រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាប្រជាពលរដ្ឋខមិន ចូលផេកសម្តេចក្រឡាហោម

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាប្រជាពលរដ្ឋខមិន ចូលផេកសម្តេចក្រឡាហោម

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីដោះស្រាយ ពាក់ព័ន្ធនឹងបញ្ហាក្នុងភូមិសាស្ត្រខេត្តកោះកុង ចំនួន ៥ករណី ដែលប្រជាពលរដ្ឋខមិន ចូលក្នុងផេកសម្តេក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមមាន
១-ករណីសំណើសូមបន្តគ្រប់គ្រង(វិនិយោគ) លើកំពង់ផែ ដោយមិនបាច់ដេញថ្លៃ មានទីតាំងស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ករណីនេះ ត្រូវបានមន្ទីរពាក់ព័ន្ធដោះស្រាយរួចរាល់ហើយ និងបច្ចុប្បន្ននេះ ទីតាំងកំពុងផែនេះកំពុងដំណើរការសាងសង់ ដែលមិនទាន់អាចវិនិយោគបានទេ។
២-ករណីសំណើសូមបន្តកិច្ចសន្យាសត្តឃាតដ្ឋាន ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ករណីនេះ ម្ចាស់សត្តឃាត ដែលធ្លាប់ទទួលបានការអនុញ្ញាតឱ្យធ្វើសត្តឃាតដ្ឋាន ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអស់សុពលភាពតាំងពីឆ្នាំ២០២០។ ដូច្នេះ ដើម្បីអាចបន្តកិច្ចសន្យា នៃការធ្វើសត្តឃាតដ្ឋាន លុះត្រាតែមានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចបន្តកិច្ចសន្យាជូនម្ចាស់សត្តឃាតដ្ឋានបាន។
៣-ករណីកសិដ្ឋានចិញ្ចឹមជ្រូក មានក្លិនស្អុយ ប៉ះពាល់សុខភាពប្រជាជនក្នុងភូមិ ស្ថិតនៅក្នុងភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង(ទល់មុខមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល)។ ករណីនេះ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ធ្លាប់បានចុះទៅអប់រំណែនាំម្ចាស់កសិកដ្ឋានរួចហើយ ហើយកសិដ្ឋានចិញ្ចឹមជ្រូកនេះ ក៏បានឈប់ចិញ្ចឹមជ្រូកតាំងពីឆ្នាំ២០២០។
៤-ករណីប្រជាពលរដ្ឋលើកឡើងថា រឿងវិវាទដីធ្លីជារឿងរដ្ឋប្បវេណី ហេតុអ្វីក្លាយទៅជារឿងព្រហ្មទណ្ឌទៅវិញ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ករណីនេះ ប្រជាពលរដ្ឋ ដែលជាអ្នកខមិនចូលក្នុងផេកសម្តេចក្រឡាហោម ជាអ្នករស់នៅលើដីគេដែលមានប័ណ្ណកម្មសិទ្ធិ និងដីចំណីផ្លូវ។ ម្ចាស់ដីបានឱ្យបុគ្គលនោះ ចាកចេញពីទីតាំងដីខ្លួន ដោយបានផ្តល់ប្រាក់ចំនួន ២៦០០០ដុល្លារអាមេរិក (ពីរម៉ឺនប្រាំមួយពាន់ដុល្លារអាមេរិក) ហើយបុគ្គលនោះក៏បានទទួលយក ប៉ុន្តែមិនបានចាកចេញពីទីតាំងដីគេទេ។
៥-ករណីពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែល ខមិនពាក់ព័ន្ធនឹង ករណីដីធ្លីដែលរាជរដ្ឋាភិបាល បានជួលរយៈពេលវែងឱ្យក្រុមហ៊ុនយូញៀនធ្វើការវិនិយោគអភិវឌ្ឍ។ ករណីនេះ អ្នកដែលបានខមិនចូលក្នុងផេកសម្តេច ជាប្រជាពលរដ្ឋក្រៅមូលដ្ឋាន (ខុសស្រុក)។ ការណ៍ដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគក្រុមហ៊ុនយូញៀន រាជរដ្ឋាភិបាលមានគោលការណ៍ដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋចំនួន ៣ប្រភេទ រួមមាន៖ ប្រភេទ១ ប្រជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគ, ប្រភេទ២ ប្រជាពលរដ្ឋខុសភូមិ ខុសឃុំ, និងប្រភេទ៣ ប្រជាពលរដ្ឋដែលស្នើសុំគោលនយោបាយបន្ថែម។ ដូច្នេះ ចំពោះអ្នកខុសស្រុក មិនអាចទទួលបានការដោះស្រាយគោលនយោបាយទេ៕
ថ្ងៃចន្ទ ៨ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល February 27, 2023

អត្ថបទទាក់ទង