សាខា កក្រក ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងតំណាងដោយ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរជាមួយ លោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខា ស្រែអំបិល ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ អាជ្ញាធរឃុំដងពែង បានអញ្ជើញចុះសួរសុខទុក្ខ និងរៀបចំពិធីប្រគល់ផ្ទះ ចំនួន ១ខ្នង ទំហំ ៤ម គុណ៨ម ធ្វើអំពីដែក ដំបូលប្រក់ស័ង្កសី ជញ្ជាំងសង្ក័សី និងបង្គន់អនាម័យ ចំនួន ១ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ជូនដល់គ្រួសារងាយរងគ្រោះឈ្មោះ យូ សុភ័ណ្ឌ ជាជនឥតទីពឹងនៅភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។
នាឱកាសនោះ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "។ ចំពោះសម្ភារគ្រឿងសាងសង់ផ្ទះ ដែលបានប្រគល់ជូននាពេលនេះ គឺជាថវិកាមូលនិធិសាខា ខេត្ត បានទទួលមកពីសប្បុរជនគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែកការងារមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូន។
លោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខា ស្រែអំបិល មានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ និងអនុវត្តការរស់នៅតាមប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាស្តីពីការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ដូស និងបានគ្រប់ៗគ្នា។
ក្រៅពីការប្រគល់ផ្ទះ សាខា ក៏បានផ្តល់ជូននូវសម្ភារមួយចំនួនរួមមាន៖ អង្ករ ២៥គ.ក មីម៉ាម៉ា១កេស ត្រី ខ ១ យួរ អាវយឺត២ ទឹកសុទ្ធ១កេស កន្ទេល ១ ឃីត ១ កញ្ចប់(មុង ភួយ សារុង ក្រមា) សម្ភារផ្ទះបាយ ១ឈុត ព្រមទាំងថវិកាចំនួន ៨ម៉ឺនរៀលផងដែរ។
ដោយឡែកអនុសាខា ក៏បានចូលរួមឧបត្ថម្ភសម្ភារ និងថវិកាមួយចំនួនផងដែរ។
































