រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យសំណើសូមចុះបញ្ជីដីរបស់ប្រជាពលរដ្ឋ មានទីតាំងស្ថិតនៅស្រុកស្រែអំបិល

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យសំណើសូមចុះបញ្ជីដីរបស់ប្រជាពលរដ្ឋ មានទីតាំងស្ថិតនៅស្រុកស្រែអំបិល

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យសំណើរបស់ប្រជាពលរដ្ឋឈ្មោះ ហ៊ី ឡាន់, ហេង លាង, ហេង ប៉ិច និងឈ្មោះ ហេង ហ៊ុយ ស្នើសូមចុះបញ្ជីដី ដែលមានទីតាំងស្ថិតនៅឃុំជីខលើ និងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ តាមការពិនិត្យឯកសារ និងការបញ្ជាក់របស់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងទីតាំងដីដែលស្នើសូមចុះបញ្ជីដីនេះ មានទីតាំងដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដី, មានទីតាំងដី ដែលជាដីចម្ការ ស្ថិតនៅក្នុងតំបន់កាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៣០អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២, និងមានទីតាំងដីស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង)ផងដែរ។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា ការចូលរួមមតិយោបល់របស់អង្គប្រជុំ លោក សុខ សុទ្ធី បានធ្វើការណែនាំដូចខាងក្រោម៖
១-ចំពោះទីតាំងដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លីរួចហើយ ម្ចាស់កម្មសិទ្ធិអាចស្នើសូមប្តូរយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ហើយមន្ត្រីជំនាញត្រូវអនុវត្តនីតិវិធីនៃការប្តូរប័ណ្ណនេះជូនម្ចាស់កម្មសិទ្ធិ
២-ចំពោះទីតាំងដីចម្ការ ដែលស្ថិតនៅក្នុងតំបន់កាត់ឆ្វៀលដោយអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលស្រុក មន្ត្រីជំនាញភូមិបាលអនុវត្តនីតិវិធីចុះបញ្ជីដីធ្លីស្របតាមច្បាប់ភូមិបាល ជូនម្ចាស់កម្មសិទ្ធិ
៣-ចំពោះទីតាំងដី ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង) រដ្ឋបាលខេត្តមិនអាចអនុញ្ញាតឱ្យចុះបញ្ជីដីធ្វើជាកម្មសិទ្ធិឯកជនបានទេ ព្រោះទីតាំងដីនេះស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន៕
ថ្ងៃអង្គារ ១៣ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ December 6, 2022

អត្ថបទទាក់ទង