រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញស្វាគមន៍ លោក ខឹម សំអាត អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមូលនិធិជាតិជំនួយសង្គម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំនិងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនរងគ្រោះ និងងាយរងគ្រោះក្នុងកំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញស្វាគមន៍ លោក ខឹម សំអាត អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមូលនិធិជាតិជំនួយសង្គម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំនិងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនរងគ្រោះ និងងាយរងគ្រោះក្នុងកំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា តាងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមស្វាគមន៍ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ លោក ខឹម សំអាត អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកអគ្គនាយកមូលនិធិជាតិជំនួយសង្គម ដែលបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារ អាយុក្រោម០២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការកំណត់អត្តសញ្ញាណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំង កូវីដ-១៩ ដល់ក្រុមជនងាយរងគ្រោះ នាពេលនេះ ។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លោក លោកស្រី នាងកញ្ញាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមនាពេលនេះ។ ថ្ងៃនេះយើងមកជួបជុំគ្នាដោយផ្ទាល់ ជាកិច្ចប្រជុំលើកដំបូង ដែលបានរៀបចំដោយមានកិច្ចសហការគ្នារវាង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត កោះកុង អនុគណៈកម្មាធិការជំនួយសង្គម និងមូលនិធិជាតិជំនួយសង្គម ក្រោមជំនួយ ឧបត្ថម្ភដោយអង្គការ យូនីសេហ្វ សហគមន៍អ៊ឺរ៉ុប អូស្រ្តាលីអេដ និងUSAID ជាកិច្ចប្រជុំបូកសរុបលទ្ធផល ការងារកម្មវិធីចំនួន ៥ កម្មវិធី ជាកម្មវិធីមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដែល លោក លោកស្រី ជាអ្នកគ្រប់គ្រងដឹកនាំ និងជាអ្នកអនុវត្តន៍ផ្ទាល់នៅស្រុក ក្រុង ឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្ត ឮកោះកុង ។ 
ឯកឧត្តម លោក លោកស្រី នាងកញ្ញា ទាំងអស់ជាទីគោរពរាប់អាន ! លោក លោកស្រី បានជ្រាបហើយថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយនូវភាពក្រីក្រ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដូចជាការសាង សង់សាលារៀន មន្ទីរពេទ្យ ផ្លូវ ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផេ្សងៗទៀត ពិសេសជួយដល់ក្រុមប្រជាជនរងគ្រោះនិង ងាយរងគ្រោះ និងគ្រួសារក្រីក្រ។ ជាក់ស្តែងគឺកម្មវិធីទាំងអស់នេះបានបង្ហាញស្រាប់ និងក៏មានកម្មវិធីផ្សេងៗទៀត ដែលជួយដល់ប្រជាជនដែលមានការលំបាក ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារ ឡើយ ។

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការយូនីសេហ្វ តែងតែគាំទ្រ និងធ្វើការបណ្តុះបណ្តាលធនធានមនុស្សជាបន្ត បន្ទាប់ ដើម្បីជួយដល់ក្រុមគោលដៅដែលជាជនរងគ្រោះ និងងាយរងគ្រោះនៅតាមមូលដ្ឋាននាពេលកន្លងមក។ ឯកឧត្តម អស់លោក លោកស្រី !
កិច្ចប្រជុំបូកសរុបលទ្ធផលការងារនាថ្ងៃនេះ គឺជាសមិទ្ធផលលទ្ធផលការងាររបស់ លោក លោកស្រី ជា មេឃុំ ចៅសង្កាត់ និងមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីនៅឃុំ សង្កាត់ទាំងអស់ ដែលលោក លោកស្រីបានខិតខំតស៊ូ អនុវត្តការងាររហូតមានថ្ងៃនេះ។ ក្នុងនាមរដ្ឋបាលខេត្ត នាងខ្ញុំសូមធ្វើការកោតសរសើរ និងថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង។ ជាពិសេស លោកប្រធានមន្ទីរសង្គមកិច្ចខេត្ត ឯកឧត្តមប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឯកឧត្តមប្រធានមន្ទីរផែនការខេត្ត ដែលបានសហការគ្នាបានយ៉ាងល្អក្នុងការងារនេះ និងប្រធានប្រតិបត្តិកម្មវិធី មន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីរបស់មន្ទីរសង្គមកិច្ចខេត្តដែលបានជួយសម្របសម្រួល និងបង្ហាត់បង្រៀនទាំងទ្រឹស្តី បទពិសោធន៍ និងចំណេះដឹងថ្មីៗ ជូនដល់មន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីនៅ ឃុំ សង្កាត់ ក្រុង ស្រុក និងមូលដា្ឋន មណ្ឌលសុខាភិបាលសាធារណៈទាំងអស់ សម្រាប់យកទៅអនុវត្តនៅតាមក្រុង ស្រុក ឃុំ សង្កាត់របស់ខ្លួនវិញ។
ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខេត្ត នាងខ្ញុំសូមគោរពថ្លែងអំណរគុណលោកអគ្គនាយករង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ 
បន្ថែមលើនេះផងដែរ នាងខ្ញុំសូមផ្តាំផ្ញើដល់លោក លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្រុង ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ និងមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីនៅឃុំ សង្កាត់ និងមូលដា្ឋនមណ្ឌលសុខាភិបាលសាធារណៈទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានទៅបម្រើប្រជាពលរដ្ឋ របស់យើងអោយមានប្រសិទ្ធភាពខ្ពស់។

ជាទីបញ្ចប់ នាងខ្ញុំសូមគោរពជូនពរ ឯកឧត្តម លោក លោកស្រីទាំងអស់ សូមទទួលបាននូវ ពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ !
ថ្ងៃសុក្រ ១២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ February 17, 2023

អត្ថបទទាក់ទង