រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆាបឆេះទាំងស្រុង ១ គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក កោះកុង៖ ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឲ្យលោកឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយលោកស្រី ពិន សោភា  អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារ អាជ្ញាធរឃុំប៉ាក់ខ្លង នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ១គ្រួសារ ក្នុងនោះ បណ្តាលអោយខូចខាតទាំងស្រុង១ខ្នងផ្ទះ   ធ្វើអំពីឈើ ប្រក់ស័ង្កសី នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ឈ្មោះ វង្ស យ៉ន ភេទប្រុស អាយុ៦៦ឆ្នាំ  មូលហេតុកូនប្រុសមានសតិមិនប្រក្រតីលួចដុត ។

នាឱកាសនោះ លោក ឈួន យ៉ាដា  នាយកប្រតិបត្តិសាខា  លោកស្រី ពិន សោភា អនុប្រធានគណៈកម្មាធិការអនុសាខាក៏បានពាំនាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ លោក ជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូន​បងប្អូន ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ក្តី​នឹករឭក អាណិ​ត​អាសូរ និង​សូម​ចូលរួម​រំលែក​នូវ​ការសោកស្តាយ​ជាមួយ​បងប្អូន ដែល​បានទទួល​រងគ្រោះ​ខូចខាត​នូវ​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ដោយសារ​គ្រោះ​អគ្គិភ័យ​នេះ។ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាដោយមិនទុកនរណាម្នាក់ចោល”។

លោកនាយកក៏មានប្រសាសន៍បញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផលនេសាទ  និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនពូមីងថែរក្សាសុខភាព រស់នៅដោយមានអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល ៣កុំ ៣ការពារ កុំឱ្យឆ្លងជំងឺផ្សេងៗមានមេរោគកូវីដ-១៩ ជាដើម។

អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនគ្រួសាររងគ្រោះរួមមាន៖ អង្ករ ២៥គក្រ មី១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស តង់១ សម្ភារផ្ទះបាយ១ឈុត មុង១ ភួយ ១ ព្រមទាំងថវិកាចំនួន ១លានរៀលផងដែរ។

អត្ថបទទាក់ទង