រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំទីលានទុកដាក់សំរាម សំណល់រឹង សម្រាប់ក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង ព្រមទាំងការរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងខេមរភូមិន្ទ

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំទីលានទុកដាក់សំរាម សំណល់រឹង សម្រាប់ក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង ព្រមទាំងការរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងខេមរភូមិន្ទ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលក្រុងខេមរភូមិន្ទ ស្រុកកោះកុង ស្រុកមណ្ឌលសីមា ទីចាត់ការអន្តរវិស័យ និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងគោលបំណងពិភាក្សាអំពីការរៀបចំទីលានទុកដាក់សំរាម សំណល់រឹងស្តង់ដារួមគ្នាមួយសម្រាប់ក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង ព្រមទាំងការរៀបចំទីតាំងដីសម្រាប់សាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងក្រុងខេមរភូមិន្ទ។
ជាលទ្ធផលនៃកិច្ចប្រជុំ លោកអភិបាលរងខេត្ត បានសម្រេច ៖
១.មន្ទីរបរិស្ថាន ត្រូវស្រាវជ្រាវ និងរៀបចំចងក្រងឯកសារអំពីនីតិវិធី នៃការស្នើសូមគម្រោងសាងសង់ទីលានទុកដាក់សំរាម សំណល់រឹង ស្តង់ដាពីក្រសួងបរិស្ថាន ចំណែកមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវរៀបចំឯកសារ និងនីតិវិធីនៃការស្នើសូមគម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន
២. រដ្ឋបាលក្រុង ត្រូវរៀបចំឯកសារពាក់ព័ន្ធ ដើម្បីស្នើសូមចេញប័ណ្ណកម្មសិទ្ធ លើទីតាំងដីត្រៀមរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់របស់ក្រុង និងបោះបង្គោលឱ្យបានត្រឹមត្រូវ
៣. រដ្ឋបាលស្រុកមណ្ឌលសីមា ត្រូវរៀបចំឯកសារពាក់ព័ន្ធដើម្បីស្នើសូមចេញប័ណ្ណកម្មសិទ្ធ លើទីតាំងដីត្រៀមរៀបចំទីលានទុកដាក់សំរាម សំណល់រឹងរបស់ស្រុក ដែលនឹងប្រើប្រាស់រួមគ្នារវាងក្រុង ស្រុកទាំង៣  និងត្រូវបោះបង្គោលឱ្យបានត្រឹមត្រូវ
៤.រដ្ឋបាលស្រុកមណ្ឌលសីមា និងស្រុកកោះកុង ត្រូវរៀបចំត្រៀមទីតាំងដីបំរុងទុកសម្រាប់ការរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់
៥.រដ្ឋបាលខេត្ត នឹងរៀបចំបង្កើតក្រុមការងារ ចុះពិនិត្យមើលទីតាំងជាក់ស្តែង និងផ្តល់កិច្ចសហការ សម្របសម្រួល ជួយរដ្ឋបាលក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំការងារនេះឱ្យសម្រេចតាមការណែនាំរបស់លោកជំទាវអភិបាលខេត្ត។
ថ្ងៃសុក្រ ១២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ February 17, 2023

អត្ថបទទាក់ទង