រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងស្មៀនឃុំ នៃរដ្ឋបាលស្រុកកោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងស្មៀនឃុំ នៃរដ្ឋបាលស្រុកកោះកុង ។

លោកអភិបាលរង បានលើកឡើងថា ក្នុងនាម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំគ្រប់ឃុំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងការខិតខំចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏បានខិតខំរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការគ្រប់គ្រងសភាពការណ៍ក្នុងដែនសមត្ថកិច្ចស្រុកកោះកុងទាំងមូលបានយ៉ាងល្អប្រសើរ ។
ដោយអនុវត្តតាមស្មារតីនៃសេចក្តីណែនាំលេខ០០១ សណន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៤ របស់ក្រសួងមហាផ្ទៃស្តីពីនីតិវិធី និងសមត្ថកិច្ចតែងតាំង និងផ្លាស់ប្តូរស្មៀនឃុំ សង្កាត់ និងផ្អែកតាមការពិនិត្យ និងវាយតម្លៃទៅលើលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្រ្តីរាជការនៃរដ្ឋបាលស្រុកកោះកុងនាពេលកន្លងមក ក្រសួងមហាផ្ទៃបានតែងតាំងមន្ត្រីរាជការចំនួន០៣រូបជា ស្មៀនឃុំក្នុងស្រុកកោះកុង តាមរយៈសំណើរបស់រដ្ឋបាលស្រុក រួមមាន៖ លោក ផែង គីម ជាស្មៀនឃុំកោះកាពិ លោក លី វណ្ណនី ជាស្មៀនឃុំជ្រោយប្រស់ លោក ឃិន វិសាល ជាស្មៀនឃុំតាតៃក្រោម។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ជួន ចិន្តា លោក គាំ សុខចំរើន និងលោកស្រី សែម ចិន្តា ដែលបានខិតខំបំពេញការងារក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ឃុំ ក្នុងមុខតំណែងជាស្មៀនឃុំ ដែលបានធ្វើឱ្យឃុំ មានការរីកចម្រើននាពេលកន្លងមក។
ជាមួយគ្នានេះ ខ្ញុំក៏សូមសំដែងនូវការអបអរសាទរចំពោះ លោក ផែង គីម លោក លី វណ្ណនី លោក ឃិន វិសាល ដែលទទួលបានការតែងតាំងមុខតំណែងជាស្មៀនឃុំ ក្នុងស្រុកកោះកុងនាពេលនេះ។ ខ្ញុំសង្ឃឹមជឿជាក់ថា អស់លោក នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ ភូមិឃុំក្នុងស្រុកកោះកុង របស់យើងឲ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្តល់នូវការណែនាំដល់រដ្ឋបាលស្រុក រដ្ឋបាលឃុំ ជាពិសេសស្មៀនឃុំទាំងបី អំពីកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
ទីមួយ៖ ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
-បន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម
-បន្តចូលរួមបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់បណ្តាលមកពីវិបត្តិនៃជំងឺនេះ និងវិបត្តសាកលនានា សំដៅអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យប្រកបដោយចីរភាព និងពង្រឹងសុខដុមនីយកម្មក្នុងសង្គម។
-គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម។
-ជំរុញ និងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិ០៧យ៉ាង ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុង ភូមិសាស្រ្តស្រុកកោះកុង ។
ទីពីរ៖ អំពីការផ្តល់សេវាសាធារណៈ ការផ្តល់សេវាសាធារណៈ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ ដូច្នេះ រដ្ឋបាលស្រុក រដ្ឋបាលឃុំ ត្រូវយកចិត្តទុកដាក់លើកិច្ចការ ដូចខាងក្រោម៖
-ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាល នៅការិយាល័យច្រកចេញចូលតែមួយក្នុងរដ្ឋបាលស្រុក និងតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ ឱ្យបានស្របតាមបែបបទ និងនីតិវិធីនៃការផ្តល់សេវា ហើយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។

-ចំពោះការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ នៅថ្នាក់ឃុំ ត្រូវពង្រឹងតួអង្គស្នូលចំនួន៥ ក្នុងនោះរួមមាន (១)មេឃុំ (២)ស្មៀនឃុំ (៣)ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ (៤)មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និង(៥)មេភូមិ ដែលតួអង្គទាំង០៥នេះត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក និងនិន្នាការនយោបាយនោះឡើយ។
ទីបី៖ ការអនុវត្តការងារគាំពារសង្គម កន្លងទៅរាជរដ្ឋាភិបាលបានចេញសារលិខិតលេខ៣៣ សលខ ស្តីពីការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចលេខ១៣៤/សហវ ស្តីពីយន្តការនិងនីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ហើយរដ្ឋបាលខេត្តក៏បានចេញសេចក្តីណែនាំលេខ៥១៤ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយបានធ្វើការណែនាំដូចខាងក្រោម ៖
-រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឱ្យគោរពជាដាច់ខាតនូវគោលការណ៍ និង នីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំដែលកំពុងអនុវត្ត ព្រមទាំងទប់ស្កាត់ភាពមិនប្រក្រតីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលរាជរដ្ឋាភិបាលទើបដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ
-រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ហាមដាច់ខាតលើការយកកម្រៃសេវាពីប្រជាពលរដ្ឋដែលបានមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ ការឃុបឃិត និងបន្លំយកប័ណ្ណសមធម៌ និងកាតវីងដើម្បីដកយកថវិការបស់អ្នកទទួលផលពីកម្មវិធីជាដើម
-រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឱ្យអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា ដោយត្រូវចៀសវាងដាច់ខាតនូវការឃុបឃិតដាក់បញ្ចូលសាច់ញាតិ បងប្អូន កូនក្មួយ និងមិត្រភក្តិខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រជនងាយរងគ្រោះ ឬរងផលប៉ះពាល់ពិតប្រាកដឱ្យទទួលបាននូវប្រាក់ឧបត្ថម្ភដែរ
-រដ្ឋបាលក្រុង ស្រុក ត្រូវតាមដាន ត្រួតពិនិត្យ និងជំរុញដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលកំពុងតែអនុវត្ត និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលរាជរដ្ឋាភិបាលទើបដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ ទន្ទឹមនេះ រដ្ឋបាលក្រុង ស្រុក ត្រូវចាត់វិធានការអោយបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ សង្កាត់ណាដែលបានអនុវត្តមិនប្រក្រតីនៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ខាងលើទាំងនេះ
-រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ត្រូវបង្កើនកិច្ចសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងការផ្សព្វផ្សាយកម្មវិធីជាតិជំនួយសង្គមថ្មីៗ របស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព
ទីបួន៖ ការបំពេញតួនាទី ភារកិច្ច ក្នុងនាមជាស្មៀនឃុំ ផ្អែកតាមប្រកាសលេខ១៣២៩ ប្រ.ក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១ របស់ក្រសួងមហាផ្ទៃ ស្តីពី តួនាទី ភារកិច្ច និងសិទ្ធិរបស់ស្មៀន ឃុំ សង្កាត់ និងសៀវភៅបច្ចេកទេសស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ តាមបែបវិមជ្ឈការ បានកំណត់ថា ស្មៀនឃុំ គឺជាបុគ្គលិកស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋបាលស៊ីវិលក្រសួងមហាផ្ទៃ និងត្រូវបានតែងតាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីទៅបំពេញការងារជាមួយក្រុមប្រឹក្សាឃុំក្នុងឋានៈជា ស្មៀនឃុំ ហើយក្នុងការបំពេញតួនាទី ភារកិច្ចជាស្មៀនឃុំ គឺត្រូវស្ថិតក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាឃុំ ។
តាមរយៈលិខិតបទដ្ឋានខាងលើនេះ ខ្ញុំសូមធ្វើការណែនាំដោយសង្ខេបអំពីតួនាទី ភារកិច្ចរបស់ស្មៀនឃុំ រួមមានដូចខាងក្រោម ៖
-ជួយក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងគណៈកម្មាធិការនានាបំពេញតួនាទី និងមុខងារស្របទៅតាមតម្រូវការផ្នែកច្បាប់
-បំពេញការងាររដ្ឋបាល
-ធានាថាសេចក្តីសម្រេច និងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ ស្របទៅតាមនឹងលក្ខណច្បាប់

-ជួយក្រុមប្រឹក្សាឃុំ ក្នុងការរៀបចំ និងអនុវត្តកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការនានារបស់ឃុំ
-ចូលរួមក្រុមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ ឬគណៈកម្មាធិការ លើកលែងតែបានទទួលការអនុញ្ញាតឱ្យអវត្តមានជាមុនពីក្រុមប្រឹក្សាឃុំ ឬមេឃុំ
-ជួយដល់ក្រុមប្រឹក្សាឃុំ ក្នុងការរៀបចំផែនការអភិវឌ្ឍន និងកម្មវិធីវិនិយោគឃុំ
-ជួយដល់ក្រុមប្រឹក្សាឃុំ ក្នុងការរៀបចំឱ្យមានក្តារខៀនព័ត៌មាន ដើម្បីបិទផ្សាយសេចក្តីជូនដំណឹង សេចក្តីសម្រេច របាយការណ៍ការងារ និងលិខិតបទដ្ឋានផ្សេងៗរបស់រដ្ឋបាលឃុំ សម្រាប់ឱ្យសាធារណៈជនទូទៅបានដឹងនូវព័ត៌មានរបស់រដ្ឋបាលឃុំ។
ចំពោះភារកិច្ចលម្អិតជាច្រើនទៀតរបស់ស្មៀនឃុំ សូមអនុវត្តតាមខ្លឹមសារ ប្រកាសលេខ ១៣២៩ ប្រក និងសៀវភៅបច្ចេកទេសដែលបានបញ្ជាក់ខាងលើ។
មុននឹងបញ្ចប់ ខ្ញុំសូមយកឱកាសនេះ ស្នើដល់ លោក លោកស្រី និងអង្គពិធីទាំងមូល ត្រូវយកចិត្តទុកចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងសេចក្តីណែនាំនានារបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានហ្មត់ចត់ និងឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសុខុមាលភាពក្រុមគ្រួសារយើង សហគមន៍យើង និងប្រជាពលរដ្ឋរបស់យើង ពីព្រោះស្ថានភាពជំងឺកូវីដ-១៩ហាក់ដូចជាងើបឡើងវិញ ដែលយើងត្រូវបន្តយកចិត្តទុកដាក់ការពារទាំងអស់គ្នា។ ទន្ទឹមនឹងនេះ ខ្ញុំសូមស្នើដល់ លោក លោកស្រីទាំងអស់រួមគ្នាសំអាត អនាម័យ បរិស្ថានឱ្យបានល្អនៅតាមគេហដ្ឋាន និងអង្គភាពរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីសុខភាព និងដើម្បីកិត្តិយសស្រុកនិងខេត្ត របស់យើង៕
ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ January 5, 2023

អត្ថបទទាក់ទង