រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីកិច្ចប្រជុំ ស្តីពីការពិនិត្យនិងផ្តល់យោបល់ លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣ – ២០២៥)ខេត្តកោះកុង របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីកិច្ចប្រជុំ ស្តីពីការពិនិត្យនិងផ្តល់យោបល់ លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣ - ២០២៥)ខេត្តកោះកុង របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត

លោកជំទាវអភិបាលខេត្ត បានជម្រាបជូន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា អង្គប្រជុំទាំងមូល មេត្តាជ្រាបថា ដើម្បីធានាបាននូវនិរន្តភាពនៃការអភិវឌ្ឍន៍ខេត្ត ផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ(២០២០-២០២៤) ដែលបានអនុម័ត និងផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ បានកំណត់ពីចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្រ្ត សូចនាករ និងចំណុចដៅសំខាន់ៗដែលត្រូវសម្រេចឱ្យបានក្នុង រយៈពេល ៥ឆ្នាំ នៃអាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត ហើយធានាឱ្យមានសង្គតិភាពជាមួយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) និងគោលនយោបាយរបស់វិស័យជំនាញ។ ហេតុដូចនេះក្រុមការងារកសាងផែនការខេត្ត បានរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តចំនួន៣លើក រួចមកហើយ និងបន្តធ្វើបច្ចុប្បន្នភាព កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៣-២០២៥)លើកទី៤នៃការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរបស់ខេត្ត។ សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០២៣-២០២៥) ជាសមិទ្ធិផលដ៏សំខាន់នៃការខិតខំប្រឹងប្រែងរបស់ខេត្ត នឹងត្រូវបានអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគិតិយុត្តិនានា។ វិធីសាស្រ្តនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)។
ការរៀបចំកម្មវិធីវិនិយោគនេះ មានក្រុមការងារកសាងផែនការជាលេខាធិការ ដែលមាន នាងខ្ញុំ អភិបាលខេត្ត ជាប្រធាន ហើយមានអភិបាលរងខេត្ត ០១រូប ជាអនុប្រធាន មានសមាជិកមកពីមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងមានការចូលរួមពីអង្គការជាតិ អន្តរជាតិ វិស័យឯកជន បានដាក់បញ្ជូលនូវធាតុចូលរបស់ខ្លួនក្នុងកម្មវិធីវិនិយោគ និងមានការពិគ្រោះយោបល់តាមរយៈវេទិកាពិគ្រោះយោបល់។ ដោយផ្អែកលើមូលដ្ឋានការដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្រ្តស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩»ជាមួយនឹងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំ និងការវិលត្រឡប់ទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍប្រកបដោយចិរភាពឡើងវិញ កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) ខេត្តត្រូវបានរៀបចំឡើងតាមលំដាប់លំដោយ នៃមាតិកាតាមសេចក្តីណែនាំបច្ចេកទេសនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រាជធានី ខេត្ត ដែលបានលើកឡើងខ្លឹមសារសំខាន់ៗ រំលេចឡើងក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាផែនទីចង្អុលប្រាប់ផ្លូវ ដើម្បីប្រើប្រាស់ជាមូលដ្ឋានដ៏សំខាន់ ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត អំពីការអភិវឌ្ឍន៍ខេត្ដ ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម(បីឆ្នាំ) និងថវិកាប្រចាំឆ្នាំរបស់ខេត្ដ និងអ្នកពាក់ព័ន្ធជុំវិញខេត្ត ក្នុងន័យនេះមានន័យថា រដ្ឋបាលខេត្ដ និងអ្នកពាក់ព័ន្ធជុំវិញខេត្តអាចប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំប្រើប្រាស់ថវិកា ក៏ដូចជាស្នើសុំថវិកាទៅស្ថាប័ន ជំនាញ ដើម្បីបង្ហាញអំពីទំហំសូចនាករ ការកំណត់វាស់វែងធនធានថវិកា ក្នុងការវិភាជន៍ថវិកាទៅតាមទំហំសូចនាករនោះ។ ដូច្នេះក្នុងឱកាសដ៏ប្រពៃនេះ សូមឱ្យសមាជិក សមាជិកា នៃកិច្ចប្រជុំមេត្តារួមគ្នា ពិនិត្យ និងផ្តល់យោបល់ កំណត់នូវបញ្ហាប្រឈមនានា ដែលមានកន្លងមក ក្នុងការអនុវត្តតួនាទី ក៏ដូចជាបញ្ហាប្រឈមនៅមូលដ្ឋាន ផ្តល់ជាធាតុចូលបន្ថែមទៀត ជូនដល់ក្រុមការងារកសាងផែនការ ដើម្បីដាក់បញ្ជូលទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០២៣-២០២៥) ។ យើងខ្ញុំសង្ឃឹមថាលទ្ធផលនៃការពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ សម្រាប់ការអភិវឌ្ឍន៍ខេត្ត បីឆ្នាំរំកិលឆ្នាំនេះ និងជាប្រយោជន៍សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាអាទិភាព របស់ប្រជាជនទូទាំងខេត្ត និងចូលរួមគាំទ្រដល់កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ ដែលជាគម្រោងអាទិភាពគាំទ្រពីលទ្ធផលសិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក និងការគាំទ្រពី មន្ទីរវិស័យ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ដ បានប្រសើរឡើង។ ដើម្បីឲ្យដំណើរការពិនិត្យ និងផ្តល់យោបល់ របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២២-២០២៤) ទទួលបានលទ្ធផលល្អ ខ្ញុំស្នើសុំអង្គប្រជុំ មេត្តាយកចិត្តទុកដាក់ពិនិត្យ លើខ្លឹមសារសំខាន់ៗ រួមមាន៖
–ពិនិត្យ និងផ្តល់យោបល់ លើស្ថានភាពបច្ចុប្បន្ននិងបញ្ហាប្រឈមរបស់ខេត្ត
–ពិនិត្យ និងផ្តល់យោបល់លើតារាង២.១ សង្ខេបប្រភពមូលនិធិឆ្នាំ២០២២ គម្រោងសកម្មភាពមានថវិកាគាំទ្រ

–ពិនិត្យ និងផ្តល់យោបល់ លើតារាង ២.៥ កម្មវិធីប្រតិបត្តិការសេវាកម្ម
–ពិនិត្យរបាយការណ៍ស្តីពីលទ្ធផលនៃការតាមដានការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ២០២១៕
ថ្ងៃពុធ ៣ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ February 8, 2023

អត្ថបទទាក់ទង