រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីសម្ពោធទីលានផ្នូរយុទ្ធជនខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីសម្ពោធទីលានផ្នូរយុទ្ធជនខេត្តកោះកុង ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និង ក្នុងនាមនាងខ្ញុំព្រះករុណា នាងខ្ញុំផ្ទាល់ សូមសម្តែងនូវគារវៈភក្តីយ៉ាងស្មោះស្ម័គ្រ និងសូមស្វាគមន៍ យ៉ាងជ្រាលជ្រៅចំពោះព្រះវត្តមាន ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធទីលានផ្នូរយុទ្ធជនខេត្តកោះកុង ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាឱកាសដ៏ថ្លៃថ្លានេះ។ សម្ដេចពិជ័យសេនា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ! គណៈអធិបតី និងអង្គពិធីទាំងមូល ជាទីគោរពរាប់អាន ! ថ្ងៃនេះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានមកជួបជុំគ្នាដើម្បីសម្ពោធ ទីលានផ្នូរយុទ្ធជនខេត្តកោះកុង បន្ទាប់ពីចំណាយពេលសាងសង់ជាង០១ឆ្នាំ ពោលគឺយើងបានរៀបចំពិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជួសជុលទីលានផ្នូរយុទ្ធជន នេះកាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២១។ កន្លងមកទីកន្លែងនេះ មានព្រៃនិងស្មៅដុះជុំជិត និងត្រូវបានគេហៅថា"កន្លែងសពយុទ្ធជន” ដែលបានបញ្ចុះសព និងអដ្ឋិធាតុយុទ្ធជនចំនួន ៤៤៧សព ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងភ្លើងសង្គ្រាមក្នុងរបបខ្មែរក្រហម ប៉ុន្តែក្រោមការផ្ដួចផ្ដើមរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកោះកុង ទីធ្លានេះត្រូវបានសាងសង់ ដោយក្រុមការងារគណៈកម្មការសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជន ដឹកនាំដោយ ឯកឧត្ដមនាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកោះកុង សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ បានសាងសង់ទីលានផ្នូរយុទ្ធជននេះរួចរាល់ជាស្ថាបពរ ដោយបានចំណាយទឹកប្រាក់ចំនួន ១៧៣,៣២៧,០០០រៀល(មួយរយចិតសិបបីលាន បីរយម្ភៃប្រាំពីរពាន់រៀលគត់) ប្រាក់ដុល្លារចំនួន ៧២៧,២៥៣ដុល្លារ(ប្រាំពីររយម្ភៃប្រាំពីរពាន់ពីររយហាសិបបីដុល្លារអាមេរិក) និងប្រាក់បាត ចំនួន ១០,០០០បាត(ដប់ពាន់បាតគត់)។
បច្ចុប្បន្ន ទីធ្លានេះ នឹងក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដែលមានទេសភាពស្រស់បំព្រង មានអនាម័យល្អ និងជាទីកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកំសាន្ត និងហាត់ប្រាណផងដែរ ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុងទាំងអស់ ព្រមទាំងរូបនាងខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចពិជ័យសេនា ដែលបានផ្តួចផ្តើមកសាងទីធ្លានេះឡើងក្នុងស្មារតី កត្តញ្ញុ សុខដុម ការចូលរួម និងការចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើ ពលីកម្មប្រកបដោយវីរៈភាព អង់អាចក្លាហានក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជាឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងភូមិសាសន៍ខេត្តកោះកុង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះក្រុមការងារគណៈកម្មការសាងសង់ជួសជុល ទីលានផ្នូរយុទ្ធជន ព្រមទាំងសប្បុរសជនគ្រប់រូបដែលបានខិតខំចូលរួមចំណែកក្នុងការកសាង និងឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ និងថវិកា ដើម្បីកសាងទីលានផ្នូរយុទ្ធជននេះបានសម្រេចប្រកបដោយ ជោគជ័យ ហើយនេះជាសមិទ្ធផលដ៏មានតម្លៃថ្លៃថ្លា និងជាកត្តិយសមុខមាត់ខេត្តកោះកុងបន្ថែមទៀត ដែលថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋទាំងអស់មានការអបអរសាទរនូវសមិទ្ធផលនេះយ៉ាងខ្លាំងក្លាជាទីបំផុត ៕
ថ្ងៃអង្គារ ១១ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ January 17, 2023

អត្ថបទទាក់ទង