រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំករណីប្រជាពលរដ្ឋស្នើសូមចុះបញ្ជីដី ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យលើសំណើរបស់ប្រជាពលរដ្ឋឈ្មោះ ណូ បញ្ញានន្តរ ស្នើសូមចុះបញ្ជីដីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដីទំហំ ៩៩៥៧៦ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅផ្លូវ២៩៧ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ទីតាំងដីនេះ ជាទីតាំងដីដែលធ្លាប់បានវាស់វែងដោយក្រុមនិស្សិតស្ម័គ្រចិត្តសម្តេចតេជោ (បប០១) ប៉ុន្តែទីតាំងដីដែលម្ចាស់សំណើស្នើសូមចុះបញ្ជី មានមួយផ្នែកស្ថិតនៅក្នុងដីឯកជនរបស់រដ្ឋ ក្នុងតំបន់ឥណទានកាបូន។ តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ក្រោយពីពិភាក្សាជាមួយម្ចាស់សំណើរួចមក ម្ចាស់សំណើបានយល់ព្រមមិនស្នើសូមចុះបញ្ជីដី ដែលមានជាប់ពាក់ព័ន្ធនឹងតំបន់ឥណទានកាបូនទេ។ តាមរយៈមតិ នៃកិច្ចប្រជុំ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំថា រដ្ឋបាលខេត្តនឹងចេញលិខិតជម្រាបជូនទៅរដ្ឋបាលស្រុកមណ្ឌលសីមា ដើម្បីឱ្យអនុវត្តនីតិវិធីចុះបញ្ជីដី ស្របតាមច្បាប់ភូមិបាលឆ្នាំ២០០១ ជូនប្រជាពលរដ្ឋឈ្មោះ ណូ បញ្ញានន្តរ ៕
ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី December 8, 2022

អត្ថបទទាក់ទង