រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មខេត្ត បានអញ្ជើញស្វាគមន៍ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកការិយាល័យចុះឈ្មោះបេក្ខជន និងអ្នកបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកោះកុង សំរាប់អាណត្តិទី៣ លើកទី១

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មខេត្ត បានអញ្ជើញស្វាគមន៍ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកការិយាល័យចុះឈ្មោះបេក្ខជន និងអ្នកបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកោះកុង សំរាប់អាណត្តិទី៣ លើកទី១

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមបើកការិយាល័យចុះឈ្មោះ បេក្ខជន និងអ្នកបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត សម្រាប់អាណត្តិទី៣ លើកទី១ តាងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការិយាល័យចុះឈ្មោះបេក្ខជន និងអ្នកបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកោះកុង សំរាប់អាណត្តិទី៣ លើកទី១ នាពេលនេះ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនាពេលនេះ ខ្ញុំបាទសូមអនុញ្ញាតគោរពរាយការណ៍ដោយសង្ខេបអំពីទិដ្ឋភាពទូទៅ និងវឌ្ឍនភាពថ្មីៗរបស់ខេត្តកោះកុងដូចតទៅ ៖
ខេត្តកោះកុង ជាខេត្តស្ថិតនៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងកើតជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ខាងលិច និងខាងត្បូងជាប់នឹងឈូងសមុទ្រថៃ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ និងមានចម្ងាយប្រមាណ២៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ និងលេខ៤៨។ មានផ្ទៃដីសរុបចំនួន ១០.០៤៥,៥៨ គីឡូម៉ែត្រការ៉េ ដោយមានឆ្នេរប្រវែង២៣៧គីឡូម៉ែត្រ ចែកជា ១ក្រុង ៦ស្រុក ៣សង្កាត់ ២៦ឃុំ ស្មើនឹង១១៩ភូមិ។ គិតត្រឹមឆ្នាំ២០២២ ខេត្តកោះកុងមានប្រជាជនសរុប ១៤៣.៤៩២នាក់ ឬ ៣៣.០៣៤គ្រួសារ ក្នុងនេះមាន៥១%ជាមនុស្សស្រី។ ជាមួយគ្នានេះដែរប្រជាជនប្រមាណ៥៥,៥%ជាកសិកររស់នៅពឹងផ្អែកលើមុខរបរកសិកម្ម និងនេសាទ, ៤៤,២%ប្រកបរបរផ្នែកសេវាកម្ម និងមានតែ០,៣%ប៉ុន្នោះដែលប្រកបរបរផ្នែកសិប្បកម្ម។ ទោះជាប្រទេសជាតិ និងពិភពលោកកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩ ក៏ខេត្តកោះកុងអាចរក្សាបានកំណើនសេដ្ឋកិច្ច៣,៣% នៅឆ្នាំ២០២១ និងគិតជាទំហំប្រមាណ ១,១៥ ទ្រីលានរៀល ឬ២៨២,២លានដុល្លារអាមេរិក។ ចំពោះអត្រាភាពក្រីក្រនៅក្នុងខេត្តរយៈពេល ៨ឆ្នាំចុងក្រោយនេះមានការថយចុះជាលំដាប់ពី ២៣,៨%នៅឆ្នាំ២០១៤ មកនៅត្រឹម៧,៣%នៅឆ្នាំ២០២២។ អត្រាភាពក្រីក្រថយចុះនេះ បានបង្ហាញឱ្យឃើញពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចខេត្ត ការមានសុខសន្តិភាព មានកំណើនសេដ្ឋកិច្ច និងមានការចូលរួមពីវិស័យទាំងបីសំខាន់រួម វិស័យសាធារណៈ វិស័យឯកជន និងវិស័យសង្គម។
អង្គពិធីទាំងមូលជាទីគោរព ដោយយោងតាមអនុក្រឹត្យលេខ ២៥ អនក្រ.បក ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៤ ស្តីពីការបង្កើតសភាពាណិជ្ជកម្មខេត្តកោះកុង និងលិខិតលេខ ៣០៩៥ ព.ណ អវឯ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការរៀបចំបោះឆ្នោតសភាពាណិជ្ជកម្មក្នុងអាណត្តិបន្ត នេះជាលើកទី ៥ ហើយ ដែលក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកោះកុង ធ្វើការរួមគ្នារៀបចំការបោះឆ្នោតដើម្បីបន្តនិរន្តរភាពជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកោះកុង ដែលបានផុតអាណត្តិ។
សំរាប់ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកោះកុង អាណត្តិទី៣ លើកទី១ នេះ គឺជាការងារជ្រើសរើសបេក្ខជនចំនួន៨រូប ដើម្បីជំនួសបេក្ខជនផុតអាណត្តិ និងទទួលមរណភាព និងមកបង្គ្រប់សមាជិកជ្រើសតាំងចំនួន១៥រូបឡើងវិញ។ ដូច្នេះដើម្បីឱ្យការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងរបស់សភាពាណិជ្ជកម្មខេត្តកោះកុង ខាងមុខនេះអាចដំណើរការទៅដោយភាពជោគជ័យ គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកោះកុង សម្រេចបើកកិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកោះកុង ដូចដែលកំពុងប្រព្រឹត្តិទៅនាពេលនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះដែរ គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកោះកុង ក៏បានត្រៀមលក្ខណៈជាស្រេចជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ រួមទាំង រដ្ឋបាក្រុង-ស្រុក ទាំងអស់ក្នុងខេត្ត ដើម្បីធ្វើការជូនដំណឹងដោយផ្ទាល់ និងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ដែលចាប់អារម្មណ៍ឈរឈ្មោះជាបេក្ខជន ក៏ដូចជាការជូនដំណឹង អាជីវករ ពាណិជ្ជករ ក្នុងខេត្តកោះកុងអញ្ជើញមកចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកោះកុង អោយបានកុះករនៅមន្ទីរពាណិជ្ជកម្មខេត្តកោះកុង។
ជាទីបញ្ចប់ខ្ញុំសូមគោរពជូនពរ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អនុប្រធាន និងសមាជិកគណៈកម្មការ រៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកោះកុង សមាជិកសភាពាណិជ្ជកម្មខេត្ត ដែលមានវត្តមានក្នុងកិច្ចប្រជុំទាំងអស់ សូមមានសុខភាពល្អ កំលាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងសូមជួបនូវពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ។ សូមអរគុណ។
ថ្ងៃអង្គារ ២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ February 21, 2023

អត្ថបទទាក់ទង