រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានរតនាគារខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានរតនាគារខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានជម្រាបជូន ឯកឧត្តមអនុរដ្ឋលេខាធិការ លោក លោកស្រី គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បានជ្រាបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពល អំពីខេត្តកោះកុង ប្រជាពលរដ្ឋមានមុខរបរសំខាន់ៗដូចជា ធ្វើស្រែចំការ ធ្វើនេសាទ ធ្វើជំនួញ រកអនុផលព្រៃឈើ វារីវប្បកម្ម និងធ្វើកម្មកររោងចក្រ…។ល។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តី ត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍលើគ្រប់វិស័យ។ កត្តាសន្តិភាព និងស្ថេរភាពនយោបាយនេះហើយ ដែលធ្វើឱ្យខេត្តកោះកុងទទួលបានសមិទ្ធផលធំៗដែលរួមមានដូចជា ការវិនិយោគ និងមានការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈបំផុត ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្ត និងវិស័យទេសចរណ៍។ បច្ចុប្បន្នខេត្តកោះកុង មានប្រព័ន្ធគមនាគមន៍ស្ពានថ្នល់គ្រប់គ្រាន់ គ្រប់ទីកន្លែងទាំងនៅក្នុងទីរួមខេត្ត និងនៅតាមក្រុង ស្រុក ក៏ដូចជានៅមូលដ្ឋានភូមិ-ឃុំ ដែលអាចបំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ អាចធ្វើដំណើរឬប្រកបអាជីវកម្មផ្សេងៗបានយ៉ាងងាយស្រួល។ ជាមួយគ្នានេះ ខេត្តកោះកុងមានប្រភពវារីអគ្គិសនីធំៗចំនួន៣កន្លែង មានកោះតូចធំចំនួន៣៥កោះក្នុងនោះមាន០៩កោះ ដែលមានផ្កាថ្មហើយក្នុងចំណោមកោះទាំងអស់មាន១៧កោះត្រូវបានវិនិយោគដោយក្រុមហ៊ុនចំនួន៩ តំបន់សេដ្ឋកិច្ចពិសេសនាងកុក-កោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុនអិលវ៉ាយភីគ្រុប (LYP Group) ដែលបច្ចុប្បន្នមានរោងចក្រចំនួន០៦ កំពុងដំណើរការ ហើយក្រុមហ៊ុន LYP Group បាននិងកំពុងរៀបចំនីតិវិធីដើម្បីសាងសង់កំពង់ផែ មានទំហំ ៤០០ម៉ែត្រ គុណនឹង១៦០០ម៉ែត្រ និងមានជម្រៅទឹកប្រមាណ១៣ម៉ែត្រ ស្ថិតនៅក្នុងឃុំ ព្រែកខ្សាច់ ស្រុកគីរីសាគរតំបន់សេដ្ឋកិច្ចពិសេសជ្រោយស្វាយ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង របស់ក្រុមហ៊ុនឆកកំពង់សោម ដែលបច្ចុប្បន្នកំពុងតែស្ថាបនាផ្លូវចូល អគាររោងចក្រ អគារស្នាក់នៅរបស់បុគ្គលិក…។ល។
លើសពីនេះទៅទៀត ក្រុមហ៊ុនយូញៀន ឌិវឹឡុបមេនថ៏ គ្រុប ខូអិលធីឌី ដែលជាក្រុមហ៊ុនវិនិយោគធំជាងគេ និងមានការចាប់អារម្មណ៍ដាក់ទុនច្រើនជាងគេបានចូលមកវិនិយោគនៅលើទឹកដីខេត្តកោះកុងយើងខ្ញុំ ដោយក្នុងនោះក្រុមហ៊ុនបានអភិវឌ្ឍលើវិស័យឧស្សាហកម្មទេសចរណ៍ (តំបន់វិស្សមកាលតារាសាគរ មានទីលានវាយកូនហ្កោល សណ្ឋាគារ បឹងកាឡូជាច្រើនកន្លែង ព្រលានយន្តហោះខ្នាតអន្តរជាតិ4F គម្រោងឈូងសមុទ្រវែង(Long Bay) សាងសង់កំពង់ផែខ្នាតពីរម៉ឺនតោន ជម្រៅទឹក១២ម៉ែត្រ គិតមកដល់ពេលបច្ចុប្បន្ននេះ គឺបានប្រមាណជា៩០% ដោយមានការកែសម្រួលនូវគម្រោងប្លង់មេ និងមានផែនការកែសម្រួលពីការដឹកជញ្ជូនទំនិញទៅជាការដឹកភ្ញៀវទេសចរណ៍ អាចប្រើប្រាស់សម្រាប់ការចូលចតនាវាធំៗ ហើយបច្ចុប្បន្ននេះមានការពន្យាពេលចំពោះការសាងសង់មួយរយៈដោយសា្ថនភាពនៃជំងឺកូវីដ-១៩ ហើយសង្ឃឹមថានឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះក្រោយពេលវិបត្តិជំងឺកូវីដ-១៩ត្រូវបានធូរស្រាល។ ខេត្តកោះកុងក៏

មានតំបន់អេកូ-ទេសចរណ៍ធម្មជាតិព្រៃកោងកាងមានទំហំ១២,០០០ហិកតា តំបន់អេកូ-ទេសចរណ៍ធម្មជាតិស្ទឹងអារ៉ែង មានតំបន់អេកូ-ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង តំបន់អេកូ-ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងមានតំបន់ទឹកជ្រោះធម្មជាតិ និងតំបន់ឆ្នេរដ៏ស្រស់ស្អាតជាច្រើនកន្លែង។ល។ ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀតដូចជាសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព។ល។ ក៏ដូចជាតំបន់ការពារធម្មជាតិជាច្រើនកន្លែងត្រូវបាននឹងកំពុងកសាង កែលម្អ អភិរក្ស ថែរក្សា យ៉ាងយកចិត្តទុកដាក់ សំដៅប្រែក្លាយទឹកដីខេត្តកោះកុង ជាទឹកដីនៃការទាក់ទាញ ប្រកបដោយភាពស្រស់បំព្រង និងផាសុខភាព ស័ក្តិសមជាខេត្តដែលត្រូវបានប្រសិទ្ធនាមថាជា «តារារៈនាទិសនិរតី» និងបានទទួលជ័យលាភីជា«ឆ្នេរស្អាតបំផុតលើពិភពលោក»។

ឯកឧត្តម អស់លោក គណៈអធិបតី លោក លោកស្រី ភ្ញៀវកិត្តិយស ជាស្រលាញ់ រាប់អាន!
ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមសំដែងនូវការអបអរសាទរចំពោះ លោក ឈិន លីមពិសាល ដែលត្រូវបានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតាំងជាប្រធានរតនាគារខេត្តកោះកុង ដើម្បីបន្តដឹកនាំអង្គភាព រតនាគារខេត្តកោះកុង ជំនួស លោក យិន ពិទាយ ដែលត្រូវបានចូលនិវត្តន៍។ ជាមួយនឹងការអបអរសាទរចំពោះ លោក ឈិន លីមពិសាល នាងខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោក យិន ពិទាយ អតីតប្រធានរតនាគារខេត្ត និងមន្រី្តក្រោមឱវាទទាំងអស់ ដែលរយៈកាលកន្លងមក រក្សាបាននូវសាមគ្គីផ្ទៃក្នុង មន្ត្រីរាជការខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយឆន្ទៈ និងមនសិការវិជ្ជាជីវៈល្អ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងសម្រេចបាននូវលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ដូចមានក្នុងរបាយការណ៍ដែលបានរាយការណ៍អម្បាញ់មិញនេះ។ លើសពីនេះទៅទៀត នាងខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ដែលតែងតែផ្តល់នូវកិច្ចសហការ និងទំនាក់ទំនងដ៏ល្អប្រសើរជាមួយអាជ្ញាធរខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពនានាក្នុងការរៀបចំពិធីបុណ្យជាតិ ព្រឹត្តិការណ៍សំខាន់នានាក្នុងខេត្ត កិច្ចការងារសង្គម និងការងារមនុស្សធ៌មជាដើម ៕

អត្ថបទទាក់ទង