រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដា្ឋន នៃគណៈកម្មាធិការគ្រប់គងគ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ខេត្តឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដា្ឋន នៃគណៈកម្មាធិការគ្រប់គងគ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ខេត្តឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលទទួលបាន សន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបាន សេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដោយឡែកនៅខេត្តកោះកុង ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ ខេត្តកោះកុងទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ និងមានការ អភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរដោយស្មោះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ ចំពោះ ឯកឧត្តមគតិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុ ប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងតែយកចិត្តទុកដាក់ជួយជ្រោមជ្រែង ពង្រឹងសមត្ថភាព ទាំងធនធានមនុស្ស និងសម្ភារបច្ចេកទេស សម្រាប់ត្រៀមរៀបចំ និងឆ្លើយតបគ្រោះ មហន្តរាយដែលអាចកើតមានឡើងជាយថាហេតុ។ ពិសេសតាមរយៈការដឹកនាំ ដ៏ឆ្លាតវៃរបស់ឯកឧត្តម តែង ទទួលបាននូវការគាំទ្រពីដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យការងារ គ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយនិងការលើកកម្ពស់កម្រិតជីវភាព និងសេចក្តីសុខ សុវត្ថិភាព របស់ ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោក លោកស្រី ឱ្យបានជ្រាបថា ខេត្តកោះកុង ជា ខេត្តមួយក្នុងចំណោមខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានទទួលរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិ ជាញឹកញាប់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការកសាងអភិវឌ្ឍន៍សង្គមជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងក្នុងឆ្នាំ២០២២ ខេត្តកោះកុង បានជួបប្រទះគ្រោះមហន្តរាយ ដូចខាងក្រោម ៖
I. គ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ
១.ខ្យល់កន្ត្រាក់ កើតឡើង ចំនួន២២លើក បណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន១៤០គ្រួសារ និង ខូចខាតហ្វីប្រូស៊ីម៉ង់ត៏ចំនួន២.២៦២សន្លឹក ព្រហ្វីប្រូស៊ីម៉ងត៏ចំនួន២២គូ ស័ង្កសីចំនួន៦៨១សន្លឹក ស័ង្កសីជ័រ ចំនួន៣០សន្លឹក លិចទូកចំនួន១គ្រឿង រំលំបង្គោលភ្លើងចំនួន៤ដើម និងបាត់បង់សម្ភារមួយចំនួន
២.ទឹកជំនន់ នៅថ្ងៃទី១២-១៣/០៧/២០២២ ខេត្តកោះកុង មានភ្លៀងធ្លាក់ខ្លាំង លាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យជន់លិចផ្ទះប្រជាពលរដ្ឋចំនួន៣៧ខ្នង លិចផ្លូវចំនួន៩កន្លែង ប្រវែង៦៥០ម៉ែត្រ ដាច់ ផ្លូវលំ១កន្លែង ប្រវែង១០ម៉ែត្រ លិចសន្ទូងប្រមាណ៥ហិកតា បាត់បង់សត្វមាន់ទាចំនួន២៤៨ក្បាល ខូចខាត ផលដំណាំ និងសម្ភារប្រើប្រាស់មួយចំនួន
II. គ្រោះមហន្តរាយបង្កឡើងដោយមនុស្ស
១.អគ្គិភ័យ កើតឡើងចំនួន៩លើក បណ្តាលឱ្យឆេះផ្ទះទាំងស្រុងចំនួន៩ខ្នង និងប៉ះពាល់ផ្ទះចំនួន ៧ខ្នង ខូចខាតបាត់បង់មាសប្រាក់ និងសម្ភារប្រើប្រាស់មួយចំនួន
២.លង់ទឹក កើតឡើងចំនួន៨លើក បណ្តាលឱ្យស្លាប់ចំនួន៨នាក់។
ឆ្លងកាត់ការជួបប្រទះទាំងនេះ ក្នុងនាមរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសហគមន៍ រួមទាំង សាខាកាកបាទក្រហមកម្ពុជា ខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត បានជួយអន្តរាគមន៍ក្នុងការ ឆ្លើយតប ដូចជាការរៀបចំផែនការឆ្លើយតបគ្រោះទឹកជំនន់ប្រចាំឆ្នាំ ការជួយសង្គ្រោះដល់ជនរងគ្រោះ ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដំណាំស្រូវ ដំណាំរួមផ្សំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលបានខូចខាត រួមជាមួយនឹងការផ្ដល់ស្បៀង សម្ភារប្រើប្រាស់ ទឹកស្អាតអនាម័យ និងការចុះសួរសុខទុក្ខលើកទឹកចិត្តដល់ ជនរងគ្រោះជាដើម។ល។
រួមជាមួយនឹងសកម្មភាពដូចខាងក្រោម : គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានត្រៀមលក្ខណៈជាប្រចាំ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតមានឡើង។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានផ្សព្វផ្សាយអំពីបញ្ហាអាកាសធាតុ ជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ជាបន្តបន្ទាប់។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក បានតាមដានរាល់ស្ថានភាពគ្រោះមហន្តរាយ ដែលបានកើតមានឡើង និងបានបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និង អង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) ជាប្រចាំ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចេញសេចក្តីណែនាំជូនដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត រួមនឹងសាធារណៈជន ឱ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះ គ្រោះថ្នាក់ធម្មជាតិដែលអាចកើតឡើងជាយថាហេតុ។ កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចេញរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍បាញ់ពន្លត់ នៅពេលមានគ្រោះអគ្គិភ័យកើតឡើង។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានចុះបំផុសអប់រំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់អគ្គិភ័យ និងខ្យល់កន្ត្រាក់ តាមរយៈវេទិកាផ្សព្វផ្សាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងមូលដ្ឋាន។ល។
ជាមួយគ្នានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង បានដាក់ចេញនូវផែនការ សំខាន់ៗដើម្បីអនុវត្តដូចខាងក្រោម៖ត្រៀមលក្ខណៈសហការជួយសង្គ្រោះ និងការឧបត្ថម្ភនានាដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយ គ្រោះមហន្តរាយ។ ធ្វើបច្ចុប្បន្នភាពសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ សម្រាប់ ឆ្នាំ២០២៣ ដោយសហការយ៉ាងជិតស្និតជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ។ សហការជាមួយអង្គការដៃគូពាក់ព័ន្ធ ក្នុងការគាំទ្រសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត។ ផ្សព្វផ្សាយអំពីបញ្ហាអាកាសធាតុ និងគ្រោះមហន្តរាយនានា ជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធប្រកាស ឱ្យដឹងមុន១២៩៤ (EWS1294) និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។ ពង្រឹងការប្រើប្រាស់ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM)។ រៀបចំកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធប្រចាំឆមាស និងប្រចាំឆ្នាំ។ រៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣តុលា កម្រិតថ្នាក់ខេត្ត។ រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេត តាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) និងប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ (EWS1294)។
ជាការពិតណាស់ការងារគ្រប់គ្រងគ្រោះមហន្តរាយ មិនអាចបុគ្គលណាម្នាក់ ឬស្ថាប័នណាមួយតែ ឯកឯង អាចធ្វើការងារនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពបាននោះទេ ប្រសិនបើគ្មានការចូលរួម ពីភាគីពាក់ព័ន្ធ។ ដូចនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងបន្តចូលរួមស្វែងរកយុទ្ធសាស្ត្រ និងដំណោះស្រាយរួម ប្រកបដោយប្រសិទ្ធភាព និងបង្កើននូវកិច្ចសហការគ្នាក្នុងការឆ្លើយតបទៅ នឹងបញ្ហាការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ៕
ថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ February 23, 2023

អត្ថបទទាក់ទង