រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកោះកុង

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកោះកុង

លោកអភិបាលរងខេត្ត បានលើកឡើងថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកំណត់ថាជា “មាសបៃតង" ដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតាមរយៈការចាក់បញ្ចូលភ្លាមៗនៃចំណូលក្នុងចរន្តសេដ្ឋកិច្ច និងរួមចំណែកជំរុញ កំណើនផលិតផលក្នុងស្រុកសរុប បង្កើតកាលានុវត្តភាពការងារ និងកាត់បន្ថយភាពក្រីក្រ "វិស័យទេសចរណ៍ ក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ច សង្គម ធនធានមនុស្ស លើកកម្ពស់ កិត្យានុភាពជាតិលើឆាកអន្តរជាតិ ពង្រីកកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោកផងដែរ។ ដោយឡែកខេត្តកោះកុងយើងជាខេត្តមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំជ្រោះជ្រង ជ្រលងដងអូរ ស្ទឹង ព្រែកជាច្រើន។ កត្តាទាំងអស់នេះ បានអំណោយផលទៅដល់ការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍បែបធម្មជាតិ ជាពិសេសខេត្តក៏មានឆ្នេរសមុទ្រវែងជាងគេក្នុងចំណោម ខេត្តតំបន់ឆ្នេរ ហើយត្រូវបានបញ្ចូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោក ដែលត្រូវបានប្រសិទ្ឋិ នាមថា តារារះនាទិសនិរតី ជាមួយគ្នានេះដែរខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលដាក់ជាគោលដៅខេត្តអេកូទេសចរណ៍តំបន់ឆ្នេរផងដែរ ។ រយៈពេល ២ឆ្នាំកន្លងមកនេះ វិស័យទេសចរណ៍របស់ពិភពលោក ក៏ដូចជាទេសចរណ៍កម្ពុជា បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឹងម៉ាត់ និងម៉ត់ចត់ ដ៏មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសសគោលនយោបាយវ៉ាក់សាំង ជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រទេសរបស់យើងអាចបើកដំណើរការឡើងវិញគ្រប់វិស័យ ក្នុងនោះស្ថានភាព ទេសចរណ៍បានងើបឡើងគួរឱ្យកត់សំគាល់។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ក្រសួងទេសចរណ៍ អង្គភាព សម្របសម្រួលគម្រោង និងមន្ទីរទេសចរណ៍ខេត្តកោះកុង ដែលបានរៀបចំនូវកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដើម្បីបង្ហាញនូវសមិទ្ឋផលទេសចរណ៍នានាដែលគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសម្រេចបានក្នុងឆ្នាំ២០២២ និងទិសដៅសម្រាប់ឆ្នាំ២០២៣ ក្នុងគោលបំណងធានាឱ្យបាននូវការអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ឋភាព ច្បាស់លាស់ ត្រឹមត្រូវ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរ ភាព និងភាពទាក់ទាញសំដៅស្ដារ និងពង្រឹងសេដ្ឋកិច្ចជាពិសេសលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តាមរយៈវិស័យទេសចរណ៍។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សមាជិកគណៈកម្មាធិការអភិវឌ្ឍទោសចរណ៍ខេត្តទាំងអស់ និងខិតខំ ចូលរួមសហការគ្នា ប្រកបស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាកែសម្រួល និងផ្តល់ជាធាតុចូលសំខាន់ៗក្នុងទិសដៅសកម្មភាពសម្រាប់ឆ្នាំ២០២៣ ដែលបានគ្រោងនឹងដាក់ចេញសម្រាប់អនុវត្តសកម្មភាពបន្តនាពេលខាងមុខប្រកបដោយប្រសិទ្ធភាព គុណភាព និងបរិយាបន្ន។ ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណ សមាជិកគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ខេត្តទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីនាថ្ងៃនេះ និងសូមគោរពជូនពរលោក លោកស្រីទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើកកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ប្រចាំឆ្នាំ២០២២ និងទិសដៅឆ្នាំ ២០២៣ ចាប់ពីពេលនេះតទៅ៕
ថ្ងៃចន្ទ ១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ February 20, 2023

អត្ថបទទាក់ទង