ជាក់ពីសុខដុមនីយកម្មសាសនា នៅទូទាំងខេត្តកោះកុងរបស់យើងផងដែរ។
នាងខ្ញុំ សូមយកឱកាសនេះ សម្តែងនូវអំណរគុណចំពោះបងប្អូនឥស្លាមទាំងអស់នៅទូទាំងខេត្តកោះកុង ដែលបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ‑សង្កាត់ អាណត្តិទី៥ កន្លងទៅនៅទូទាំងខេត្ត។ ការសម្ដែងឆន្ទៈនេះ បានបង្ហាញពីទំនុកចិត្ត និងការគោរពស្រលាញ់ដឹងគុណចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ។
អធិបតី ជាទីគោរព! អង្គពិធីទាំងមូល ជាទីមេត្រី!ទោះបីរដ្ឋធម្មនុញ្ញ បានកំណត់ថា "ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ" ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាយើង បានអនុញ្ញាតឱ្យមានសិទ្ធិសេរីភាពក្នុងការគោរពជំនឿសាសនានានា ក្នុងនោះសាសនាឥស្លាមក៏ត្រូវបានអនុញ្ញាត ឱ្យប្រតិបត្តិយ៉ាងពេញលេញតាមគោលការណ៍សាសនារបស់ខ្លួន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ សាសនិកឥស្លាមដោយផ្តល់ ជូនក្របខ័ណ្ឌគ្រូបង្រៀនរាប់ពាន់នាក់ទូទាំងប្រទេស ដោយឡែកខេត្ត កោះកុងទទួលបាន១៧នាក់ផងដែរ។ ក្នុងដំណាក់កាលមានការស្លាប់ដោយកូវីដ-១៩ សម្តេចប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យការបញ្ចុះសពចំពោះបងប្អូនសាសនិកឥស្លាម ស្របតាមទំនៀមទំលាប់។ ដោយគោរព តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោកជំទាវអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត បានសម្រេចប្រគល់ដីទំហំ៥ហិចតា នៅក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ជូនទៅគណៈអ៉ីម៉ាំខេត្ត ដើម្បីធ្វើជាទីលានបញ្ចុះសពផងដែរ។ ថ្មីៗនេះ សម្ដេចតេជោ ក៏បានគិតគូរ ដោយដាក់ឱ្យធ្វើការពិចារណាចំពោះ បងប្អូនឥស្លាមក្នុងការរៀបចំសមាសភាពគណៈអភិបាលខេត្ត ក្រុង ស្រុកថែមទៀតផងដែរ។
ថ្ងៃនេះ អាស្រ័យដោយឯកឧត្តម វណ្ណ សាលី អតីតប្រធានគណៈអ៉ីម៉ាំខេត្ត បានទទួលមរណភាពផង និងដើម្បីកែសម្រួលបំពេញបន្ថែមសមាសភាពថ្នាក់ដឹកនាំគណៈអ៉ីម៉ាំខេត្តផង គណៈដឹកនាំជាន់ខ្ពស់ខ្ពស់សាសនាឥស្លាមកម្ពុជា បានសម្រេចតែងតាំងសមាសភាពគណៈអ៉ីម៉ាំខេត្តកោះកុង ចំនួន ៩រូប រួមមាន ប្រធានគណៈអ៉ីម៉ាំ ភូឈួយទី១ ភូឈួយទី២ និងសមាជិកចំនួន ៦រូបទៀត។ នាងខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំថ្មីទាំងអស់នេះ ពិតជាខិតខំបំពេញការងារតាមតួនាទី ភារកិច្ច បានត្រឹមត្រូវ ស្របតាមប្រកាស សេចក្តីសម្រេច និងសេចក្ដីណែនាំនានារបស់ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា និងច្បាប់ លិខិតបទដ្ឋានគិតយុត្តនានារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ពិតជាខិតខំបម្រើសេវាសាធារណៈ ដែលជាតម្រូវការរបស់ប្រជាជនយើងនិយាយរួម និយាយដោយឡែក ចំពោះបងប្អូនឥស្លាមសាសនិករបស់យើង។
នាងខ្ញុំ សំណូមពរឱ្យគណៈអ៉ីម៉ាំគ្រប់ថ្នាក់ ជាពិសេសគណៈអ៉ីម៉ាំខេត្តកោះកុង ដែលទើបប្រកាសតែងតាំងថ្មី ត្រូវសហការឱ្យបានល្អជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ហើយត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះសុខទុក្ខរបស់បងប្អូនក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។ ក្នុងនាមរដ្ឋបាលខេត្ត នាងខ្ញុំត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដោយផ្ដល់ការគាំទ្រ និងសហការដល់ការបំពេញការងាររបស់ថ្នាក់ដឹកនាំឥស្លាមគ្រប់ថ្នាក់ ក្នុងទិសដៅរួម គឺបម្រើដល់សុខសន្តិភាព សុខដុមភាព និង ជីវភាពរស់នៅរបស់ប្រជាជនយើង៕
ថ្ងៃសុក្រ ១០ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ November 18, 2022

អត្ថបទទាក់ទង