រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តប្រចាំឆ្នាំ២០២៣

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តប្រចាំឆ្នាំ២០២៣

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះ គណៈកម្មាធិការ ស.ស.យ.ក ខេត្តកោះកុង និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំឱ្យមាន ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាល់នេះឡើង ហើយនាងខ្ញុំសង្ឃឹមថាគណៈកម្មការកីឡាបាល់ទាត់ និង មន្ទីរអប់រំ យុវជន និងកីឡា នឹងបន្តខិតខំរៀបចំឱ្យមានការប្រកួតនេះជារៀងរាល់ឆ្នាំ។ ឆ្លៀតក្នុងឱកាសនេះដែរ ក៏សូមកោតសរសើរដល់ស្មារតីរបស់កីឡាករទាំងអស់ដែលបានប្រកាន់ខ្ជាប់ នូវវិន័យថ្លៃថ្នូរទាំងពេលប្រកួត និងពេលឈប់សម្រាកស័ក្តិសមជាកីឡាករគំរូក្នុងខេត្ត និងទទួលបាននូវ សុខភាព សាមគ្គីភាព មិត្តភាព និងអនុស្សាវរីយ៍ដ៏ល្អៗជាច្រើន ដូចពាក្យស្លោកមួយបានលើកឡើងថា “កីឡានាំមកនូវសុខភាពល្អ ប្រាជ្ញាស្មារតីភ្លឺថ្លា និងនាំមកនូវមិត្តភាព សាមគ្គីភាព” ។ តាមរយៈរបាយការណ៍លទ្ធផលនៃការប្រកួតរបស់ លោក ឈៀង សុវណ្ណដា ប្រធានគណៈកម្មការ រៀបចំការប្រកួតអម្បាញ់មិញនេះ នាងខ្ញុំសូមកោតសរសើរ និងចូលរួមអបអរសាទរចំពោះក្រុមកីឡាករ ដែលបានចូលរួមក្នុងការប្រកួតតាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃបិទបញ្ចប់ ហើយថែមទាំងបានដណ្ដើមជ័យជំនះ ជូនក្រុម ឬអង្គភាព ឬក្រុង ស្រុក របស់ខ្លួន និងសូមលើកទឹកចិត្តចំពោះក្រុមដែលមិនបានទទួលជ័យជំនះ ក្នុងឆ្នាំនេះ ត្រូវធ្វើការហ្វឹកហាត់បន្ថែមទៀតដើមត្រៀមចូលរួមប្រកួតដណ្ដើមពាននៅឆ្នាំបន្តបន្ទាប់ទៀត។ ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ប្រចាំឆ្នាំ២០២៣នេះ មិនត្រឹមតែជា ព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់កីឡាករបាល់ទាត់ខេត្តកោះកុងយើងប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាង សមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករក្នុងក្រុមនីមួយៗ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួត មិត្តភាពផ្សេងៗ ឬចូលរួមប្រកួតកម្រិតថ្នាក់ជាតិផងដែរ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូល ទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ វិស័យកីឡាក៏ជាវិស័យ មួយដែលរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់លើកកម្ពស់ផងដែរ និងបានចាត់ទុកវិស័យកីឡាដើរ តួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព ព្រមទាំងបានរួម ចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបានសុខដុមនីយកម្មក្នុងសង្គមជាតិ។ លើសពីនេះ ទៅទៀត ព្រឹត្តិការណ៍នៃការប្រកួតកីឡាបានផ្តល់ឱកាសល្អសម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធ ដែលជាមរតកវប្បធម៌ជាតិ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតី មហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅ លើឆាកអន្តរជាតិ។ ជាមួយគ្នានេះដែរ ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់ប្រព័ន្ធ ផ្សព្វផ្សាយទាំងអស់បំផុសការផ្សព្វផ្សាយពី ដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នាខែឧសភាខាងមុខ និងយុទ្ធនាការជាតិរាប់ថយក្រោយ ១០០ថ្ងៃសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ ដោយគិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ (ពោលគឺចាប់ពីថ្ងៃស្អែកនេះ) ដើម្បីបំផុសស្មារតី គាំទ្រវិស័យកីឡាជាតិក្រោមពាក្យស្លោក"កីឡារស់ក្នុងសន្តិភាព" ។ ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់ក្នុងខេត្តកោះកុង ឱ្យកាន់តែរីកចំរើនបន្ថែមទៀត នាងខ្ញុំស្នើដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានគណៈកម្មការក្លិបកីឡាបាល់ទាត់ គណៈកម្មាធិការ ស.ស.យ.កខេត្តកោះកុង អាជ្ញាធរក្រុង ស្រុក ត្រូវយកចិត្តទុកដូចខាងក្រោម៖
ទី១. ប្រធានក្លឹប ឬប្រធានក្រុមនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់លើការហ្វឹកហាត់ ថែបំប៉ន កីឡាករ និងសូមលើកទឹកចិត្តដល់កីឡាករទាំងអស់ គោរពតាមបទបញ្ជានៃការប្រកួតកីឡាជាប្រចាំដើម្បី លើកកម្ពស់យុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួត ពីព្រោះថាកីឡាមានបទបញ្ជ ត្រឹមត្រូវ។

ទី២. មន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធជាពិសេសក្រុមកីឡាករ នីមួយៗ ត្រូវរៀបចំឲ្យមានការប្រកួតឲ្យបានញឹកញាប់ ដើម្បីពង្រឹងសមត្ថភាពកីឡាករ ត្រង់ចំណុចនេះ នាងខ្ញុំគិតថាមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលមានការិយាល័យកីឡាជាសេនាធិការ គួរជំរុញដល់ គ្រប់សាលារៀនឱ្យបង្កើតក្រុមកីឡាបាល់ទាត់ប្រចាំសាលារបស់ខ្លួន ហើយរៀបចំឱ្យមានការប្រកួតរវាង សាលានឹងសាលា បន្ទាប់មកអាចឈានទៅដល់ការប្រកួតកម្រិតថ្នាក់ក្រុង ស្រុក និងកម្រិតខេត្ត ដូចដែល យើងបានរៀបចំនៅពេលនេះ និងដើម្បីត្រៀមខ្លួនចូលរួមក្នុងការប្រកួតកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ផងដែរ។
ទី៣. ត្រូវធ្វើការកៀគរសប្បុរសជននានាដើម្បីជួយគាំទ្រដល់ក្រុមកីឡាកររបស់យើង
ទី៤. គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវតែបង្កើតឲ្យមានទីលានសម្រាប់លេងកីឡា និងក្លិបកីឡាប្រចាំគ្រឹះស្ថានសិក្សារបស់ខ្លួនដើម្បីចូលរួមលើកកម្ពស់ការងារអប់រំកាយ និងកីឡា។
ទី៥. បំផុសសកម្មភាពអប់រំកាយ និងកីឡាដល់សិស្សានុសិស្ស ឲ្យចូលរួមហាត់ប្រាណ និងលេង កីឡាឲ្យបានផុលផុសដើម្បីថែរក្សា និងបំប៉នសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ឱ្យប្រកបដោយសីលធ៌ម និងដើម្បីឱ្យសិស្សានុសិស្សរបស់យើងទាំងអស់ ចៀសឆ្ងាញពីកាំរប្រព្រឹត្តនូវសកម្មភាពអសីលធម៌ អំពើ អបាយមុខផ្សេងៗ ជាពិសេសគឺការសេពគ្រឿងញៀនតែម្តង។
ទី៦.សូមអំពាវនាវឱ្យមន្ដ្រីរាជការ និងកីឡាកររបស់យើងទាំងអស់ ធ្វើការផ្សព្វផ្សាយចែករំលែក ព៌ត៌មានឱ្យបានទូលំទូលាយតាមរយៈបណ្ដាញសង្គម អំពី ដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នា ខែឧសភាខាងមុខ និងយុទ្ធនាការជាតិរាប់ថយក្រោយ ១០០ថ្ងៃសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕
ថ្ងៃអង្គារ ៣ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ January 24, 2023

អត្ថបទទាក់ទង