លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម ប៉ូ ផល្លា តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២។
លោកជំទាវអភិបាលខេត្តកោះកុង បានលើកឡើងថា ខ្ញុំពិតជាមានសេចក្តីត្រេកអរ នូវការខិតខំបង្ហាត់បង្រៀនបន្ថែមដល់សិស្សានុសិស្សទាំងអស់ ដែលបានបំពេញនូវចំណុចខ្វះខាត នឹងជាដើមទុនដ៏សំខាន់សម្រាប់ការប្រឡងនាថ្ងៃស្អែកនេះ មួយវិញទៀតខ្ញុំជឿជាក់លើសមត្ថភាពក្មួយៗ ជាសិស្សានុសិស្សទាំងអស់ពិត ជាខិតខំអស់ពីសមត្ថភាព ក្នុងការប្រឡង ដោយគោរពនូវបទបញ្ជានានា ក្នុងមណ្ឌលប្រឡង។ ខ្ញុំក៏សូមគោរពថ្លៃងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំដំណើការនៃការប្រឡង ដោយមានការចូលរួមសង្កេតការណ៍យ៉ាងហ្មត់ចត់ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើយ៉ាងណាឱ្យដំណើរការល្អប្រសើរ ដោយអ្នកចេះពិត អាចប្រឡងជាប់ និងទទួលបានលទ្ធផលល្អ។ ក្មួយៗ ត្រូវយកចំណេះដឹងពិតធ្វើការប្រកួតប្រជែង ក្នុងនាមថ្នាក់ដឹកនាំខេត្ត នឹងឧបត្ថម្ភថវិកា ៤លានរៀល និងកុំព្យូទ័រយួរដៃ មួយគ្រឿងបន្ថែមទៀត បើក្មួយៗប្រឡងបាននិទ្ទេស A មួយវិញទៀតអាចទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យផ្សេងទៀតផងដែរ៕
ថ្ងៃអាទិត្យ ១១ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ December 4, 2022








































